ភ្នំពេញ ÷ បុរសម្នាក់ដេកស្លា.ប់លើរ៉ីម៉កកង់បី បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅមុខធនាគារ ប្រៃសណីយកម្ពុជា នៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សពបុរសខាងលើនេះ មានឈ្មោះ ឈិន ឡាយ អាយុ៣៥ឆ្នាំ មុខរបរ រត់រ៉ីម៉កកង់បី ពេលថ្ងៃនិងពេលយប់ ធ្វើសន្តិយាមនៅគោលដៅធនាគារប្រៃសណីយកម្ពុជា មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា បុរសខាងលើនេះ ទើបតែមកសុំធ្វើជាសន្តិយាមនៅទីនេះ បានរយ:ពេល២យប់ប៉ុណ្ណោះ លុះនៅព្រឹកកើតហេតុសន្តិសុខរួមការងារ ជាមួយគ្នាមកប្តូរវេនយាម ក៏បានដាស់បុរសខាងលើ ដែលកំពុងដេកលង់លក់នៅលើរ៉ីម៉កកង់បីជាច្រើនដង នៅតែមិនងើប លុះយកដៃស្ទាបដង្ហើមទើបដឹងថា រូបគាត់បានបាត់បង់ជីវិតទៅហើយ ទើបរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលសង្កាត់ឬស្សីកែវ ចុះទៅហ៊ុំព័ទ្ធជុំវិញកន្លែងកើតហេតុ និងរាយការណ៍បន្តទៅខាងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ និងការិយាល័យបច្ចេកទេស កោសល្យវិច័យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមនិក្រុមគ្រូពេទ្យចុះទៅពិនិត្យ និងតេស្តសំណាករកមេរោគកូវីដ ១៩ ជាលទ្ធផលអវិជ្ជមាន ។
ដោយឡែកខាងនគរបាលជំនាញ បានបញ្ជាក់ឲ្យដឹងថា សពបុរសខាងលើនេះ ស្លា.ប់ដោយសារ ប្រតិកម្មថ្នាំពេទ្យ សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម






