ភ្នំពេញ ៖ គ្រឹះស្ថានសិក្សារដ្ឋនិងឯកជនទាំងអស់ នឹងបើកដំណើរការឱ្យសិស្សានុសិស្ស បានចូលរៀនវិញ ចាប់ពីថ្ងៃ១៥ខែកញ្ញានេះតទៅ ក្រោយពីខកខានអស់រយៈពេលជាង៧ខែ ដោយសារការរាតត្បាតជម្ងឺកូវីដ-១៩ ។
ការបើកគ្រឹះស្ថានសិក្សាឲ្យសិស្សានុសនុសិស្ស បានចូលរៀនឡើងវិញនេះ លុះត្រាតែគ្រឹះស្ថានទាំងនោះ បានបំពេញលក្ខន្តិកៈ គ្រប់គ្រាន់របស់ក្រសួងសុខាភិបាល ដែលជឿបានថា មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំ
តាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference ) ជាមួយអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ មន្ទីរសុខាភិបាល និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត នារសៀលថ្ងៃទី០៩ខែកញ្ញាឆ្នាំ ២០២១នេះ នៅសាលារាជធានីភ្នំពេញ ។
ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា គ្រឹះស្ថានសិក្សាទាំងរដ្ឋនិងឯកជន នឹងបើកដំណើរការឱ្យចូលរៀន ចាប់ពីថ្ងៃពុធទី១៥ ខែកញ្ញាឆ្នាំ២០២១នេះតទៅ ។ ការបើកឱ្យដំណើរការនេះបាន លុះត្រាតែគ្រឹះស្ថានសិក្សាទាំងអស់ បានបំពេញលក្ខន្តិកៈគ្រប់គ្រាន់ទាំងអនាម័យ បរិស្ថាននិងការអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល សំដៅធ្វើយ៉ាងណា អាចធានាបានថា មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ទន្ទឹមនឹងនេះឯកឧត្តមឃួង ស្រេង ក៏បានជំរុញ ឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវសហការជាមួយមន្ទីរអប់រំយុវជននិងកីឡា រាជធានីភ្នំពេញ ដើម្បីធ្វើតេស្តរហ័ស ទៅលើគ្រូបង្រៀន បុគ្គលិកសិក្សាទាំងអស់ ដោយត្រូវចាប់ផ្ដើមអនុវត្ត ការងារនេះចាប់ពីថ្ងៃស្អែកទី ១០ខែកញ្ញានេះតទៅ ។ បើអនុវត្តបតាមលក្ខន្តិកៈបានល្អប្រសើរហើយនោះ គ្រឹះស្ថានសិក្សានោះ នឹងដំណើរការសិក្សាឡើងវិញបាន។
ឯកឧត្តមបញ្ជាក់ផងដែរថា ចំពោះគ្រឹះស្ថានសិក្សាឯកជនទាំងអស់ គឺត្រូវធ្វើពាក្យស្នើសុំ បើកគ្រឹះស្ថានសិក្សារបស់ខ្លួនឡើងវិញ មករដ្ឋបាលរាជធានីភ្នំពេញ ហើយក្រោយពី រដ្ឋបាលរាជធានីភ្នំពេញពិនិត្យ ឃើញថា បានបំពេញនូវលក្ខន្តិកៈ ដែលរដ្ឋបាលរាជធានីភ្នំពេញ ជំរុញឲ្យអនុវត្តបានល្អប្រសើរហើយនោះ គ្រឹះស្ថានទាំងនោះ នឹងទទួលបានការអនុញ្ញាត ពីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យបើកដំណើរការសិក្សាជាធម្មតាឡើងវិញ ។

ឯកឧត្តមឃួង ស្រេង បានបន្តទៀតថា ការបើកសាលារៀននេះ គឺជាជំហានដំបូងមួយ នៃការបើកឲ្យដំណើរការឡើងវិញ នូវវិស័យផ្សេងៗទៀតមានន័យថា បើការបើកឲ្យដំណើរការ ការសិក្សាតាមគ្រឹះស្ថានអប់រំទាំងអស់ ដំណើរការល្អហើយនោះ យើងក៏នឹងអាចបន្តបើកឡើងវិញ នូវវិស័យទេសចរណ៍ជាបន្តបន្ទាប់ទៀតផងដែរ។
ចំណែកលោកហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ការបើកសាលារៀនទាំងឯកជន និងរដ្ឋឡើងវិញនេះ គឺដំណើរការតែសាលា ចាប់ពីថ្នាក់ទី០៩ ទៅដល់ថ្នាក់ទី១២ប៉ុណ្ណោះ ហើយបើដំណើរការនេះ ឈានទៅរលូនហើយនោះ យើងនឹងគិតគូពីថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សាបន្តទៀត ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

