Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាញ់ថ្នាំសម្លាប់មេរោគ នៅតាមសាលាទូទាំង១៤ខណ្ឌ ដើម្បីត្រៀមបើកសាលា ឲ្យសិស្សបានចូលរៀននៅថ្ងៃ១៥ខែកញ្ញានេះ

ភ្នំពេញ៖ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកឧត្ដមសេនីយ៌មេបញ្ជាការកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២១ នេះបានដឹកនាំ អាជ្ញាធរខណ្ឌទាំង១៤ មន្ត្រីពាក់ព័ន្ធធ្វើការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីធ្លាសាលានិងអគារអនុវិទ្យាល័យនិងវិទ្យាល័យ នានាទូទាំង១៤ខណ្ឌ ដើម្បីត្រៀមលក្ខណៈបើកសាលាឲ្យសិស្សានុសិស្ស បានចូលរៀនឡើងវិញ នៅថ្ងៃទី១៥ខែកញ្ញាខាងមុខនេះ ។

ក្នុងកម្មវិធីនៃការបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបណ្ដាសាលានានានៅទូទាំងរាជធានីភ្នំពេញនេះអភិបាលរាជធានីភ្នំពេញបានបែងចែកកម្លាំងទាំងអស់ ទៅបាញ់ថ្នាំសម្លាប់មេរោគនៅតាមខណ្ឌទាំង១៤ខណ្ឌ ។

ក្នុងពិធីនោះ អភិបាលរាជធានីបានមានប្រសាសន៍ថា ការបើកសាលារៀនឡើងវិញនេះ ធ្វើឡើងទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយអនុសាសន៍នេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ឪពុកម្ដាយ អាណាព្យាបាលសិស្ស ចូលរួមនិងគាំទ្រ យ៉ាងពេញទំហឹង ដោយសារកូនគាត់បានសិក្សារៀនសូត្រនៅតាមសាលាឡើងវិញ ក្រោយពីខកខាននៃការរៀនសូត្រប្រមាណ៧ខែមកនេះ ដោយការរាតត្បាតដោយជម្ងឺកូវីដ-១៩ ។

ឯកឧត្តមអភិបាលក៏បានបញ្ជាក់ផងដែរថា ថ្ងៃទី១៥កញ្ញាឆ្នាំ ២០២១ គឺជាថ្ងៃកំណត់ដែលសាលា ត្រូវបើកឲ្យដំណើរការរៀនសូត្រឡើងវិញ ចាប់ពីអនុវិទ្យាល័យដល់វិទ្យាល័យ ប៉ុន្តែត្រូវតែអនុវត្ត ឱ្យខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើង វិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ របស់ក្រសួងអប់រំ យុវជន និងកីឡា ។ មិនថាសាលា តូច ធំ រដ្ឋ ឬ ឯកជនយ៉ាងណានោះទេ សំខាន់ឲ្យតែអនុវត្តឱ្យបានត្រឹមត្រូវទៅតាមប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ គឺរដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យបើកដំណើរឲ្យសិស្សានុសិស្សបានចូលរៀន ។ ប៉ុន្តែបើសាលាដែលមិនទាន់បានបំពេញនូវលក្ខខណ្ឌខាងលើនេះឲ្យបានគ្រប់គ្រាន់ទេ រដ្ឋបាលរាជធានីភ្នំពេញនិងជំរុញឱ្យពួកគាត់អនុវត្តឱ្យបានត្រឹមត្រូវ ទើបឲ្យបន្តការបើកសាលានេះជាបន្តបន្ទាប់ទៀត។

ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការអំពាវនាវទៅដល់ឪពុកម្ដាយ អាណាព្យាបាលសិស្សទាំងអស់ ត្រូវចូលរួមជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺ-១៩ ខណៈបើកសាលារៀនឡើងវិញនេះ ។ បើយើងធ្វេសប្រហែសតែបន្តិច គ្រោះថ្នាក់នៃជម្ងឺកូវីដ-១៩ នឹងធ្លាក់មកលើពួកយើងទាំងអស់គ្នា។ យើងត្រូវតែរួមគ្នា ទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩នេះ ដើម្បីឈានទៅអភិវឌ្ឍប្រទេសជាតិយើងឲ្យបានរីកចម្រើនលឿនឡើងវិញ។

គួរបញ្ជាក់ផងដែរថា យុទ្ធនាការនៃការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបណ្ដាសាលានានា នៅទូទាំងរាជធានីនេះ អាជ្ញាធររាជធានីភ្នំពេញ ត្រូវបាញ់ថ្នាំសម្លាប់មេរោគ នៅសាលារដ្ឋចំនួន៦៨សាលា ទូទាំង១៤ខណ្ឌ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×