Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល អំពាវនាវដល់ពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងឱកាសកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ ៖ ជាការគិតគូរដល់សុខភាពសាធារណៈ របស់ប្រជាពលរដ្ឋ និងព្រះសង្ឃ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ និងប្រុងប្រយ័ត្នការពុលចំណីអាហារ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃ០៧ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។

ក្នុងសេចក្តីណែនាំ ចេញផ្សាយនៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ដែលមជ្ឈមណ្ឌលព័ត៌មាន CEN ទទួលបាន, មានខ្លឹមសារថា ក្រសួងសុខាភិបាល បានរំលេចឡើងពីការរាតត្បាតនៃជំងឺកូវីដ-១៩ នៅលើពិភពលោក មិនទាន់ថមថយនៅឡើយ។ សម្រាប់នៅកម្ពុជា បានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចង្អុលបង្ហាញផ្លូវ ប្រយុទ្ធប្រឆាំង ទប់ស្កាត់ ធ្វើឱ្យករណីឆ្លងជំងឺកូវីដ-១៩ មានការធ្លាក់ចុះជាបន្តបន្ទាប់ ហើយទទួលការកោតសរសើរ ពីការិយាល័យអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា។

ទោះយ៉ាងនេះក្តី ក្រសួងសុខាភិបាល បានក្រើនរំលឹកថា ដើម្បីធានាឱ្យបាននូវការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ និងឆ្ពោះទៅកាន់ការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ប្រជាពលរដ្ឋមិនត្រូវមានអារម្មណ៍ ស្កប់ស្កល់ពេកនឹងអ្វីដែលជាសមិទ្ធផល ដែលកម្ពុជាទទួលបាននេះទេ។ បុគ្គលគ្រប់រូប គ្រួសារ និងសហគមន៍ត្រូវតែបន្តរួបរួមគ្នា ទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

ក្រសួងសុខាភិបាល បានអំពាវនាវ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តការការពារ ការចម្លងវីរុសកូវីដ-១៩ ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២១ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការរបស់ក្រសួងសុខាភិបាល និងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស វិធានការ ៣ការពារ (ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំ ទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា)៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×