ភ្នំពេញ ៖ សាលាឧទ្ធរណ៍ភ្នំពេញ កាលពីព្រឹកថ្ងៃ ទី ០៩ ខែ កញ្ញា ឆ្នាំ ២០២១ ប្រកាសសាលដីកា លើសំណុំរឿងក្តី របស់ជំទាវ ឧកញ៉ា ឌី ប្រឹម អាយុ ៥៩ ឆ្នាំ និង លោក សេង យៀន អាយុ ៦២ ឆ្នាំ ជាអតីតអគ្គនាយករងនៃនាយកដ្ឋានអធិការកិច្ចក្នុងក្រសួងអធិការ កិច្ចនិងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភាជាតិ ដែលត្រូវបានសាលាដំបូងរាជភ្នំពេញ កាលពីជិត១០ឆ្នាំ មុន កាត់ទោសកំបាំងមុខ ជនជាប់ចោទទាំងពីរ ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ពី ០២ឆ្នាំ ០៦ខែ ទៅ ០៤ ឆ្នាំ ០៦ ខែ ជាប់ពាក់ព័ន្ធនឹងបទល្មើស «ស៊ីសំណូក និង អំពើសូកប៉ាន់» នូវទឹកប្រាក់ចំនួន២០ម៉ឺនដុល្លារអាមេរិក ជាថ្នូរនឹងការអង្កេតស្រាវជ្រាវ ដោះស្រាយទំនាស់ដីធ្លីមួយកន្លែង ទំហំជាង៥ហិកតា ដែលជាកម្មសិទ្ធិរបស់ស្រ្តីមេម៉ាយ ឈ្មោះ ហួត សារុំ អាយុ ៦៨ ឆ្នាំ ស្ថិតនៅភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (អតីតខណ្ឌដង្កោ) រាជធានីភ្នំពេញ ដើម្បីចេញជាលិខិតសេចក្តីជូនដំណឹងលេខ៣៨៩សជណ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ រក្សាទុកជាបានការដដែល ក៏ប៉ុន្តែ បានកែប្រែទោសពៃ ជនជាប់ចោទឈ្មោះ ឌី ប្រឹម ពី ជាប់គុកចំនួន ០២ ឆ្នាំ ០៦ឆ្នាំ មកនៅត្រឹម ០២ ឆ្នាំវិញ តែ ការអនុវត្តន៍ទោស នៅក្នុងពន្ធនាគារ គឺ ត្រូវព្យូរទាំងអស់។
សាលាឧទ្ធរណ៍ភ្នំពេញ ក៏បាន បើកផ្លូវឲ្យ ជនជាប់ចោទ ទាំង០២នាក់ និង គូភាគី នៅក្នុងរឿងក្តី ប្តឹងសារទុក្ខ ទៅកាន់តុលាការកំពូល តាមនីតិវិធីច្បាប់។
លោកចៅក្រម គី ឬទ្ធី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ភ្នំពេញ បានថ្លែងឲ្យដឹងនៅក្នុងសវនាការប្រកាសសាលដីកា កាលពីព្រឹកថ្ងៃ០៩ ខែ កញ្ញា ឆ្នាំ ២០២១ ថា នៅក្នុងរឿងក្តីនេះ ជនជាប់ចោទឈ្មោះ សេង យៀន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ តាមសាលក្រមព្រហ្មទណ្ឌលេខ១៣៥ «កប៤» ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ០៤ឆ្នាំ០៦ខែ និង ពិន័យជាប្រាក់ចំនួន៤ម៉ឺនដុល្លារអាមេរិកពីបទ«ស៊ីសំណូក» ។ ចំណែកឯ ជនជាប់ចោទឈ្មោះ ឌី ប្រឹម ត្រូវដាក់ពន្ធនាគារកំណត់០២ឆ្នាំ០៦ខែពីបទ«សូកប៉ាន់»។
យោងតាមឯកសារពីតុលាការ នៅក្នុងសំណុំរឿងក្តីនេះ លោក សេង យៀន ត្រូវតុលាការចោទប្រកាន់ពី«បទទទួលប្រាក់សំណូក» ចំនួន២០ម៉ឺនដុល្លារ ពីអ្នកស្រី ឌី ប្រឹម សម្រាប់ធ្វើការ និងស្រាវជ្រាវពីជម្លោះដីធ្លីមួយ នៅសង្កាត់កាកាប ខណ្ឌដង្កោ និងបានសុំឲ្យចេញសេចក្ដីជូនដំណឹងក្លែងក្លាយ ពីទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១៨ខែមីនា ឆ្នាំ២០០៨។
អ្នកស្រី ឌី ប្រឹម ត្រូវចោទប្រកាន់ពីបទ«យកលុយទៅសូកប៉ាន់លោក សេង យៀន» ។ អ្នកទាំងពីរនេះត្រូវតុលាការចោទប្រកាន់កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៩ យោងតាមពាក្យបណ្ដឹងរបស់ក្រសួងអធិការកិច្ច និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភាជាតិ។
លោក សេង យៀន និង លោកមេធាវី ឈីវ ថេង ដែលមានវត្តមាន នៅក្នុងសវនាការ បានបដិសេធ និង មិនបកស្រាយចំពោះ សាលដីការបស់តុលាការ កាលពីម្សិលមិញ។ រីឯ លោកជំទាវឧកញ៉ា ឌី ប្រឹម និង មេធាវី ក៍ មិនអាចទាក់ទង ដើម្បីសុំព័ត៌មានបានដែរ។
លោក កៅ ទី ដែលជាមេធាវីការពារក្ដីឲ្យអ្នកស្រី ហួត សារុំ ជាស្រ្តីមេម៉ាយវ័យ៦៨ឆ្នាំ និងជាជនរងគ្រោះដែលដីគាត់០៥ហិកតា ត្រូវគេដណ្តើមកាន់កាប់ តាមរយៈឯកសារក្លែងក្លាយនោះ បាននិយាយថា រឿងក្តីនេះ ត្រូវបានគេផ្អឹបទុកចោលនៅក្នុងតុលាការឧទ្ធរណ៍ជាយូរលង់ និង អស់រយៈពេល ជិត ១០ឆ្នាំហើយ។
លោកកៅ ទី បាននិយាយថា មូលហេតុដែល តុលាការឧទ្ធរណ៍ បានលើកយកសំណុំរឿងក្តីនេះ មក ជំនុំជម្រះនៅពេលនេះ គឺ ដោយសារតែ គាត់ បានដាក់ពាក្យស្នើសុំ ទៅកាន់តុលាការឧទ្ធរណ៍ ដើម្បីសុំជំនុំជម្រះ ជាច្រើនលើក ច្រើនសារ។
លោកកៅ ទី បានថ្លែងថា « នៅក្នុងរឿងនេះគឺ អត់មានយុត្តិធម៌សម្រាប់កូនក្តីខ្ញុំនោះទេ។ ទី១ ការផ្តន្ទាទោស គឺ ចៅក្រម មិនបានចេញដីកាចាប់ខ្លួនរបស់ជនជាប់ចោទនោះទេ។ ទី២ រឿងនេះ គឺ ជារឿងពុករលួយ និង ជារឿងរដ្ឋាភិបាល»។
លោកមេធាវីទី បានមន្ថែមថា « ហេតុអី ក៏ចៅក្រមមិនចេញដីកាចាប់ខ្លួនពួកគេ?។ ប៉ុន្តែចំណែកឯ រឿងដដៃទៀត ដែលជារឿងតូចៗ! ហេតុអី ក៏តុលាការចេញ ដីកាចាប់ខ្លួនពួកគេ? នេះ គឺ ចំណុចមួយ ដែលខាងក្រសួងយុត្តិធម៌ ឬ ឧត្តមក្រុមប្រឹក្សា នៃ អង្គចៅក្រមក្តី ត្រូវតែពិចារណា និងមើល អំពើសេចក្តីសម្រេចរបស់ចៅក្រម នៅតាមតុលាការថ្នាក់ក្រោមៗ ដែលបានសម្រេចកន្លងមក!!»៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

