ភ្នំពេញ ៖ យុវជន២នាក់បានបាត់បង់ជីវិត ដោយជនមិនស្គាល់មុខមួយក្រុម បានស្ទាក់ព្រួតគ្នាកា.ប់ជាច្រើនកាំបិត។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅជាប់របងវត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

សពជនរងគ្រោះទាំង២នាក់ខាងលើ ទី១ មានឈ្មោះ អ៊ុន ដាឡាក់ អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិផ្សារចាម សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ចំណែកជនរងគ្រោះម្នាក់ទៀតមានឈ្មោះ ឈាង មានហេង អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មិនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាកអាយខុន ចេញពីផឹកស៊ី លុះដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យមួយក្រុម ប្រដាប់ដោយដៃនិងកាំបិត បានព្រួតគ្នាវា.យនិងកា.ប់ទៅលើជនរងគ្រោះទាំង២នាក់ ជាច្រើនកាំបិតបណ្តាលឲ្យដួលម៉ូតូបោកទៅនឹងរបងវត្តស្លា.ប់ម្នាក់ នៅកន្លែងកើតហេតុភ្លាមៗ ចំណែកយុវជនម្នាក់ទៀត បានស្លា.ប់ពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ បានចុះទៅវាស់វែង និងពិនិត្យនៅកន្លែងកើតហេតុ ដោយប្រាប់ថា ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូឌុបគ្នាលឿនពេក បណ្តាលឲ្យដួលបោកក្បាលបាក់ ក ស្លា.ប់ហើយក៏បានដឹកសពទៅតម្កល់ទុកនៅវត្តច្បារអំពៅ លុះព្រឹកឡើងក្រុមគ្រួសារមិនអស់ចិត្តដោយឃើញមានស្នាមកាំបិតជាច្រើនកាំបិត នៅលើក្បាលរបស់ជនរងគ្រោះទាំង២នាក់ ទើបឲ្យសមត្ថកិច្ចបើកការស្រាវជ្រាវករណីខាងលើនេះវិញ។
ខណៈពេលនេះ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌច្បារអំពៅ និងកម្លាំងអាវុធហត្ថ កំពុងបើកការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ចំពោះករណីខាងលើនេះផងដែរ៕ រក្សាសិទ្ធិដោយ ៖ សួង សាម





