ភ្នំពេញ ÷ យុវជន២នាក់បានជិះម៉ូតូឌ្រីមសង់ឌុបគ្នា ចុះពីលើស្ពានអាកាស៧មករា លឿនពេកមិនប្រយ័ត្នបានជ្រុលទៅបុ.ករថយន្តLexus៥៧០ បើកបត់ត្រឡប់ក្រោយ ចំពីចំហៀងខាងស្តាំរថយន្តពេញទំហឹង បណ្តាលឲ្យ របួសធ្ងន់ម្នាក់ និងម្នាក់ទៀតរងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧និង១៥នាទីយប់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ចំណុចជាប់គល់ស្ពាន៧មករា ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញរថយន្តLexus៥៧០ មួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខ កម្ពុជាXGA.1203 បើកបរដោយបុរសជនជាតិចិន ធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងត្រឡប់ក្រោយចូលទៅផ្លូវម្ខាងទៀត ខណៈបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានយុវជន២នាក់ ជិះម៉ូតូម៉ាកទ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅពាក់ផ្លាកលេខ ឧ.មានជ័យ 1D 5442 ជិះចុះពីលលើស្ពាន៧មករា ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនចាប់ហ្រ្វាំងមិនទាន់ បានជ្រុទៅបុ.ករថយន្តចំពីចំហៀងមុខខាងស្តាំ ពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ ចំណែកឯម៉ូតូវិញ រងការខូចខាតផ្នែកមួយកំណាត់មុខទាំងស្រុង។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ បានចុះមកដល់រួចឲ្យភាគីទាំងពីរ សម្របសម្រួលគ្នា ដោយភាគីខាងរថយន្តLexus ៥៧០ព្រមសងជាសំណង់ទៅលើជនរងគ្រោះបញ្ចប់រឿង នៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត







