ភ្នំពេញ ÷ ក្មេងប្រុស២នាក់ត្រូវជាបងប្អូនជីដូនមួយ បាននាំគ្នាទៅលេងប្រឡាយទឹកក្បែរផ្ទះជាប់នឹងផ្លូវរថភ្លើង បណ្តាលឲ្យលង់ស្លា.ប់ទាំង២នាក់បងប្អូនយ៉ាងអាណោចអាធ័ម។

ហេតុការភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពក្មេងប្រុស ទី១ មានឈ្មោះ ហុង ភេទប្រុស អាយុ៧ឆ្នាំ ជាសិស្ស បច្ចុប្បន្នស្នាក់នៅភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ខពោធិ៍សែនជ័យ ។ សពក្មេងប្រុសទី២ មានឈ្មោះ ថា អាហ៊រ ភេទប្រុស អាយុ៦ឆ្នាំ ជាសិស្សបច្ចុប្បន្ន ស្នាក់នៅជាមួយគ្នា។

យោងតាមប្រភពព័ត៌មានពីនារីម្នាក់ ត្រូវជាបងក្មេងរងគ្រោះ បានប្រាប់ឲ្យដឹងថា ដោយប្អូនរបស់ខ្លួនទាំង២នាក់នោះ បាត់ចេញពីផ្ទះមិនឃើញត្រឡប់មកវិញ បន្ទាប់មកខ្លួនក៏បានដើររកនិង ទៅសួរពលរដ្ឋនៅក្បែរផ្ទះដោយពួកគាត់ បានប្រាប់ថាឃើញក្មេងទាំង២នាក់នោះ បាននាំគ្នាដើរទៅលេងប្រឡាយទឹកក្បែរនឹងផ្លូវរថភ្លើង តាំងពីម៉ោង ១២ ជាងថ្ងៃត្រង់មកម្លេះ ក្រោយមកនារីត្រូវជាបងបានរត់សំដៅទៅកន្លែងប្រឡាយទឹកនោះ ក៏ប្រទះឃើញនៅសល់តែស្បែកជើង២គូរ ក៏ភ័យស្លន់ស្លោរត់ទៅប្រាប់ឲ្យអ្នកភូមិមកជួយរកប្អូនរបស់ខ្លួន ក្រោយមកពលរដ្ឋបាននាំគ្នាយកសំណាញ់និងអ៊ួនយក
មកអូសនិងបង់អស់រយៈពេលជាច្រើនម៉ោង ក៏បានរកឃើញសពក្មេងប្រុស២នាក់ឈ្មោះ ហ៊រនិងឈ្មោះហុង រួចក៏បានស្រង់យកមកលើគោក ដើម្បីរាយការណ៍ទៅសមត្ថកិច្ច។

ក្រោយពីសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ក៏បានទំនាក់ទំនង ទៅខាងផ្នែកជំនាញកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យចុះមកពិនិត្យទៅលើសពក្មេងប្រុសទាំង២នាក់ រួចក៏ប្រគលតួនាទីទៅសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់សព ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ រក្សាសិទ្ធិដោយ៖សាមេត

















