Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវអគ្គនាយិកា CEN ប្រគេនទេយ្យទាន ដល់ព្រះអង្គ ពិន សែម ព្រះចៅអធិការវត្តរាជបូណ៌ រួមចំណែកបណ្ដុះគុណធម៌ វប្បធម៌ និងចរិយាធម៌

សៀមរាប ៖ លោកជំទាវ ជីប យុទ្ធារី អគ្គនាយិកាមជ្ឈមណ្ឌលព័ត៌មាន CEN បានភ្ជាប់និស្ស័យបុណ្យកុសល ដោយដឹកនាំក្រុមការងារមួយចំនួន របស់មជ្ឈមណ្ឌលព័ត៌មាន CEN នាំយកទេយ្យទាន ជាគ្រឿងបរិភោគ-ឧបភោគ ប្រគេនជូនព្រះអង្គ ពិន សែម ព្រះចៅអធិការវត្តរាជបូណ៌ នៅក្រុងសៀមរាប ខេត្តសៀមរាប ទុកគ្រាន់ប្រើប្រាស់ជាចង្ហាន់ ក្នុងរដូវវស្សា ឆ្នាំ២០២១ នេះ។

លោកជំទាវ ជីប យុទ្ធារី អគ្គនាយិកាមជ្ឈមណ្ឌលព័ត៌មាន CEN បានមានប្រសាសន៍ថា ការប្រគេនទេយ្យទាន ជាគ្រឿងឧបភោគ-បរិភោគនេះ ជាការចែករំលែកដោយការគោរពស្មោះសរ ជ្រះថ្លា ប្រគេនជូនព្រះអង្គ ពិន សែម ដែលមានព្រះជន្មជាង ៨០ព្រះវស្សា ជាព្រះចៅអធិការវត្តរាជបូណ៌ ដើម្បីជាជំនួយសម្រាប់ព្រះសង្ឃគង់ក្នុងវត្តនេះ រួមជាមួយគណៈកម្មការអាចារ្យវត្ត ដើម្បីដឹកនាំវត្តរាជបូព៌ និងចែករំលែកវប្បធម៌ គុណធម៌ចរិយាធម៌ ដល់មនុស្សជាតិ ជាពិសេសប្រជាជនខ្មែរទាំងពួង។ ម្យ៉ាងលោកជំទាវអគ្គនាយិកា មានចិត្តជ្រះថ្លា ស្រឡាញ់ និងគោរពដល់ ព្រះអង្គ ពិន សែម និងគណៈកម្មការអាចារ្យវត្ត ដែលដឹកនាំពង្រីកផ្សព្វផ្សាយពុទ្ធសាសនា ប្រកបដោយគុណធម៌ស្មោះត្រង់ ស្ម័គ្រស្មើជាមួយប្រជាពលរដ្ឋ មិនរើសអើងគ្រប់រូបភាព។

អំណោយទេយ្យទានជាគ្រឿងបរិភោគ-ឧបភោគទាំងនេះ រួមមាន អង្ករ ៥បាវ (១បាវ៥០គ.ក) , ទឹកបរិសុទ្ធ ៥ កេសធំ, មី ៥កេស និងបច្ច័យជាថវិកាមួយចំនួន។

គួរបញ្ជាក់ថា ខេត្តសៀមរាប ជាជង្រុកនៃសំបុកសម្បត្តិវប្បធម៌របស់ខ្មែរ តាំងតែពីសម័យបុរេអង្គរមកម្ល៉េះ ចំណេរក្រោយមក តំបន់នេះ ក៏នៅតែរក្សានូវអត្តសញ្ញាណជាតិ អត្តសញ្ញាណតំបន់របស់ខ្លួន ល្បីសុះសាយទៅកាន់ពិភពលោក តាមរយៈបណ្តុំប្រាង្គប្រាសាទខ្មែររាប់រយប្រាសាទ សិល្បៈ សិប្បកម្ម ចំណីអាហារ របៀបរបបប្រាស្រ័យទាក់ទងគ្នា ដែលនរណាៗក៏ល្បីថា អ្នកស្រុកសៀមរាប រួសរាយរាក់ទាក់ ញញឹមស្រស់ស្រាយណាស់។

ជាអារាមល្បីល្បាញមួយខាងវប្បធម៌សាសនា វត្តរាជបូណ៌ ស្ថិតនៅក្រុង តាមដងស្ទឹងសៀមរាប ក្នុងភូមិសាស្ត្រ ភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ វត្តរាជបូណ៌ ឬវត្តបូណ៌ (ប្រជាជនហៅកាត់) ជាបូជនីយដ្ឋាន និងបុរាណដ្ឋានដ៏ល្បីមួយនៅក្នុងខេត្តសៀមរាប កសាងឡើងក្នុងរវាងឆ្នាំ១៦៥០ ក្នុងរជ្ជកាល សម្តេចព្រះបាទនរោត្តម។

ថ្មីៗនេះ ព្រះអង្គ ពិន សែម កំពុងដឹកនាំសាងសង់អគារពុទ្ធិកសិក្សាមួយខ្នង កម្ពស់ ៣ជាន់ តាំងនៅក្នុងបរិវេណវត្តរាជបូណ៌ ដើម្បីជាការផ្ដល់ធនធានភាសាខ្មែរអក្សរសាស្ត្រខ្មែរ ធម៌អាថិ និងភាសាបាលី អក្សរ និងចំណេះជំនាញផ្សេងៗទៀតទាក់ទងទៅនឹងវប្បធម៌ខ្មែរ ដែលអគារពុទ្ធិកសិក្សានេះ ឧបត្ថម្ភដោយ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×