Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការរាជធានីភ្នំពេញ ផ្តន្ទាទោស អតីតសកម្មជន នៃ អតីតគណបក្សសង្គ្រោះជាតិ០៧នាក់ ដាក់គុក ក្នុងម្នាក់ៗ ១៨ ខែ និង ពិន័យ០២លានរៀល ក្នុងម្នាក់ៗ ពាក់ព័ន្ធការញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋ ប្រឆាំងរាជរដ្ឋាភិបាល!!!

ភ្នំពេញ ៖ តុលាការរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០២១ នេះ បានបើកសវនាការប្រកាសសាលក្រមលើ សំណុំរឿងក្តី របស់ បុរសជាប់ចោទចំនួន០៧នាក់ ដែលជាអតីតសកម្មជន នៃ អតីតគណបក្សសង្គ្រោះជាតិ ជាប់ពាក់ព័ន្ធនឹងករណី សរសេរសារបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក និង Live ផ្សព្វផ្សាយព័ត៌មានប្រឌិត ញុះញង់ អុជអាល ទាក់ទងនឹងបញ្ហាជម្ងឺកូវីដ១៩ នៅកម្ពុជា និង បង្កឱ្យមានការភាន់ច្រឡំ អំពីសំណាក់មហាជន ចំពោះវិធានការ ទប់ស្កាត់ និង ការពារ ការរាតត្បាត នៃ ជម្ងឺកូវីដ១៩ របស់ថ្នាក់ដឹកនាំប្រទេសជាតិ។

សវនាការនេះ ដឹកនាំដោយលោកស្រីអ៊ុក រ៉េតគន្ធា ជាចៅក្រមជំនុំជម្រះ និងមានលោកទី មុនិន្ទ ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសពួកគេ ទាំង០៧ នាក់ ដោយដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ១៨ ខែ និងពិន័យជាប្រាក់ ចំនួន ០២លានរៀល ក្នុងម្នាក់ៗ ដាក់ចូលក្នុងថវិការដ្ឋ។

លោកស្រីចៅក្រមរ៉េតគន្ធា បានថ្លែងអោយដឹងក្នុងសវនាការថា ជនជាប់ចោទទាំង០៧នាក់ខាងលើនេះ មានឈ្មោះ ទី ១ ឈ្មោះ នូ សុធា ភេទ ប្រុស អាយុ ៥៤ ឆ្នាំ, ទី២ ឈ្មោះ រិន រដ្ឋ ភេទប្រុស អាយុ ៣៣ ឆ្នាំ, ទី ៣ ឈ្មោះ រុន ចន្ធី ភេទប្រុស អាយុ ៣៦ ឆ្នាំ, ទី៤ ឈ្មោះ ម៉ៅ វីបុល ភេទប្រុស អាយុ ៣៨ ឆ្នាំ, ទី ៥ ឈ្មោះ ស៊ឹម សុភា ភេទប្រុស អាយុ ៣៤ ឆ្នាំ, ទី៦ ឈ្មោះ ពេជ្រ សំបូរ ហៅ ពេជ្រ សម្បូរណ៍ ភេទប្រុស អាយុ ៥៥ ឆ្នាំ និង ទី ៧ ឈ្មោះ នាង សុឃុន ភេទប្រុស អាយុ ៣៣ ឆ្នាំ។

លោកស្រីចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីនេះ, ពួកគេត្រូវបានជាប់ចោទពីបទ “ការញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម” តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។

ពួកគេត្រូវបានឃាត់ខ្លួន នៅទីតាំងផេ្សងៗ ក្នុងឆ្នាំ ២០២០។
ជនជាប់ចោទទាំង០៧នាក់ មិនអាចទាក់ទង ដើម្បីសុំព័ត៌មាន បានឡើយ។
ទោះយ៉ាងណាក្តី, នាពេលសវនាការ កន្លងមក, ជនជាប់ចោទ ដែលមានវត្តមាននៅក្នុងបន្ទប់ជំនុំជម្រះ បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ពួកគេពួកគេខាងលើ។

ពួកគេបានសំណូមពរឲ្យលោកស្រីចៅក្រមជំនុំជម្រះ និង តុលាការរាជធានីភ្នំពេញ មេត្តាទម្លាក់បទចោទប្រកាន់ និង សម្រេចដោះលែងពួកគេ ឲ្យមានសេរីភាពឡើង ដើម្បីបានវិលត្រឡប់ ជួបជុំ គ្រួសារពួកគេវិញ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×