ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២១ បានសម្រេចឃុំខ្លួន ជនត្រូវចោទជនជាតិចិន ចំនួន០២ នាក់ ដែលត្រូវជាប្តីប្រពន្ធនឹងគ្នា និង បានបញ្ជូនខ្លួនពួកគេ ទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅពន្ធនាគារ ដើម្បីរងចាំ ការទោស តាមច្បាប់ ជាប់ពាក់ព័ន្ធនឹងបទល្មើសការរក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ជិត១០ គីឡូក្រាម។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់តុលាការ បានឲ្យដឹងថា ជនត្រូវចោទទាំង០២នាក់នេះ មានឈ្មោះ ទី ១-ឈ្មោះ YE YU SONG ភេទប្រុស កើតឆ្នាំ១៩៨១ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EG3299329 និង ២-ឈ្មោះ LIN WEI ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន (គ្មាន)។
ពួកគេទាំង០២ នាក់ ត្រូវបាន តំណាងអយ្យការចោទប្រកាន់ពីបទ : រក្សាទុក, ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន និង ផលិតគ្រឿងញៀន។
ពួកគេត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថភាពនគរបាលប្រឆាំងគ្រឿងញៀន នៃ មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៤ ខែ ឆ្នាំ ២០២១ នៅក្នុង ចំណុច ផ្ទះលេខ១៥B បន្ទប់លេខ២A (ខុនដូ) ផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឺងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្រោយពេលឃាត់ខ្លួនពួកគេ, សមត្ថកិច្ចនគរបាលជំនាញ ដកហូតបានវត្ថុតាងរួមមាន ៖ ទី ១-ថ្នំាញៀន អ៊ិចស្តាស៊ី (MDMA) ចំនួន 6546,65 ក្រាម, ទី ២-ថ្នាំញៀន មេតាំហ្វេតាមីន (ICE) ចំនួន 1085,35 ក្រាម, ទី ៣-ថ្នាំញៀន អំហ្វេតាមីន ចំនួន 608,33ក្រាម , ទី ៤- ថ្នាំញៀន កេតាមីន(Ketamine) ចំនួន 228,89 ក្រាម, និង ទី ៥-ថ្នាំញៀន នីមេតាហ្សេប៉ាម(Nimetazepam) ចំនួន 1 503,88 ក្រាម។
សរុបទម្ងន់ ថ្នាំញៀន ដែលរឹបអូសបាន មានចំនួន 9973,10 ក្រាម ( ជិត ១០ គីឡូក្រាម) , សារធាតុគីមី 4684,70 ក្រាម, ទូរស័ព្ទ ០២គ្រឿង និងឧបករណ៍កែច្នៃមួយចំនួនធំផ្សេងទៀត៕រក្សាសិទ្ធិដោយ ៖ ចន្ទា ភា