Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចផ្អាកសកម្មភាព បង្ក្រាបយានយន្តមួយរយៈ លើកលែងតែតំបន់តាមព្រំដែន

spot_img

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសម្រេចផ្អាកសកម្មភាពបង្ក្រាបយានយន្តនៅភូមិសាស្ត្រក្នុងប្រទេសមួយរយៈ (លើកលែងតែតំបន់តាមព្រំដែន) ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ ដើម្បីទុកពេលឲ្យម្ចាស់យានយន្តជ្រកក្រោមផ្លាកលេខផ្សេងៗ និងមិនទាន់មានពន្ធនិង អាករនាំចូល រួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករតាមច្បាប់ជាធរមាន។ ចំពោះរថយន្តចង្កូតស្តាំ ដែលជាប្រភេទរថយន្ត ហាមឃាត់នាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកំទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់ ។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ឲ្យដឹងថា អនុលោមតាមលិខិតរបស់រាជរដ្ឋាភិបាល លេខ ៤៨២ សជណ. ហធ ចុះថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជូនដំណឹងដល់សាធារណជន ជាពិសេសម្ចាស់ យានយន្តជ្រកក្រោមផ្លាកលេខផ្សេងៗ និងគ្មានពន្ធ និងអាករនាំចូល មេត្តាជ្រាបថា អគរ នឹងអនុវត្តការប្រមូល ពន្ធ និងអាករនាំចូលលើយានយន្តគ្មានពន្ធទាំងនោះតាមគោលការណ៍ និងយន្តការដូចខាងក្រោម ៖

១. ផ្អាកសកម្មភាពបង្ក្រាបយានយន្តនៅភូមិសាស្ត្រក្នុងប្រទេសមួយរយៈ (លើកលែងតែតំបន់តាមព្រំដែន) ចាប់ពីពេលនេះតទៅ ដើម្បីទុកពេលឲ្យម្ចាស់យានយន្តជ្រកក្រោមផ្លាកលេខផ្សេងៗ និងមិនទាន់មានពន្ធនិង អាករនាំចូល រួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករតាមច្បាប់ជាធរមាន ។

២. ដើម្បីជាការលើកទឹកចិត្តឲ្យម្ចាស់យានយន្តចូលខ្លួនមកបំពេញតាតព្វកិច្ចពន្ធ និងអាករឱ្យបានទាន់ពេលវេលា ម្ចាស់យានយន្តនឹងទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធចំនួន ១០% នៃទឹកប្រាក់ពន្ធអាករសរុបដែលត្រូវបង់ ។ ការបន្ធូរបន្ថយនេះមានឱសានវាទអនុវត្តត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ និងមិនគ្របដណ្តប់លើយានយន្តមានឆ្នាំផលិត ២០២១ឡើយ ។ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២២ ដែលជាថ្ងៃឱសានវាទចុងក្រោយនៃការអនុញ្ញាតឲ្យចូលខ្លួនមកបង់ពន្ធ ម្ចាស់យានយន្ត ត្រូវបំពេញការព្វកិច្ចពន្ធ និងអាករពេញលេញដោយគ្មានការអនុគ្រោះបន្ធូរបន្ថយពន្ធឡើយ ។

៣. ចំពោះរថយន្តចង្កូតស្តាំ ម្ចាស់រថយន្តត្រូវមកតម្កល់ប្រាក់កក់ស្មើនឹងប្រាក់ពន្ធ និងអាករសរុបដក ១០% និងត្រូវយករថយន្តទៅកែចង្កូតពីស្តាំមកឆ្វេងឱ្យបានរួចរាល់យ៉ាងយូរបំផុតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ ។ បន្ទាប់ពីបានប្តូរចង្កូតរួច ម្ចាស់រថយន្តអាចទទួលបង្កាន់ដៃពន្ធ និងលត្តាបត្រ័រថយន្តពីមន្ត្រីគយ ។

៤. អនុញ្ញាតឲ្យសាខា និងការិយាល័យគយ និងរដ្ឋាករនៅទូទាំងប្រទេសទទួលការបង់ពន្ធ និងអាករលើ យានយន្តជ្រកក្រោមផ្លាកលេខផ្សេងៗ និងមិនទាន់បានបំពេញកាតព្វកិច្ចពន្ធ និងអាករ ។

៥. ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២២ តទៅ យានយន្តគ្មានពន្ធដែលបង្ក្រាបបាន នឹងតម្រូវឲ្យបង់ពន្ធ និងអាកររួមទាំងប្រាក់ពិន័យតាមលិខិតបទដ្ឋានជាធរមាន ។ ចំពោះរថយន្តចង្កូតស្តាំ ដែលជាប្រភេទរថយន្ត ហាមឃាត់នាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកំទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់ ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមឲ្យម្ចាស់យានយន្តគ្មានពន្ធទាំងអស់រួសរាន់ដោយស្ម័គ្រចិត្ត ចូលមកបំពេញកាតព្វកិច្ច ពន្ធ និងអាករនាំចូលឲ្យបានទាន់ពេលវេលាតាមគោលការណ៍ និងយុន្តការដូចមានក្នុងសេចក្តីជូនដំណឹងនេះ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×