Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងព័ត៌មាន ឆ្លើយតបទៅនឹងការចោទប្រកាន់ របស់សមាគមសារព័ត៌មាន លើអាជ្ញាធរមានសមត្ថកិច្ច

ភ្នំពេញ ៖ លោកមាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ប្រាប់ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា នេះថា មួយរយៈមកនេះ លោកសង្កេតឃើញថា មានសមាគមសារព័ត៌មានបានចេញនូវ សេចក្តីថ្លែងការណ៍ មួយចំនួនដោយចោទប្រកាន់មកលើអាជ្ញាធរ មានសមត្ថកិច្ចថា បានរារាំងគំរាមកំហែង រំលោភសិទ្ធិសេរីភាព អ្នកសារព័ត៌មាន ពេលចុះទៅយកព័ត៌មាន គឺមានចេតនាបំភាន់មតិសាធារណៈ និងចោទប្រកាន់ដោយមិនមានមូលដ្ឋានច្បាស់លាស់ មកលើអាជ្ញាធរមានសមត្ថកិច្ច ដែលអនុវត្តតួនាទីភារកិច្ចតាមច្បាប់។

ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យក្រសួងព័ត៌មានសូមបញ្ជាក់លើ៥ ចំណុច ដូចខាងក្រោម៖
១. សេចក្តីថ្លែងការណ៍ទាំងនោះ មានចេតនាបំភាន់មតិសាធារណៈ ដោយបានចោទប្រកាន់ ដោយមិនមានមូលដ្ឋានច្បាស់លាស់ និងជាក់លាក់មកលើអាជ្ញាធរមានសមត្ថកិច្ច ដែលអនុវត្តតួនាទីភារកិច្ចតាមច្បាប់ ថាជាការ រារាំង គំរាមកំហែង រំលោភសិទ្ធិ អ្នក សារព័ត៌មាន ក្នុងការចុះទៅយកព័ត៌មាន។

២. នៅពេលអាជ្ញាធរមានសមត្ថកិច្ច កំពុងចុះបំពេញបេសកកម្ម ឬចុះប្រតិបត្តិការនៅទីតាំងឬទីកន្លែងណាមួយ សមត្ថកិច្ចមានសិទ្ធិមិនអនុញ្ញាត ឲ្យអ្នកដែលគ្មានសមត្ថកិច្ចពាក់ព័ន្ធ រួមទាំងអ្នកសារ ព័ត៌មាន ចូលទៅទីតាំងឬទីកន្លែង ដែលសមត្ថកិច្ចកំពុងចុះបេសកកម្មឬប្រតិបត្តិការនោះ ព្រោះវាអាចប៉ះពាល់ ឬបង្កការរំខាន ជាឧបសគ្គ រារាំង ឬអាចបង្កគ្រោះថ្នាក់ដល់អាជ្ញាធរ មាន សមត្ថកិច្ច ដែលកំពុងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ក្នុងបេសកកម្មឬប្រតិបត្តិការនោះ។

៣. អ្នកសារព័ត៌មាន មានសិទ្ធក្នុងការទទួលបាននូវព័ត៌មានពីគ្រប់ប្រភព ដែលពាក់ព័ន្ធ ទៅនឹងហេតុការណ៍ ឬ ព្រឹត្តិការណ៍ ឬ ប្រតិបត្តិការ អ្វីមួយ ហេីយត្រូវធ្វេីការផ្សព្វផ្សាយនូវព័ត៌មានពិតប្រាកដ និងគ្រប់ជ្រុងជ្រោយទៅតាមប្រភពដែលខ្លួនទទួលបាន ប៉ុន្តែប្រសិនបេីអ្នកសារព័ត៌មាន មិនបានស្វែងរកប្រភពពីគ្រប់ភាគី ពាក់ព័ន្ធ នឹងហេតុការណ៍ ឬព្រឹត្តិការណ៍ ឬ ប្រតិបត្តិការណាមួយនោះទេ នោះអ្នកសារ ព័ត៌មានទៅវិញទេ ដែលរំលោភសិទ្ធិអ្នកដទៃនោះ។

៤. បុគ្គលណា ឬភាគីណា ដែលយល់ថា ខ្លួនត្រូវបានបុគ្គលណា ឬ ភាគីណា រំលោភ បំពាន សិទ្ធិសេរីភាព ឬគំរាមកំហែងខ្លួន មានសិទ្ធិដាក់ពាក្យ បណ្តឹងទៅតុលាការតាមនីតិវីធីច្បាប់ ដេីម្បីស្វែងរកឬទាមទារនូវភាព ត្រឹមត្រូវ ឬយុត្តិធ៌មសម្រាប់ខ្លួនបាន ពុំមែនស្វែងរកភាពត្រឹមត្រូវ ឬយុត្តិធម៌តាមខ្យល់ ឬតាមចញ្ចេីមថ្នល់ឡេីយ។

៥. រាល់ការចេញនូវសេចក្តីថ្លែងការណ៍ ថ្កោលទោសឬចោទប្រកាន់ ទៅលេីបុគ្គលណា ឬភាគីណាមួយ គួរគប្បីពិនិត្យ និងស្រាវជ្រាវ ឲ្យបានច្បាស់លាស់ និងជាក់លាក់បំផុត ជៀសវាងនៅពេលដែលបុគ្គល ឬ ភាគីដែលទទួលរការចោទប្រកាន់នោះ ប្រេីប្រាស់សិទ្ធិស្របច្បាប់ ដេីម្បីការពារភាពត្រឹមត្រូវ ឬការពារភាពយុត្តិធម៌ របស់គេ បែរទៅជាចោទប្រកាន់គេថា ប្រេីប្រាស់ផ្លូវច្បាប់ ដេីម្បីបំភិតបំភៃ គំរាមកំហែង ឬធ្វើទុក្ខបុកម្និញខ្លួនទៅវិញ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×