ភ្នំពេញ ៖ រដ្ឋសភានីតិកាលទី៥ បានកំណត់កាលបរិច្ឆេទ បើកសម័យប្រជុំរដ្ឋសភាលើកទី១០ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ខាងមុខ គឺនៅមុនឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បន្ទាប់ពីបានវិស្សមកាលអស់រយៈពេលបីខែមកនោះ។ នេះបើតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា នៅព្រឹកថ្ងៃទី៣ មេសានេះ។
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ ដោយនៅក្នុងនោះ អង្គប្រជុំបានសម្រេច កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាលើកទី១០។ បានអនុម័តទទួលយកបេក្ខជនចំនួន២រូប ដែលមាន លក្ខណៈសម្បត្តិគ្រប់លក្ខខណ្ឌ ក្នុងចំណោមបេក្ខជនចំនួន១២រូប ដែលបានដាក់ពាក្យឈរឈ្មោះជាសមាជិកព្រឹទ្ធសភានីតិកាលទី៤ ដើម្បីដាក់ជូន សម័យប្រជុំរដ្ឋសភានាពេលខាងមុខបោះឆ្នោតជ្រើសតាំង។ បានអនុម័តលើរបាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៩ និងលើកទី១០ នីតិកាលទី៥ និងបានអនុម័តសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥ នោះផងដែរ។
ដោយឡែកសម្រាប់ការបើកសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ នោះវិញ អង្គប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី៣ខែមេសានេះ បានអនុម័តរបៀបវារៈ សម្រាប់សម័យប្រជុំរដ្ឋសភានោះដែរ ដោយក្នុងនោះមាន ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥។ របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៩ និងលើកទី១០ នីតិកាលទី៥។ ការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ចំនួន២រូប និងការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី អាជ្ញាប័ណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ៕ ដោយ ៖ បញ្ញាស័ក្តិ