កណ្ដាល ៖ អាជ្ញាធរខេត្តកណ្ដាល បានប្រើប្រាស់កម្លាំងមិនក្រោម ២០០នាក់ រួមមានកម្លាំងនគរបាល , កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងសន្តិសុខឯកជន របស់ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ទៅកាយផ្ដាច់ផ្លូវទំនប់លេខ៥៤ ជាផ្លូវសំខាន់សម្រាប់យន្តហោះ ឡើងចុះ ហោះហើរ ឬ ហៅថា ផ្លូវ Runway ដើម្បីបញ្ចៀសទឹកជំនន់ កុំឲ្យលិចលង់នៅក្នុងតំបន់សំខាន់ៗនៃទីតាំងស្ថាបនាព្រលានយន្តហោះថ្មីនេះ, ប៉ុន្តែយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋរាប់រយគ្រួសារ ក៏បានធ្វើការតវ៉ាវិញផងដែរថា ទីតាំងកំពុងតែមានជម្លោះ មិនទាន់ដោះស្រាយគ្នានៅឡើយ ហេតុអ្វីក៏ក្រុមហ៊ុន និងអាជ្ញាធរខេត្តកណ្ដាល គិតតែធ្វើអ្វីៗ ដោយរំលោភបំពានទៅប្រជាពលរដ្ឋជាខ្លាំងយ៉ាងដូច្នេះ?!

បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ស្ថិតក្នុងភូមិកំពុងតាឡុង ឃុំបឹងខ្យាងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលបានដឹងថា ទីតាំងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដោយក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ, និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ACIC ដឹកដោយលោក កុក សាយ, បានបង្កឲ្យប៉ះពាល់ដីស្រែចម្ការ និងដីលំនៅឋានប្រជាពលរដ្ឋជាង ៣០០គ្រួសារ ក្នុងនោះមានការដោះស្រាយសំណងដល់ប្រជាពលរដ្ឋខ្លះ និងភាគច្រើនទៀតមិនទាន់ដោះស្រាយ, ពេលនេះ ខណៈដែលមានការលិចលង់ អាជ្ញាធរខេត្តកណ្ដាល ដឹកនាំដោយ លោក គង់សោភ័ណ្ឌ អភិបាលខេត្ត បើកកិច្ចប្រជុំជាបន្ទាន់មួយ ជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ ដើម្បីរិះរកវិធីសាស្រ្ត ដោះស្រាយការលិចលង់ទៅលើទីតាំងនៃការស្ថាបនាព្រលានយន្តហោះអន្តរជាតិថ្មីនេះ គឺកាយផ្ដាច់ផ្លូវទំនប់លេខ ៥៤ ដែលជាផ្លូវឡើងចុះ ហោះហើរ សំខាន់របស់ព្រលានយន្តហោះមួយនេះ ហៅថា Runway , ប៉ុន្តែយ៉ាងណា វាក៏ជាផ្លូវដ៏សំខាន់របស់ប្រជាពលរដ្ឋ ចេញ-ចូល ទៅកាន់លំនៅឋានប្រជាពលរដ្ឋផងដែរ។ ហេតុអ្វីការអនុវត្តវិធីសាស្រ្តកាយផ្លូវទំនប់ផ្ដាច់ជំហានចេញចូលរបស់ប្រជាពលរដ្ឋបែបនេះ មិនព្រមដោះស្រាយសំណងដល់ប្រជាពលរដ្ឋឲ្យរួចរាល់ជាមុនសិន?! បែរជាធ្វើប្រើកម្លាំងអំណាច ទាំងកម្រោលបួនជ្រុងបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋដក់ជាប់នូវអារម្មណ៍ឈឺចាប់ និងក្តៅក្រហាយ។
ប្រជាពលរដ្ឋបាននិយាយឱ្យដឹងថា ការប្រើកម្លាំងបំពានមកលើការរស់នៅរបស់ប្រជាពលរដ្ឋ ដោយគិតតែពីផលប្រយោជន៍របស់ក្រុមហ៊ុន ក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ, និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ACIC ដឹកដោយលោក កុក សាយ បែបនេះ ហាក់ដូចជាអាជ្ញាធរខេត្តកណ្ដាល មិនទុកដាក់ប្រជាពលរដ្ឋក្នុងក្រសែភ្នែកនៃភាពយុត្តិធម៌សង្គមសោះឡើយ។ ប្រជាពលរដ្ឋបញ្ជាក់ថា អាជ្ញាធរខេត្តកណ្ដាល បានប្រើកម្លាំងចម្រុះ ដាក់ពង្រាយកម្លាំងជុំវិញតំបន់សាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនេះ មិនតិចជាង ២០០នាក់ នោះឡើយ គឺធ្វើតាំងពីវេលាម៉ោង ៤ និង៤០នាទី ព្រលឹមស្រាងៗ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១, គេដាក់ពង្រាយតាំងពីច្រកផ្លូវចូលតាមផ្លូវទំនប់លេខ៥៤ និងនៅតាមផ្លូវផ្សេងទៀត ស្ថិតក្នុងភូមិកំពង់តាឡុង ដើម្បីទប់ស្កាត់ក្រែងមានប្រជាពលរដ្ឋ តវ៉ា រើបង្រះ ដែលនេះជាការរំលោភបំពានរបស់ក្រុមហ៊ុនសាងសង់ព្រលាន និងអាជ្ញាធរខេត្តកណ្ដាលដោយឥតកេរ្តិ៍ខ្មាស ព្រោះតែមិនទាន់មានដំណោះស្រាយឱ្យបាន សមស្របជាមួយប្រជាពលរដ្ឋនៅឡើយផង។

គួរបញ្ជាក់ថា បើតាមលោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាលបានមានប្រសាសន៍នៅល្ងាច ថ្ងៃទី០៦ ខែកញ្ញា នៅក្រោយកិច្ចប្រជុំបន្តិច ថា នៅក្នុងកិច្ចប្រជុំនោះ ខាងភាគីក្រុមហ៊ុនបុត្រសម្ព័ន្ធ ACIC សាងសង់ព្រលានយន្តហោះ បានស្នើឲ្យរដ្ឋបាលខេត្តកណ្តាល បិទទ្វារទឹកត្រង់ចំណុចលូមុខ៤ និងកាយផ្តាច់ផ្លូវទំនប់៥៥ ស្ថិតទៅក្នុងភូមិកំពង់តាឡុង ឃុំបឹងខ្តាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ដើម្បីរំដោះទឹកចេញពីគម្រោងសាងសង់ផ្លូវរត់ហោះហើរ ទី១ ហៅថា Runway ដែលមានទឹកជំនន់ជន់លិច។
លោកនាយករដ្ឋបាលសាលាខេត្តកណ្តាល បានបន្តទៀតថា ជាមួយគ្នានេះដែរ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានណែនាំឱ្យមន្ទីរជំនាញត្រៀមម៉ាស៊ីនបូមទឹក ដើម្បីជួយបូមទឹកពេលបង្ហូរទឹកចេញពីការដ្ឋានសសាងសង់ ឬចេញពីកន្លែងកាយផ្ដាច់ផ្លូវទំនប់លេខ ៥៤ ធ្វើយ៉ាងណាកុំឱ្យជន់លិចប៉ះពាល់ដល់ផលដំណាំរបស់បងប្អូនប្រ ជាពលរដ្ឋ, ហើយថា ក្នុងករណីភ្លៀងនៅចេះតែអូសបន្លាយបន្តទៀតនោះ រដ្ឋបាលខេត្ត នឹងបន្តរិះរកមធ្យោបាយផ្សេងទៀតដើម្បីធ្វើយ៉ាងណារំដោះទឹកពីការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីននេះឲ្យបាន ព្រោះវាជាគម្រោងអាទិភាពធ្វើយ៉ាងណាឱ្យគម្រោងសាងសង់នេះ ឱ្យទាន់ពេលវេលាទៅតាមកាលកំណត់។

សូមរំលឹកថា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្តីណែនាំរួចហើយ ទាក់ទិននឹងការបិទទ្វារទឹកត្រង់ចំណុចលូមុខ៤ និងកាយផ្តាច់ផ្លូវទំនប់ លេខ៥៤ ដើម្បីរំដោះទឹកចេញពីការដ្ឋានកសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។ នៅក្នុងសេចក្តីជួនដំណឹងនោះ រដ្ឋបាលខេត្តកណ្ដាល បានកាយផ្តាច់ទំនប់៥៤ ចាប់ពីចន្លោះប្រឡាយ៩០ ដល់ប្រឡាយ៩២និង
ស្នើប្រជាពលរដ្ឋ ត្រូវធ្វើដំណើរតាមផ្លូវ វាងស្របតាមមាត់ស្ទឹងទន្លេបាទី ដែលបានរៀបចំរួចហើយ។
បើតាមសេចក្ដីជូនដំណឹង រដ្ឋបាលខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ក្រុមការងារសាងសង់អាកាស យានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងប្រជាពលរដ្ឋពាក់ព័ន្ធក្នុងតំបន់នោះ ត្រូវចូលរួមសហការអនុវត្តមានប្រសិទ្ធភាពខ្ពស់។ ក្នុងករណីមានជនណារារាំងការអនុវត្តខាងលើនេះ រដ្ឋបាលខេត្ត នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

ទាក់ទិនទៅនឹងខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់អាជ្ញាធរកណ្តាល, ព្រមទាំងការអនុវត្តជាក់ស្ដែង ដាក់ពង្រាយកម្លាំងការពារឲ្យក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនេះ ប្រើគ្រឿងចក្រគាស់កាយផ្ដាច់ផ្លូវទំនប់លេខ ៥៤ និងផ្លូវផ្សេងៗទៀតនោះ ធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិកំពង់តាឡុង ឃុំបឹងខ្យាង ឬប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ពីការសាងសង់ព្រលានយន្តហោះនេះ កើតការឈឺចាប់ និងក្តៅក្រហាយ ព្រោះតែខាងក្រុមហ៊ុន និងអាជ្ញាធរខេត្តកណ្ដាល មិនទាន់បានដោះស្រាយសំណង ដល់ពួកគាត់ឲ្យរួចរាល់ជាមុនសិននោះទេ។
ប្រជាពលរដ្ឋបញ្ជាក់ថា បើក្រុមហ៊ុនសាងសង់ព្រលានយន្តហោះថ្មីនេះ និងអាជ្ញាធរកណ្តាល ចង់ធ្វើអ្វីៗនៅលើដីរបស់ប្រជាពលរដ្ឋ គួរណាស់តែធ្វើការដោះស្រាយផ្ដល់សំណងដល់ប្រជាពលរដ្ឋជាមុនសិន ទើបចង់ធ្វើអ្វីនៅលើទីតាំងនេះ ក៏ធ្វើចុះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN












