ភ្នំពេញ ៖ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នឹងត្រូវរៀបចំពិធីប្រគល់-ទទួល នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។
អបអរសាទរ! ពិធីប្រគល់-ទទួលសមិទ្ធផលជាប្រវត្តិសាស្ដ្រដ៏អស្ចារ្យ ដើម្បីត្រៀមដំណើរឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ។
ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងក្លាយជាទីកន្លែងសំខាន់សម្រាប់ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ។ ពហុកីឡដ្ឋានជាតិមរតកតេជោនេះ ត្រូវបានបើកការដ្ឋានសាងសង់ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ កីឡដ្ឋានលំដាប់អន្តរជាតិនេះ អាចផ្ទុកអ្នកទស្សនាបានប្រមាណ៦ម៉ឺននាក់ និងអាចជម្លៀសទស្សនិកជនត្រឹមរយៈពេល៧ នាទីក្នុងករណីមានហេតុការណ៍មិនប្រក្រតីកើតឡើង។
ពហុលីឡដ្ឋានជាតិនេះ ក៏ជាកន្លែងសំខាន់មួយសម្រាប់រៀបចំពិព័រណ៍ពាណិជ្ជកម្ម ឬពិព័រណ៍ទេសចរណ៍ផងដែរ ក្រៅពីនោះក៏មានជាសណ្ឋាគារ និងផ្សារដែលសាងសង់ព្រមជាមួយគ្នាទៀតផង ។ តាមរយៈសមិទ្ធផលនៃពហុកីឡាដ្ឋាននេះ នឹងជំរុញការអភិវឌ្ឍវិស័យកីឡា និងវប្បធម៌នៃប្រទេសកម្ពុជា កាន់តែរីកចម្រើន និងល្បីសុះសាយបន្ថែមទៀត ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ















