Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយជាថ្មី បន្ដគំរាមពិភពលោក

រដ្ឋធានីព្យុងយ៉ាង ៖ នៅក្នុងខួបគម្រប់៧៣ឆ្នាំ នៃការបង្កើតប្រទេសកូរ៉េខាងជើង កាលពីសប្ដាហ៍កន្លងទៅថ្មីៗនេះ ថ្វីត្បិតរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង មិនបានធ្វើព្យុហយាត្រា បង្ហាញមីស៊ីលថ្មីក្ដី ប៉ុន្ដែក្រោយពេលបញ្ចប់ខួប នៃការបង្កើតប្រទេសកូរ៉េខាងជើងនោះ កងទ័ពរបស់ប្រទេសនេះ បានបន្ដបាញ់មីស៊ីល រយៈចម្ងាយឆ្ងាយជាថ្មី កាលពីថ្ងៃទី១១ និង ១២ ខែកញ្ញា ឆ្នាំ២០២១ គំរាមកំហែងដល់ពិភពលោកម្ដងទៀត។

បើតាមបណ្ដាញផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ថា កូរ៉េខាងជើង បានបាញ់មីស៊ីល រយៈចម្ងាយឆ្ងាយសាជាថ្មី កាលពីចុងសប្ដាហ៍កន្លងទៅនេះ ហើយមីស៊ីលទាំងនោះបានធ្លាក់គោលដៅ ក្នុងចម្ងាយ១ ៥០០គីឡូម៉ែត្រយ៉ាងល្អបំផុត។ ប៉ុន្ដែលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង មិនបានទៅត្រួតពិនិត្យ ដោយផ្ទាល់ទេ ហើយលោកបញ្ជាឲ្យមន្រ្ដីជាន់ខ្ពស់ក្នុងបក្ស និង យោធារបស់ប្រទេសនេះ ជាអ្នកត្រួតពិនិត្យជំនួសវិញ។

សារព័ត៌មានរុស្ស៊ី Russia Today បានផ្សាយ កាលពីយប់ ថ្ងៃទី១២ ខែកញ្ញា ថា ការបាញ់សាកល្បងមីស៊ីល កាលពីថ្ងៃទី១១ និង១២ ខែកញ្ញា ឆ្នាំ២០២១ ត្រូវបានទីភ្នាក់ការសារព័ត៌មាន KCNA គ្រប់គ្រង ដោយរដ្ឋកូរ៉េខាងជើងផ្សេង ថា មីស៊ីលទាំងនោះ បានកម្ទេចទៅលើគោលដៅចម្ងាយ ១ ៥០០គីឡូម៉ែត្រ ចេញពីកន្លែងបាញ់។ គ្រាប់មីសីលទាំងនោះ បានធ្លាក់ទៅលើដែនទឹករបស់កូរ៉េខាងជើង។

រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានសាទរ ចំពោះការសាកល្បងមីស៊ីលជាថ្មីនេះ ថា វាជាជោគជ័យខាងមីស៊ីលរបស់ខ្លួន។ កូរ៉េខាងជើង បានអះអាងថា ការបាញ់បង្ហោះមីស៊ីលនេះ បានបញ្ជាក់ ពីលក្ខណៈបច្ចេកទេសទាំងអស់ នៃអាវុធថ្មី រួមទាំងថាមពល នៃប្រព័ន្ធរុញច្រាន ការត្រួតពិនិត្យមីស៊ីល និងភាពត្រឹមត្រូវ នៃប្រព័ន្ធមីស៊ីលទាំងនេះ។

បច្ចុប្បន្ន ប្រទេសកូរ៉េកំពុងតែប្រឈមមុខនឹងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ហើយប្រជាជនប្រឈមនឹងការខ្វះខាតស្បៀងអាហារ។ បញ្ហាប្រឈមនឹងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងររបស់កូរ៉េខាងជើង គឺបណ្ដាលមកពី៖ ទី១-ទណ្ឌកម្មអន្ដរជាតិ ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ, ទី២-គ្រោះធម្មជាតិ រួមមាន ព្យុះទីហ្វុង គ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ បំផ្លាញផលកសិកម្ម ហើយទី៣-ការបិទព្រំដែនជាមួយចិន ដើម្បីទប់ស្កាត់កូវីដ-១៩។ កូរ៉េខាងជើង មានសេដ្ឋកិច្ចយ៉ាងសំខាន់លើការនាំចេញនាំចូលតែជាមួយនឹងប្រទេសចិនប៉ុណ្ណោះ ប៉ុន្ដែនៅពេលបិទព្រំដែន ធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសនេះធ្លាក់ចុះយ៉ាងខ្លាំង។

ទោះជាយ៉ាងនេះក្ដី រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង តែងតែគំរាមកំហែង ចំពោះការប្រើប្រាស់យុទ្ធសាស្រ្ដ បាញ់មីស៊ីល រយៈចម្ងាយឆ្ងាយ ក្រោយការចរចា រំសាយអាវុធនុយក្លេអ៊ែរ ត្រូវបរាជ័យ ជាមួយនឹងរដ្ឋការលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក។ លោក ដូណាល់ ត្រាំ បានព្យាយាមចរចាជាច្រើនលើក តាំងពីនៅក្នុងប្រទេសសិង្ហបុរី វៀតណាម និង ជំនួបក្រៅផ្លូវការ នៅព្រំដែនពុះចែកកូរ៉េទាំង២ តែត្រូវបរាជ័យ ក្នុងការជំរុញឲ្យកូរ៉េខាងជើង រំសាយនូវកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសឯកោមួយនេះ។

នៅក្នុងរដ្ឋការរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ទោះបីមានការប្រកាសថា សហរដ្ឋអាមេរិកបានខិតខំជួបមន្ត្រីកូរ៉េខាងជើង នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាក៏ដោយ ក៏នៅតែមិនទាន់ឈានដល់កិច្ចព្រមព្រៀង រំសាយអាវុធមហាប្រល័យលោករបស់កូរ៉េខាងជើងនៅឡើយដែរ។ កូរ៉េខាងជើងបានច្រានចោលដំណើរឆ្ពោះទៅមុខ នៃការការទូត ដែលជាផ្នែកមួយ នៃការចង់បានរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន៕ រក្សាសិទ្ធិដោយ៖សារាយSN

×