ភ្នំពេញ ÷ បុរសម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូឌ្រីមសង់ជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រ បណ្តាលឲ្យបោ.កក្បាលផ្ទប់រថយន្តស្លា.ប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង០០នាទីយប់ ថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១ ចំណុចទលមុខមណ្ឌលសុខភាពសំរោង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សពមានឈ្មោះ ស៊ុនវេហា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរបម្រើការងារនៅក្រុមហ៊ុន ស្រាបៀរ ganzberg មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញរថយន្តកុងតឺន័រ មួយគ្រឿង ក្បាលពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ3A-9071 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុ ទល់មុខមណ្ឌលសុខភាពសំរោង ស្រាប់តែមានបុរសរងគ្រោះខាងលើ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅពាក់ផ្លាកលេខ កំពង់ឆ្នាំង 1J-8158 ធ្វើដំណើរស្របគ្នាក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន បានជ្រុលចង្កូតទៅបុករថយន្តកុងតឺន័រពីក្រោយ ពេញទំហឹងបណ្តាលឲ្យបោ.កក្បាលជនរងគ្រោះ ផ្ទប់រថយន្តស្លា.ប់ភ្លាមៗ ចំណែកឯរថយន្តកុងតឺន័រ បន្តបើករត់គេចទៅមុខ តែសំណាងមិនល្អត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌព្រែកព្នៅ តាមឃាត់បានទាំងតៃកុងនិងរថយន្ត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយផ្នែកជំនាញចរាចរណ៍ខណ្ឌព្រែកព្នៅ ចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកពិនិត្យនិងវាស់វែង យករថយន្តបង្កនិងម៉ូតូរងគ្រោះខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ ដោយឡែកសពបានធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅខេត្តកំពង់ឆ្នាំង តាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត







