Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រយ័ត្ន ! ល្បិចផ្តល់ប្រាក់កម្ចីតាមអនឡាញខុសច្បាប់

spot_img

ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា បានចេញផ្សាយព័ត៌មានថា ៖ កន្លងមក នាយកដ្ឋានព័ត៌មានវិទ្យា ធ្លាប់បានធ្វើការផ្សព្វផ្សាយ នូវអត្ថបទអប់រំ ស្តីអំពី “ហានិភ័យនៃកម្ចីអនឡាញខុសច្បាប់ (Loan Shark / Scam)” ដែលអត្ថបទនោះ បានអធិប្បាយអំពីល្បិចកល ដែលជនខិលខូចបានអនុវត្តក្នុងការឆបោក ឬដាក់អន្ទាក់ទៅលើជនរងគ្រោះ ព្រមទាំងបរិយាយអំពីហានិភ័យ ពាក់ព័ន្ធមួយចំនួនផងដែរ។

ថ្មីៗនេះ ដោយទទួលបានសេចក្តីរាយការណ៍ ជាបន្តបន្ទាប់ពីមហាជន ក្រុមការងារយើងខ្ញុំ សូមលើកយកនូវល្បិចកល និងបច្ចេកទេសថ្មី ដែលជនខិលខូចបានប្រើប្រាស់ ក្នុងការអូសទាញជនរងគ្រោះ ឲ្យយល់ព្រមខ្ចីប្រាក់អនឡាញ ជាសង្ខេបដូចខាងក្រោម៖

១- ជនខិលខូចបានបង្កើតទំព័រហ្វេសប៊ុកផេក ឬគេហទំព័រ ដោយដាក់ឈ្មោះក្រុមហ៊ុនកម្ចីប្រាក់អនឡាញ

២- ជនខិលខូចធ្វើការផ្សព្វផ្សាយ ទំព័រហ្វេសប៊ុកផេក ឬគេហទំព័រ (Ads) លើបណ្តាញទំនាក់ទំនងសង្គម ដើម្បីធ្វើការអូសទាញ ការចាប់អារម្មណ៍ពីជនរងគ្រោះ

៣- ជនរងគ្រោះអាចធ្វើការស្នើសុំកម្ចី ពីជនខិលខូច ជាមួយលក្ខខណ្ឌងាយៗ ដោយគ្រាន់តែផ្តល់ នូវរូបថតអត្តសញ្ញាណប័ណ្ណ លេខទូរស័ព្ទ រូបភាព ឬវីដេអូអាក្រាតកាយរបស់ជនរងគ្រោះ

៤- ជនខិលខូចនឹងប្រើប្រាស់ព័ត៌មាន អត្តសញ្ញាណប័ណ្ណ រូបភាព ឬវីដេអូអាក្រាតកាយ ដើម្បីគំរាមកំហែង ជនរងគ្រោះករណីពុំសងប្រាក់ ឬបង់ការប្រាក់ដ៏ច្រើនលើសលប់

៥- ករណីមួយចំនួន ជនខិលខូចបានធ្វើការប្រើប្រាស់រូបភាព ឬវីដេអូអាក្រាតកាយ ជនរងគ្រោះគំរាមទារប្រាក់ ឬជួញដូរផងដែរ។

ជាថ្មីម្តងទៀត ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នខ្ពស់ ពាក់ព័ន្ធនឹងប្រភេទបទល្មើសខាងលើ និងត្រូវប្រុងប្រយ័ត្ន ក្នុងការរក្សាការពារព័ត៌មានបុគ្គល តួរយ៉ាងដូចជា អត្តសញ្ញាណប័ណ្ណ ប័ណ្ណធនាគារ លេខទូរស័ព្ទ អាសយដ្ឋានស្នាក់នៅ រូបភាព ឬវីដេអូផ្ទាល់ខ្លួន ជៀសវាងការចែករំលែក ឬផ្ញើរឲ្យអ្នកណាម្នាក់ដោយមិនស្គាល់អត្តសញ្ញាណ ឬប្រភពច្បាស់លាស់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×