ភ្នំពេញ ÷ យុវជនម្នាក់បានបាត់បង់ជីវិត នៅនិងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនជ្រុល ទៅបុកចំពីមុខរថយន្តកូរ៉េដឹកមាន់ ពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួល ចូលពីមុខរថយន្តបោកក្បាលស្លា.ប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង០០ និង៣០ នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី១២ ខែកញ្ញាឆ្នាំ ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចទល់មុខនឹងផ្សារបុរីពិភពថ្មីកំបូល ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពជនរងគ្រោះហឿន សុផាត ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបធ្វើចុងភៅ មានស្រុកកំណើត នៅភូមិគោហ៊េ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។

យោងតាមប្រភពព័ត៌មានពីបុរសម្នាក់ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញរថយន្តកូរ៉េដឹកមាន់ មួយគ្រឿងក្បាល ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2AR-0438 បើកបរដោយបុរសម្នាក់រួមដំណើរ ជាមួយជាច្រើននាក់ទៀត បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ទល់មុខនឹងផ្សារបុរីពិភពថ្មីកំបូល ស្រាប់តែមានយុវជនម្នាក់បានជិះម៉ូតូម៉ាកស៊ុយសាគីនិចមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ1DE-0001 ជិះតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅបញ្រ្ចាសគ្នា ពីលិចមកកើតក្នុងល្បឿនលឿន បានរេចង្កូតជ្រុលទៅបុករថយន្តកូរ៉េដឹកមាន់ ចំពីមុខពេញទំហឹងបណ្តាលឲ្យជនរងគ្រោះ ដួលផ្ទប់ចូលក្រោមរថយន្តស្លា.ប់មួយរំពេច ចំណែកឯតៃកុងរថយន្តដឹកមាន់ បាននាំគ្នារត់គេចខ្លួនបាត់ស្រមោល នៅសល់តែរថយន្តនៅកន្លែងកើតហេតុ។ បន្ទាប់មកក៏បានបុរសម្នាក់នៅកន្លែងកើតហេតុ រាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ចុះមកកន្លែងកើតហេតុភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយផ្នែកជំនាញចរាចរណ៍ខណ្ឌកំបូល បានចុះមកដល់រួចក៏បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញក្រុងឲ្យចុះមកធ្វើការវាស់វែង យករថយន្តបង្កនិងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។
ចំណែកសពជនរងគ្រោះសមត្ថកិច្ច ធ្វើកំណត់ហេតុរួចប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

