ភ្នំពេញ ៖ បណ្ឌិតគុណ ញឹមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃសុក្រ បានអំពាវនាវម្ចាស់យានយន្ត ដែលកំពុងជ្រកក្រោមស្លាកផ្សេងៗ ទាំងអស់ និងគ្មានពន្ធ និងអាករនាំចូល សូមរូតរះចូលមកបំពេញកាតព្វកិច្ចបង់ពន្ធគយអោយបានទាន់ពេលវេលាតាមគោលការណ៍ និងយន្តការដូចមានកំណត់ក្នុងកាលបរិច្ឆទកនៃការសេចក្តីជូនដំណឹង ព្រោះនេះជាការអំពានាវចុងក្រោយ និងជាឧកាសនឹងទទួលបានការបញ្ចុះអត្រាបង់ពន្ធ១០ភាគរយផងដែរ។
កាលពីថ្ងៃសុក្រទី១០កញ្ញានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានរៀបចំធ្វើសន្និសីទសារព័ត៌មានតាមប្រព័ន្ធZoom Meetingស្តីពីការអនុវត្តវិធានការប្រមូលពន្ធលើយានយន្តគ្មានពន្ធ និងអាករនាំចូលតាមស្មារតី សេចក្តីជូនដំណឹងចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
បណ្ឌិត គុណ ញឹម បានថ្លែងថា ចំពោះការអនុគ្រោះ ឬការបន្ធូរបន្ថយ១០ភាគរយ ជាការយោគយល់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដល់អ្នកកាន់កាប់រថយន្ដគ្មានពន្ធ ចូលខ្លួនមកបង់ពន្ធ។ មួយវិញទៀតកាតព្វកិច្ចបង់ពន្ធនេះ គឺនិយាយពីសមធម៌ ចំពោះអ្នកបង់ពន្ធត្រឹមត្រូវ ច្បាស់ណាស់ថា ពួកគាត់ពិតជាមានអារម្មណ៍មួយផ្សេងទៀត ចំពោះខ្លួនដែលបានបង់ពន្ធ និងអ្នកមិនបានបង់ពន្ធ។ ចំពោះយន្ដការនៃការអនុវត្តបង់រំលោះ មិនមានគោលការណ៍នោះទេ អ្នកជាប់ពន្ធមកបង់ពន្ធកាន់តែលឿន នឹងទទួលបានការអនុគ្រោះ១០ភាគរយ ប៉ុន្ដែបើបន្ដអូសបន្លាយបន្ដភាពយឺតយ៉ាវ នោះនឹងដល់ពេលវេលាមួយ ដែលត្រូវបង់ពន្ធអាករពេញមិនមានការអនុគ្រោះទេ ការអនុវត្តន៍របស់យើង គឺត្រូវតែច្បាស់លាស់។
ឯកឧត្តម បានបញ្ជាក់ថា ពិតជាលំបាកចំពោះអ្នកអនុវត្តន៍ច្បាប់ ប្រសិនបើអ្នកជាប់ពន្ធគេចវេសមិនព្រមចូលខ្លួនបង់ពន្ធ ដូច្នេះពីពេលមួយទៅពេលមួយ គឺយើងជួបប្រឈមនឹងបញ្ហាទាំងអស់ ដោយបានប្រើវិធានការទន់ភ្លន់ផង-ក្ដៅផង។
យើងរស់នៅក្នុងសង្គមត្រូវមើលគេមើលឯង បើច្បាប់កំណត់យ៉ាងម៉េច ត្រូវតែអនុវត្តន៍យ៉ាងនេះ មែនទែនអ្នកកាន់កាប់រថយន្ដគ្មានពន្ធ គឺមានតួនាទី និងឋានៈគួរសមដែរ នេះជាពេលវេលាមួយគួរតែបង្ហាញ ពីការអនុវត្តន៍កាតព្វកិច្ចនៃការបង់ពន្ធ ចំពោះការបង់ពន្ធមិនមែនជួយដល់ក្រសួងហិរញ្ញវត្ថុ ឬជួយទៅខាងណានោះទេ ប៉ុន្ដែជាការជួយជាតិ ជួយដល់រាជរដ្ឋាភិបាល ដែលកំពុងជួបប្រទះលើបន្ទុកចំណាយលើជំងឺកូវីដ១៩ និងការគាំទ្រការងារសង្គម ព្រមទាំងអ្នករងគ្រោះពីជំងឺកូវីដ១៩ផង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ