Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋស្រែកតវ៉ាថា ការកាយផ្ដាច់ផ្លូវ ក្នុងទីតាំងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ជាការរំលោភបំពាន ព្រោះតែមិនទាន់មានដំណោះស្រាយសំណង

កណ្ដាល ៖ អាជ្ញាធរខេត្តកណ្ដាល បានប្រើប្រាស់កម្លាំងមិនក្រោម ២០០នាក់ រួមមានកម្លាំងនគរបាល , កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងសន្តិសុខឯកជនរបស់ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ទៅកាយផ្ដាច់ផ្លូវទំនប់លេខ៥៤ ជាផ្លូវសំខាន់សម្រាប់យន្តហោះ ឡើងចុះ ហោះហើរ ឬ ហៅថា ផ្លូវ Runway ដើម្បីបញ្ចៀសទឹកជំនន់ កុំឲ្យលិចលង់នៅក្នុងតំបន់សំខាន់ៗនៃទីតាំងស្ថាបនាព្រលានយន្តហោះថ្មីនេះ, ប៉ុន្តែយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋរាប់រយគ្រួសារ ក៏បានធ្វើការតវ៉ាវិញផងដែរថា ទីតាំងកំពុងតែមានជម្លោះ មិនទាន់ដោះស្រាយគ្នានៅឡើយ ហេតុអ្វីក៏ក្រុមហ៊ុន និងអាជ្ញាធរខេត្តកណ្ដាល គិតតែធ្វើអ្វីៗ ដោយរំលោភបំពានទៅប្រជាពលរដ្ឋជាខ្លាំងយ៉ាងដូច្នេះ?!

បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ស្ថិតក្នុងភូមិកំពុងតាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលបានដឹងថា ទីតាំងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដោយក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ, និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ACIC ដឹកដោយលោក កុក សាយ, បានបង្កឲ្យប៉ះពាល់ដីស្រែចម្ការ និងដីលំនៅឋានប្រជាពលរដ្ឋជាង ៣០០គ្រួសារ ក្នុងនោះមានការដោះស្រាយសំណងដល់ប្រជាពលរដ្ឋខ្លះ និងភាគច្រើនទៀតមិនទាន់ដោះស្រាយ, ពេលនេះ ខណៈដែលមានការលិចលង់ អាជ្ញាធរខេត្តកណ្ដាល ដឹកនាំដោយ លោក គង់សោភ័ណ្ឌ អភិបាលខេត្ត បើកកិច្ចប្រជុំជាបន្ទាន់មួយ ជាមួយក្រុមហ៊ុនសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ ដើម្បីរិះរកវិធីសាស្រ្ត ដោះស្រាយការលិចលង់ទៅលើទីតាំងនៃការស្ថាបនាព្រលានយន្តហោះអន្តរជាតិថ្មីនេះ គឺកាយផ្ដាច់ផ្លូវទំនប់លេខ ៥៤ ដែលជាផ្លូវឡើងចុះ ហោះហើរសំខាន់របស់ព្រលានយន្តហោះមួយនេះ ហៅថា Runway , ប៉ុន្តែយ៉ាងណា វាក៏ជាផ្លូវដ៏សំខាន់របស់ប្រជាពលរដ្ឋ ចេញ-ចូល ទៅកាន់លំនៅឋានប្រជាពលរដ្ឋផងដែរ។ ហេតុអ្វីការអនុវត្តវិធីសាស្រ្តកាយផ្លូវទំនប់ផ្ដាច់ជំហានចេញចូលរបស់ប្រជាពលរដ្ឋបែបនេះ មិនព្រមដោះស្រាយសំណងដល់ប្រជាពលរដ្ឋឲ្យរួចរាល់ជាមុនសិន?! បែរជាធ្វើប្រើកម្លាំងអំណាច ទាំងកម្រោលបួនជ្រុងបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋដក់ជាប់នូវអារម្មណ៍ឈឺចាប់ និងក្តៅក្រហាយ។

ប្រជាពលរដ្ឋបាននិយាយឱ្យដឹងថា ការប្រើកម្លាំងបំពានមកលើការរស់នៅរបស់ប្រជាពលរដ្ឋ ដោយគិតតែពីផលប្រយោជន៍របស់ក្រុមហ៊ុន ក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ, និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ACIC ដឹកដោយលោក កុក សាយ បែបនេះ ហាក់ដូចជាអាជ្ញាធរខេត្តកណ្ដាល មិនទុកដាក់ប្រជាពលរដ្ឋក្នុងក្រសែភ្នែកនៃភាពយុត្តិធម៌សង្គមសោះឡើយ។ ប្រជាពលរដ្ឋបញ្ជាក់ថា អាជ្ញាធរខេត្តកណ្ដាល បានប្រើកម្លាំងចម្រុះ ដាក់ពង្រាយកម្លាំងជុំវិញតំបន់សាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនេះ មិនតិចជាង ២០០នាក់ នោះឡើយ គឺធ្វើតាំងពីវេលាម៉ោង ៤ និង៤០នាទី ព្រលឹមស្រាងៗ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១, គេដាក់ពង្រាយតាំងពីច្រកផ្លូវចូលតាមផ្លូវទំនប់លេខ៥៤ និងនៅតាមផ្លូវផ្សេងទៀត ស្ថិតក្នុងភូមិកំពង់តាឡុង ដើម្បីទប់ស្កាត់ក្រែងមានប្រជាពលរដ្ឋ តវ៉ា រើបង្រះ ដែលនេះជាការរំលោភបំពានរបស់ក្រុមហ៊ុនសាងសង់ព្រលាន និងអាជ្ញាធរខេត្តកណ្ដាលដោយឥតកេរ្តិ៍ខ្មាស ព្រោះតែមិនទាន់មានដំណោះស្រាយ ឱ្យបានសមស្របជាមួយប្រជាពលរដ្ឋនៅឡើយផង។

គួរបញ្ជាក់ថា បើតាម​លោក គ្រុយ ម៉ា​ឡែ​ន នាយក​រដ្ឋបាល​សាលា​ខេត្តកណ្តាល ​បាន​មានប្រសាសន៍​នៅ​ល្ងាច​ ថ្ងៃទី​០៦​ ខែកញ្ញា​ នៅក្រោយកិច្ចប្រជុំបន្តិច ថា ​នៅក្នុង​កិច្ចប្រជុំ​នោះ​ ខាង​ភាគី​ក្រុមហ៊ុនបុត្រសម្ព័ន្ធ ACIC សាងសង់ព្រលានយន្តហោះ បាន​ស្នើ​ឲ្យ​រដ្ឋបាល​ខេត្តកណ្តាល​ បិទទ្វារ​ទឹក​ត្រង់ចំណុច​លូ​មុខ​៤ និង​កាយ​ផ្តាច់​ផ្លូវ​ទំនប់​៥៥​ ស្ថិត​ទៅក្នុង​ភូមិ​កំពង់​តា​ឡុង ឃុំបឹងខ្តាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល​ ដើម្បី​រំដោះ​ទឹក​ចេញពី​គម្រោង​សាងសង់​ផ្លូវ​រត់​ហោះ​ហើរ ទី​១ ហៅថា Runway ដែលមាន​ទឹកជំនន់​ជន់​លិច​។

លោកនាយក​រដ្ឋបាល​សាលា​ខេត្តកណ្តាល​ បានបន្តទៀតថា ​ជា​មួយ​គ្នា​នេះ​ដែរ អភិបាលខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ បាន​ណែ​នាំឱ្យ​មន្ទីរជំនាញ​ត្រៀម​ម៉ាស៊ីនបូមទឹក​ ដើម្បី​ជួយ​បូមទឹក​ពេល​បង្ហូរទឹក​ចេញពី​ការដ្ឋាន​សសាងសង់ ឬចេញពីកន្លែងកាយផ្ដាច់ផ្លូវទំនប់លេខ ៥៤ ធ្វើ​យ៉ាងណា​កុំឱ្យ​ជន់លិច​ប៉ះពាល់​ដល់​ផលដំណាំ​របស់​បងប្អូន​ប្រ ជាពលរដ្ឋ, ហើយថា ក្នុងករណី​ភ្លៀង​នៅ​ចេះតែ​អូសបន្លាយ​បន្តទៀត​នោះ​ រដ្ឋបាលខេត្ត​ នឹង​បន្ត​រិះរក​មធ្យោបាយ​ផ្សេងទៀត​ដើម្បី​ធ្វើ​យ៉ាងណា​ រំដោះ​ទឹក​ពី​ការ​ដ្ឋា​នសាងសង់​ព្រលានយន្តហោះ​អន្តរជាតិថ្មី​នេះឲ្យ​បាន​ ព្រោះ​វា​ជា​គម្រោង​អាទិភាព​ធ្វើ​យ៉ាងណា​ឱ្យ​គម្រោង​សាងសង់នេះ ឱ្យទាន់​ពេលវេលាទៅតាម​កាលកំណត់​។

សូមរំលឹកថា កាលពី​ថ្ងៃទី​៣​ ខែកញ្ញា ​ឆ្នាំ​២០២១​ រដ្ឋបាលខេត្ត​កណ្ដាល បានចេញ​សេចក្តីណែនាំ​រួចហើយ​ ទាក់ទិន​នឹង​ការបិទទ្វារ​ទឹក​ត្រង់​ចំណុច​លូ​មុខ​៤​ និង​កាយ​ផ្តាច់​ផ្លូវ​ទំនប់​ លេខ៥៤ ដើម្បី​រំដោះ​ទឹក​ចេញពី​ការដ្ឋាន​កសាង​សង់​អាកា​ស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​។ នៅក្នុង​សេចក្តី​ជួន​ដំណឹង​នោះ​ រដ្ឋបាលខេត្ត​កណ្ដាល បាន​កាយ​ផ្តាច់​ទំនប់​៥៤ ចាប់ពី​ចន្លោះ​ប្រឡាយ​៩០ ដល់​ប្រឡាយ​៩២ ​និងស្នើ​ប្រជាពលរដ្ឋ ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​វាង​ស្របតាម​មាត់​ស្ទឹង​ទន្លេបាទី ដែល​បានរៀបចំរួចហើយ​។​

បើ​តាម​សេចក្ដីជូនដំណឹង​ រដ្ឋបាល​ខេត្ត​កណ្ដាល បាន​ណែនាំ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្រុមការងារ​សាងសង់​អាកាស យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី និង​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ក្នុង​តំបន់​នោះ ត្រូវ​ចូលរួម​សហការ​អនុវត្ត​មានប្រសិទ្ធភាព​ខ្ពស់​។ ក្នុងករណី​មាន​ជន​ណា​រារាំង​ការអនុវត្ត​ខាងលើនេះ រដ្ឋបាលខេត្ត នឹង​ចាត់វិធានការ​តាមផ្លូវច្បាប់​ជា​ធរមាន​។

ទាក់ទិនទៅនឹងខ្លឹមសារនៃសេចក្តីជូនដំណឹង របស់អាជ្ញាធរកណ្តាល, ព្រមទាំងការអនុវត្តជាក់ស្ដែង ដាក់ពង្រាយកម្លាំងការពារ ឲ្យក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនេះ ប្រើគ្រឿងចក្រគាស់កាយផ្ដាច់ផ្លូវទំនប់លេខ ៥៤ និងផ្លូវផ្សេងៗទៀតនោះ ធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅ ក្នុងភូមិកំពង់តាឡុង ឃុំបឹងខ្យាង ឬប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ពីការសាងសង់ព្រលានយន្តហោះនេះ កើតការឈឺចាប់ និងក្តៅក្រហាយ ព្រោះតែខាងក្រុមហ៊ុន និងអាជ្ញាធរខេត្តកណ្ដាល មិនទាន់បានដោះស្រាយ សំណងដល់ពួកគាត់ឲ្យរួចរាល់ជាមុនសិននោះទេ។

ប្រជាពលរដ្ឋបញ្ជាក់ថា បើក្រុមហ៊ុនសាងសង់ព្រលានយន្តហោះថ្មីនេះ និងអាជ្ញាធរកណ្តាល ចង់ធ្វើអ្វីៗនៅលើដីរបស់ប្រជាពលរដ្ឋ គួរណាស់តែធ្វើការដោះស្រាយ ផ្ដល់សំណងដល់ប្រជាពលរដ្ឋជាមុនសិន ទើបចង់ធ្វើអ្វីនៅលើទីតាំងនេះ ក៏ធ្វើចុះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×