Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ១០នាក់ ស្នើឲ្យមន្ត្រីតុលាការ នាំដើមបណ្ដឹងទាំង ៧នាក់ ចុះពិនិត្យមើលទីតាំងវាទប្បដិវាទផ្ទាល់ ព្រោះតែចោទប្រកាន់ខុសស្រឡះ

សៀមរាប ៖​ ប្រជាពលរដ្ឋ១០នាក់ ក្នុងនោះ មានមេភូមិផង មេឃុំផង រស់នៅក្នុង ភូមិដៃអាវ ឃុំស្រែណូយ ស្រុកវ៉ារិនខេត្តសៀមរាប បានភ្ញាក់ផ្អើលថា សុខៗស្រាប់តែពួកខ្លួនរងនូវបណ្ដឹងមនុស្ស ៧នាក់ សុទ្ធតែជាអ្នកមានអំណាចតួនាទី និងអំណាចទឹកប្រាក់ មកប្ដឹងចោទប្រកាន់ពួកខ្លួនថា ក្លែងបន្លំឯកសារ និងលួចលក់អចលនវត្ថុរបស់អ្នកដទៃ នៅក្នុងភូមិវត្តឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាបកាលពីអំឡុងឆ្នាំ២០០៥ និងឆ្នាំ ២០០៦ លើទំហំដីដែលមានផ្ទៃ ១៩៥ហិកតា ។

ប្រជាពលរដ្ឋទាំង ១០នាក់ ដែលរងបណ្ដឹងខាងលើនេះ ក៏មានប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិជាមួយគ្នាចំនួន ២៦០គ្រួសារ បន្ថែមទៀត បានគាំទ្រដល់មនុស្សទាំង ១០នាក់ នេះថា ពិតជាមិនពាក់ព័ន្ធចំពោះការចោទប្រកាន់របស់ដើមបណ្ដឹងទាំង ៧ នាក់ នោះទេ, ព្រោះពួកគេ ចាប់តាំងពីមកតាំងទីលំនៅរស់នៅក្នុង ភូមិដៃអាវ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប គឺមិនដែលពាក់ព័ន្ធរឿងដីធ្លីនៅ ភូមិវត្ត ឃុំស្រែណូយ ដូចដើមបណ្ដឹង ៧នាក់នោះចោទប្រកាន់ឡើយ, ម្យ៉ាងបើរកឃើញថា មានដីធ្លីណា ពាក់ព័ន្ធនឹងពួកខ្លួនទាំង ១០នាក់ នៅក្នុងភូមិវត្ត ឃុំស្រែណូយ នោះមែន គឺសូមប្រមូលយកទាំងអស់ចុះ មិនបាច់មកប្ដឹងផ្ដល់គ្នា នាំតែខាតពេលវេលា និងឈឺក្បាលខូចសុខភាពនោះទេ។

ចំណុចមួយទៀត ការដែលអាជ្ញាធរស្រុក-ខេត្ត បង្គាប់ឲ្យប្រធានភូមិ និងប្រធានឃុំ កុំស៊ីញ៉េលើលិខិតបញ្ជាក់ផ្សេងៗ ជូនប្រជាពលរដ្ឋក្នុង ភូមិដៃអាវ នៃឃុំស្រែណូយ នោះ គឺប៉ះពាល់សេដ្ឋកិច្ចគ្រួសារយ៉ាងខ្លាំង ដោយសារប្រជាពលរដ្ឋត្រូវការ មេភូមិ មេឃុំ បញ្ជាក់លើលិខិតកាន់កាប់ដីធ្លី ដើម្បីយកទៅបញ្ចាំធនាគារ យកលុយមកប្រើប្រាស់លើការបង្កបង្កើនផល ដូចជា ទិញឧបករណ៍ផ្សេងៗ ទិញជី ទិញពូជដំណាំ ផ្សេងៗ , ដូច្នេះ ប្រជាពលរដ្ឋមិនត្រូវការចំណាត់ការបែបនេះទេ, ប្រជាពលរដ្ឋក្នុងភូមិដៃអាវទាំងមូល ត្រូវការឲ្យមានការតែងតាំងមេភូមិ មេឃុំ ស្ដីទីណាមួយ សម្រាប់សម្រួលសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ទើបជាការត្រឹមត្រូវ។

ដើមបណ្ដឹងទាំង ៧នាក់ ដែលប្ដឹងទៅលើប្រជាពលរដ្ឋ ដោយចោទថា បានក្លែងបន្លំឯកសារ និងលួចលក់អចលនវត្ថុនេះ រួមមាន ÷ ១- ស៊ា ណាវី , ២- ស៊ា គឹមលី , ៣- ស៊ា រីណា , ៤- ទុយ សុគន្ធ , ៥- ប៊ូ ម៉េងឃាង , ៦- ពៅ បញ្ញា , និង ៧- ជួង វណ្ណា ។

រីឯប្រជាពលរដ្ឋ ១០នាក់ ដែលរងបណ្ដឹងរួមមាន ÷ ១- ក្រួច សុវណ្ណារ៉ា (ជាមេភូមិដៃអាវ) , ២- វ៉ក ណម (ជាមេឃុំស្រែណូយ) , ៣- សៀន ចិន , ៤- គិន លាភ , ៥- ឈិត សៀង , ៦- ឈួន ដា , ៧- សយ រតនា , ៨- ហួត ដាលីន , ៩- សាន ម៉ៅ , ១០- សឹង បុផា , និង ១១- គូកន។

ប្រជាពលរដ្ឋទាំង ១០នាក់ ដែលរងនូវបណ្ដឹងរបស់មនុស្ស ៧នាក់ បានអះអាងថា ពួកខ្លួនរស់នៅក្នុងភូមិដៃអាវ ឃុំស្រែណូយ ឯណេះទេ, រីឯដីធ្លីដែលគេចោទប្រកាន់ថា ក្លែងបន្លំឯកសារ និងលួចលក់នោះ បើតាមខ្លឹមសារក្នុងពាក្យបណ្ដឹង កំណត់ថា ស្ថិតក្នុង ភូមិវត្តឃុំស្រែណូយ ឯណោះទៅវិញ , ម្យ៉ាងទម្រាំ ចេញពីភូមិវត្ត ទៅដល់ ភូមិដៃអាវ នោះ ត្រូវឆ្លងភូមិមួយទៀត គឺភូមិព្រៃខ្នុរទើបបានទៅដល់ ភូមិដៃអាវ, ដូច្នេះ នេះគឺជាការចោទប្រកាន់មិនប្រក្រតីមួយ មានចរិតបន្លំ គៃបំបាត់ ប៉ុនប៉ងរំលោភយកដីរបស់ពួកគាត់ ដែលរស់នៅអាស្រ័យផលលើសពី ១៥ឆ្នាំទៅហើយ និងមានការទទួលស្គាល់ ដឹងឮពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-ស្រុក (មានលិខិតបញ្ជាក់ពីការគ្រប់គ្រង កាន់កាប់ដីធ្លី)។

ប្រជាពលរដ្ឋលើកឡើងថា ផ្អែកតាមការកំណត់ទីតាំងដីធ្លី ខុសទៅនឹងទីតាំងដែលមនុស្សរស់នៅនេះ គឺមន្ត្រីតុលាការ មន្ត្រីអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ គួរណាស់តែចុះស៊ើបអង្កេតឱ្យបានច្បាស់លាស់ មិនគួរសម្លឹងមើលតែលើក្រដាសបណ្ដឹង ក្រដាសឯកសារ ដែលមិនច្បាស់លាស់ ឬភ័ស្តុតាងមិនច្បាស់លាស់ , ឬមិនមានទីតាំងមូលដ្ឋានពិតប្រាកដណាមួយទាក់ទិនទៅនឹងមនុស្ស១០នាក់ ដែលរងបណ្ដឹងនោះ គឺជារឿងធ្វើឲ្យប្រជាពលរដ្ឋយល់ឃើញថាដើមបណ្ដឹងធ្វើការចោទប្រកាន់ខុសមនុស្ស ឬខុសទីតាំង , ហើយថា តុលាការខេត្តសៀមរាបចាត់នីតិវិធីបែបនេះ គឺជាការបំភិតបំភ័យប្រជាពលរដ្ឋដែលគ្នាស្លូតត្រង់ និងមិនយល់អំពីច្បាប់ទម្លាប់។

ក្រោយមជ្ឈមណ្ឌលព័ត៌មាន CEN ស៊ើបអង្កេតរឿងនេះនៅទីតាំងផ្ទុះវាទប្បដិវាទផ្ទាល់ និងឆ្លងតាមការសាកសួរបងប្អូនប្រជាពលរដ្ឋថែលរងបណ្ដឹងនៅទីកន្លែងដែលពួកគេរស់នៅក្នុងភូមិដៃអាវ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ឃើញថា ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារពួកគេមិនបានដឹងរឿងអ្វីទាល់តែសោះ, ដូច្នេះ សុភាចារៈបុរសនៃសាលាដំបូងខេត្តសៀមរាប គួរណាស់តែដឹកនាំដើមបណ្ដឹងទាំង ៧នាក់ ទៅចង្អុលបង្ហាញទីតាំងឱ្យច្បាស់លាស់សិន ថាតើ ទីតាំងមួយណាទាក់ទងទៅនឹងមនុស្សណាខ្លះ ដែលបានក្លែងបន្លំឯកសារ និងលួចលក់អចលនវត្ថុរបស់ពួកខ្លួន?! សឹមកោះហៅអ្នករងបណ្ដឹងឲ្យចំៗ ទៅសាកសួរ បំភ្លឺ នៅតុលាការ ទើបជាការសមរម្យ, ម្យ៉ាងប្រជាពលរដ្ឋចង់បានបែបនេះ ពោលគឺ ជាជំហានទី១ ចង់ឃើញដើមបណ្ដឹងទាំង ៧នាក់ ចុះទៅដល់ទីតាំងពិតប្រាកដ ដែលមានទំនាស់ ហើយបង្ហាញឯកសារភ័ស្តុតាងជាមួយគ្នា រួចតតាំងនៅទីនោះផ្ទាល់។

មហាជនលើកឡើងផងដែរថា ការចោទប្រកាន់ខុសទីតាំងបែបនេះ និងការធ្វើតាមដើមបណ្ដឹងដែលមិនស្គាល់ទីតាំងរបស់តុលាការខេត្តសៀមរាប គឺជាការនាំអំពល់ទុក្ខដល់ប្រជាពលរដ្ឋយ៉ាងច្រើន, ម្យ៉ាងចរិតនៃការចោទប្រកាន់តាមរូបភាពនេះ គឺបង្កប់នូវអំពើបៀតបៀន រំលោភបំពាន ចង់បានដីប្រជាពលរដ្ឋស្រស់ៗតែម្ដង។

ខាងលើនេះ គឺជាព័ត៌មានពីភាគីប្រជាពលរដ្ឋ ដែលមជ្ឈមណ្ឌលព័ត៌មាន CEN ចុះទៅស្រង់របាយការណ៍ និងយកព័ត៌មាននៅទីតាំងភូមិឋានប្រជាពលរដ្ឋផ្ទាល់, ដោយឡែក មន្ត្រីអាជ្ញាធរស្រុកវ៉ារិន អាជ្ញាធរខេត្តសៀមរាប និងមន្ត្រីតុលាការសាលាដំបូងខេត្តសៀមរាប មិនអាចទាក់ទងបានទេ ដោយសារពិបាកទំនាក់ទំនង និងមន្ត្រីខ្លះ យើងមិនមានលេខទូរស័ព្ទ, ដើម្បីឆ្លុះបញ្ចាំងយុត្តិធម៌ ប្រកបដោយសមធម៌ មជ្ឈមណ្ឌលព័ត៌មាន CEN រង់ចាំការបំភ្លឺបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយក្ដីរីករាយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×