ភ្នំពេញ ៖ សាលាឧទ្ធរណ៍ ភ្នំពេញ កាលពីព្រឹក ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០២១ បានប្រកាសសាលដីកា លើបណ្តឹងឧទ្ទរណ៍រ អតីតមេបញ្ជាការអាវុធហត្ថស្រុកបារាយណ៍ លោកសន សំនៀង ដែលត្រូវបានតុលាការខេត្តកំពង់ធំ កាត់ទោស ដាក់ពន្ធនាគារកំណត់០១ ឆ្នាំ និង ពិន័យជាប្រាក់ ៥លានរៀល ជាប់ពាក់ព័ន្ធការបរិហារកេរ្តិ៍លោកមេបញ្ជាការអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី ហង្សថុល និង ការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមរយៈហ្វេសប៊ុកដោយសារតែគាត់បានបង្ហោះសារក្នុងហ្វេសប៊ុក (Facebook) របស់ខ្លួន រិះគន់ ពីភាពមិនប្រក្រតីនៃការចាប់គ្រឿងញៀនជិត២០០គីឡូក្រាម ដែលគាត់បានបង្ក្រាបបាននៅស្រុកបារាយណ៍ ក្នុងអំឡុងឆ្នាំ ២០១៣ និង ការចោទប្រកាន់ប្រកាន់ថា លោកហង្ស ថុល បានយករថយន្តមួយគ្រឿង ដែលជាវត្ថុតាង នៃ បទល្មើសគ្រឿងញៀន ទៅរក្សាទុកនៅផ្ទះរបស់គាត់ និងបានទុកវា ប្រើប្រាស់ជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
តុលាការឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងខេត្តកំពង់ធំ រក្សាទុកជាបានការដដែល និង តម្កល់ទណ្ឌកម្មរបស់ជនជាប់ចោទ រក្សានៅដដែល តែបើកផ្លូវឱ្យគាត់ ប្តឹងសារទុក្ខទៅកាន់តុលាការកំពូល តាមនីតិវិធីច្បាប់។
លោកពៅ ភូស៊ុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ សន សំនៀង ភេទប្រុស អាយុ ៣៩ ឆ្នាំ ត្រូវជាប់ចោទចំនួន ពីរបទល្មើស គឺពីបទបរិហារកេរ្តិ៍ សាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៣០៥ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។

លោកចៅក្រមបានបញ្ជាក់ថា ជនជាប់ចោទត្រូវបាន តុលាការខេត្តកំពង់ធំ កាលពីថ្ងៃទី២៧ ខែ សីហា ឆ្នាំ ២០១៩ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់០១ ឆ្នាំ តែអនុវត្តទោស នៅក្នុងពន្ធនាគារ កំណត់ ០៧ ខែ ទោសនៅសេសសល់ត្រូវព្យួរទាំងអស់ និង ពិន័យជាប្រាក់ចំនួន ៥លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ។
តែជនជាប់ចោទ បានប្តឹងជំទាស់មកកាន់ សាលាឧទ្ធរណ៍ ភ្នំពេញ។
លោកចៅក្រមបានបន្ថែមថា ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃ ទី ១៥ ខែ កក្កដា ឆ្នាំ ២០១៨ និង ត្រូវបានប្តឹង ដោយលោកហង្ស ថុល ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ជាភាគី បន្ទាប់ពី ជនជាប់ចោទ បានឡាយ ( Live) ( ផ្សាយបន្តផ្ទាល់) នៅលើសង្គមហ្វេសប៊ុក មួយដែលមានឈ្មោះ ” យមរាជលោកិយ ” ដែលជាអាខោនរបស់ខ្លួន រិះគន់ ពីភាពមិនប្រក្រតីនៃការចាប់គ្រឿងញៀន១៧០ គីឡូក្រាម ដែលខ្លួនបានបង្ក្រាប និង រឹបអូសបាន កាលពីធ្វើជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍ នៅក្នុងស្រុកកំពង់ធំ នៅក្នុងឆ្នាំ ២០១៣ និង ការចោទប្រកាន់ប្រកាន់លោកហង្ស ថុលថា បានយករថយន្តមួយគ្រឿង ដែលជាវត្ថុតាង នៃ បទល្មើសគ្រឿងញៀន ទៅរក្សាទុកនៅផ្ទះរបស់គាត់ និងបានទុកវា ប្រើប្រាស់ជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
នាពេលសវនាការកន្លងមក, ឈ្មោះ សន សំនៀង បាននិយាយថា នៅក្នុងសំណុំរឿងក្តីនេះ, ទោះបីជា ខ្លួនបានជាប់គុក និង អនុវត្តទោស រួចរាល់ ចំនួន ០៧ ខែ នៅក្នុងពន្ធនាគារ ហើយក្តី តែ គាត់នៅតែបន្តប្តឹងផ្តល់មកកាន់តុលាការថ្នាក់លើដែរ ដើម្បីលាងភាពស្អាតស្អំរបស់ខ្លួន ។
ម្យ៉ាងវិញទៀត វាជារឿងដ៏សែន អយុត្តិធម៌មួយ សម្រាប់រូបគាត់ និង វាបានធ្វើឱ្យគាត់បាត់បង់ការងារ ពីក្របខ័ណ្ឌមន្ត្រីកងរាជអាវុធហត្ថ , បែកបាក់គ្រួសារ និង រលត់រលាយ អស់ទ្រព្យសម្បត្តិរលីង។
សន សំនៀង បានអះអាងថា អ្វីគាត់បាននិយាយ និង ឡាយនៅក្នុងសង្គមហ្វេសប៊ុកនោះ គឺជារឿងពិត, មិនមែនការបរិហារកេរ្តិ៍ ឬ បង្ខូចកិត្តិយស របស់លោកហង្ស ថុលនោះទេ។ និង ក៏មិនបានញុះញង់ ឲ្យមានការ ប្រឆាំងនឹងលោកមេអាវុធហត្ថ ហង្ស ថុលនោះដែរ។
សន សំនៀង បាននិយាយទៀតថា ម្យ៉ាងវិញទៀត, គាត់ក៏ ដាក់ភស្តុតាងទាំងនោះ ទៅកាន់តុលាការ និង ថ្នាក់លើ តាមឋានានុក្រមផងដែរ, តែត្រូវបានគេផ្អោបរបាយការណ៍របស់គាត់ចោល។
សន សំនៀង បានសំណូមពរឲ្យ តុលាការឧទ្ធរណ៍ មេត្តាជួយរកការពិត និង យុត្តិធម៌ ដល់ខ្លួន និង សម្រេចលើការចោទ រូបលោកអោយមានសេរីភាពវិញ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា