ពោធិ៍សាត់ ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រងិល បានឃាត់ខ្លួនបុរសម្នាក់ពីបទរំលោភសេពសន្ថវៈលើអនីតិជន ដោយយោងតាមពាក្យបណ្ដឹងរបស់ម្តាយក្មេងស្រីរងគ្រោះ។
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រងិល បានឲ្យដឹងថា ស្ត្រីឈ្មោះ សាន្ត គឹមហេង អាយុ៤២ឆ្នាំ រស់នៅភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ បានប្ដឹងឈ្មោះ ណុប ភារម្យ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិឃុំខាងលើថា បានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈ ទៅលើកូនស្រីរបស់គាត់ឈ្មោះ ស.គល អាយុ១១ឆ្នាំ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៣និង៣០នាទីរសៀល នៅចំណុចតូបលក់អីវ៉ាន់ចាប់ហួយ របស់ជនសង្ស័យ ស្ថិតនៅភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
នគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យ នាំមកអធិការដ្ឋាននគរបាលស្រុក ។

នៅចំពោះមុខសមត្ថកិច្ចបានឲ្យដឹងថា ខ្លួនបានអូសដៃកុមារីរងគ្រោះ ចូលទៅក្នុងតូបរបស់ខ្លួន ធ្វើសកម្មភាពរំលោភសេពសន្ថវៈ រហូតបានសម្រេច រួចឲ្យនាងត្រឡប់ទៅផ្ទះវិញ និងបានហាមមិនឲ្យនាងនិយាយរឿងនេះប្រាប់គេ ប៉ុន្តែមកដល់ផ្ទះក្មេងស្រីរងគ្រោះ បាននិយាយរឿងនេះ ប្រាប់ម្តាយទាំងអស់ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ តាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ