ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំថ្មីមួយ ស្ដីពី គោលការណ៍ប្រតិបត្តិស្តង់ដា សម្រាប់ការលើកកម្ពស់សុខភាព និង សុវត្ថិភាពសិក្សាក្នុងការបង្រៀន និងការរៀនតាមបណ្ដុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។

ក្នុងសេចក្តីណែនាំនៅថ្ងៃទី១៣ ខែសីហានេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានណែនាំដល់គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននូវគោលការណ៍ប្រតិបត្តិស្តង់ដាសំខាន់ៗចំនួន៧ចំណុច។
ដើម្បីពង្រឹងយន្តការលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សា ក៏ដូចជាការរួមចំណែកកាត់បន្ថយ ហានិភ័យ ការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព ក្រសួង អប់រំ យុវជន និងកីឡាសូមធ្វើការណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដូចខាងក្រោម៖ ត្រូវបង្កើត និងពង្រឹងភារកិច្ចរបស់គណៈកម្មការសុខភាពសិក្សា នៅតាមគ្រឹះស្ថានសិក្សាដោយ កំណត់សមាសភាព និងភារកិច្ចច្បាស់លាស់ ស្របតាមបទដ្ឋានគតិយុត្តដែលមានជាធរមាន។ រៀបចំបន្ទប់សុខភាពក្នុងគ្រឹះស្ថានសិក្សា ដោយបំពាក់នូវសម្ភារៈចាំបាច់សម្រាប់សង្គ្រោះបឋម និង ឧបករណ៍វាស់ស្ទង់កម្ដៅ ម៉ាស់ ទឹកអាល់កុល ឬ អាល់កុលដែល សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ រៀបចំផែនការសកម្មភាព លើកកម្ពស់សុខភាព សុវត្ថិភាពសិក្សា ដាក់បញ្ចូលក្នុងផែនការប្រតិបត្តិប្រចាំឆ្នាំរបស់គ្រឹះស្ថានសិក្សានីមួយៗ។ សហការជាមួយអ្នកពាក់ព័ន្ធ សុខភាពសិក្សា និងកៀរគរប្រភពធនធានសម្រាប់អនុវត្តកម្មវិធីលើកកម្ពស់។ ធ្វើការសម្រេចចិត្តក្នុងផ្អាកដំណើរការរៀនតាមបណ្តុំ ឬការបិទសាលារៀនជាបណ្ដោះអាសន្នករណី មានការរាតត្បាតជំងឺឆ្លង ឬករណីមានប្រធានស័ក្ត និងត្រូវជូនដំណឹងដល់អ្នកពាក់ព័ន្ធដើម្បីលើក វិធានការអន្តរាគមន៍បន្ទាន់។ គ្រប់គ្រង តាមដាន វាយតម្លៃ និងចងក្រងទិន្នន័យស្ថិតិ និងសូចនាករពាក់ព័ន្ធនឹងការអនុវត្ត កម្មវិធីលើកកម្ពស់សុខភាពសិក្សាគ្រប់ជ្រុងជ្រោយ។ រៀបចំរបាយការណ៍ពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធីលើកកម្ពស់សុខភាពសិក្សាជូនអ្នកពាក់ព័ន្ធតាមឋានានុក្រម។ ត្រូវវាស់ស្ទង់កម្ដៅអ្នកសិក្សា បុគ្គលិកអប់រំ និងអ្នកដទៃទៀតមុនអនុញ្ញាតឱ្យចូលបរិវេណគ្រឹះស្ថានសិក្សា ជាដើម៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ






