ភ្នំពេញ ÷ បុរសម្នាក់ កំពុងជិះម៉ូតូតាមផ្លូវសុខៗ មានអាការ:មិនសូវស្រូលខ្លួន ចតម៉ូតូឈប់មួយភ្លែត បែកពពុះមាត់ បណ្តាលបាត់បង់ជីវិតភ្លាមៗ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីរសៀល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅក្បែរផ្សារសុវណ្ណា ផ្លូវ១១៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

សពបុរសខាងលើនេះមានឈ្មោះ ឡឹម យ៉ៃ អាយុ៥២ឆ្នាំ មុខរបរមេចុងភៅនៅហាងកាហ្វេផាកាហ្វេ ស្នាក់នៅម្តុំរោងកុនលុច សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានស្រុកកំណើត នៅស្រុកព្រៃកប្បាស់ ខេត្តតាកែវ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1CZ-8577 តាមបណ្តោយផ្លូវ១១៩ មួយសន្ទុះក្រោយមក គេឃើញរូបគាត់ចតម៉ូតូអែបកៀន ហើយអង្គុយលើម៉ូតូហើយក៏បានបែកពពុះមាត់ ធ្លាក់ពីលើម៉ូតូដាច់ផ្ងារ ស្លា.ប់មួយរំពេចតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចុះមកយកខ្សែហ៊ុំព័ទ្ធជុំវិញកន្លែងកើតហេតុ ដើម្បីឲ្យក្រុមគ្រូពេទ្យ ធ្វើតេស្តសំណាករកមេរោគកូវីដ ១៩ លទ្ធផលអវិជ្ជមាន សពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕ រក្សាសិទ្ធិដោយ ៖ សួង សាម




