ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ២០២១ នេះ តុលាការឧទ្ធរណ៍ភ្នំពេញ បានបើកសវនាការប្រកាសសាលដីការ លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទជនម្នាក់ ដែលត្រូវបានតុលាការខេត្ត តាកែវ កាត់ទោសដាក់ពន្ធនាគារ កំណត់ ០៦ ឆ្នាំ ជាប់ពាក់ព័ន្ធករណី រក្សាទុកនិង ជួញដូរគ្រឿងញៀន ជាង ៥០ ក្រាម ប្រព្រឹត្ត នៅក្នុងខេត្តតាកែវ កាលពីអំឡុងឆ្នាំ ២០២០ ។
សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្តល់សាលក្រមរបស់ តុលាការដំបូងខេត្តតាកែវ រក្សាទុកជាបានការដដែល តែបានបើកផ្នូវឲ្យជនជាប់ចោទ ប្តឹងសារទុក្ខ ទៅកាន់តុលាការកំពូល តាមនីតិវិធីច្បាប់។
លោកស្រី គឹម ដានី ជាប្រធានចៅក្រមជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទមាន ឈ្មោះ វ៉ុន ដា ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ អ្នកនេសាទ។
ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០២០ កាត់ទោសដាក់ពន្ធនាគារ កំណត់ ០៦ ឆ្នាំ ពីបទ “រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន” តាមបញ្ញតិ្ត មាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

តែគាត់ប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការខេត្តតាកែវ មកតុលាការឧទ្ធរណ៍ភ្នំពេញ ។
ជនជាប់ចោទ វ៉ុន ដា ត្រូវបាន សមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២០ នៅភូមិព្រៃត្រពាំងវែង ស្រុកសំរោង ខេត្តតាកែវ ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលរឹបអូសបាន គ្រឿងញៀនចំនួន ០៤ កញ្ចប់ មានទម្ងន់ សរុប ៥១,២៨ក្រាម និង ទូរស័ព្ទដៃ ចំនួន២គ្រឿង។
នាពេលសវនាការកន្លងមក, ជនជាប់ចោទ ឈ្មោះ វ៉ុន ដា បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ និង ការកាត់ទោស គាត់ ដាក់គុក ០៦ ឆ្នាំ របស់តុលាការខេត្តតាកែវ។
វ៉ុន ថានិយាយថា នៅក្នុងសំណុំរឿងនេះ, គាត់គ្រាន់តែជាជនរងគ្រោះ ដោយសារការប្រើប្រាស់ថ្មាំញៀននោះទេ និង មិនមែនជាអ្នកជូញដូរគ្រឿងញៀននោះដែរ។
វ៉ុន ដា និយាយថា ចំណែកឯ ថ្នាំញៀន ដែលសមត្ថកិច្ចដកហូតបាននោះ គឺ ជារបស់ គឺ ឈ្មោះ ជួរ ឡាយ ដែលមិនត្រូវបានចាប់ខ្លួន និង រត់គេចខ្លួន៕រក្សាសិទ្ធិដោយ ៖ ចន្ទា ភា