ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានធ្វើការណែនាំ និងផ្តល់អនុសាសន៍សំខាន់ៗ មួយចំនួនដល់កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប គឺត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ទាំងក្នុងអង្គភាព និងជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋ និងត្រូវអនុវត្តវិន័យកងកម្លាំងជាចាំបាច់ បើសិនមានការប្រព្រឹត្តសុខពីតួនាទីរបស់កងកម្លាំងនគរបាលជាតិ។ ត្រូវបម្រើសេវាសាធារណៈប្រកបដោយជំនាញវិជ្ជាជីវៈ និងស្មោះត្រង់ដោយមិនត្រូវយកតួនាទីទៅធ្វើការកោសរូសប្រជាពលរដ្ឋនោះឡើយ។

ការផ្តល់អនុសាសន៍របស់អគ្គស្នងការនគរបាលជាតិ បានធ្វើឡើងក្នុងពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។
អនុសាសន៍ចង្អុលដឹកនាំចំនួន ៥ចំណុច ដែលញៈ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ផ្តល់ដល់ស្នងការនគរបាលខេត្តសៀមរាប រួមមានៈ
១.ត្រូវពង្រឹងតួនាទីដឹកនាំ ក្នុងនាមជាមេបញ្ជាការ គឺជាអ្នកទទួលខុសត្រូវខ្ពស់ជាងគេទាំងគុណសម្បត្តិ និងគុណវិបត្ត, ត្រូវពង្រឹងរបៀបរបបការងារបែងចែកប្រគល់ភារកិច្ចទៅតាមជំនាញ តាមផ្នែកទទួលខុសត្រូវ, ពង្រឹងការការងារប្រចាំបញ្ជាដែលជាចំណុចសំខាន់ត្រូវមានបញ្ជាការដឹកនាំប្រចាំវេន ពិសេសគ្រប់គ្រងពង្រឹងកម្លាំងអន្តរាគមន៍ និងចង់អោយកម្លាំងក្នុងមូលដ្ឋានមានប្រសិទ្ធភាព ក្នុងនាមយើងជាថ្នាក់ដឹកនាំត្រូវតែធ្វើជាគំរូល្អ ហើយធ្វើយ៉ាងណាអោយប្រជាពលរដ្ឋមានសុខសុវត្ថិភាព និងជឿជាក់លើកងកម្លាំងអនុវត្តច្បាប់។

២.ក្នុងនាមជាស្នងការនគរបាលខេត្ត ត្រូវធ្វើជាសេនាធិការគ្រប់ជ្រុងជ្រោយជូនខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត, កសាងផែនការសកម្មភាព សន្តិសុខ សណ្តាប់ធ្នាប់ក្នុងខេត្ត, ត្រូវជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សហការជាមួយកម្លាំងអាវុធហត្ថ ដើម្បីអនុវត្តយុទ្ធនាការសំខាន់របស់រាជរដ្ឋាភិបាល, ត្រូវបន្តចូលរួមជាមួយអនុគណៈកម្មការជំនាញប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងការគ្រប់គ្រងប្រជាពលរដ្ឋ ស្រាវជ្រាវអ្នកចំណូលថ្មី និងអ្នកចំណាកស្រុកដែលត្រឡប់មកពីប្រទេសជិតខាង ជាពិសេសអ្នកដែលពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័ក និងអ្នកឆ្លងត្រូវបញ្ជូនទៅព្យាបាល។
៣.ត្រូវពង្រឹងគុណភាពកងកម្លាំង ដោយធ្វើការហ្វឹកហាត់បំប៉នជំនាញនៅនឹងកន្លែង រួមទាំងការគ្រប់គ្រងការងារ គ្រប់គ្រងចំនួន និងគ្រប់គ្រងអារម្មណ៍ផងដែរ។ ត្រូវពង្រឹងកម្លាំងនគរបាលចរាចរណ៍ដែលអនុវត្តតួនាទីនៅតាមដងផ្លូវ និងកម្លាំងនគរបាលនៅតាមមូលដ្ឋាន ពិសេសនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវបម្រើសេវាសាធារណៈប្រកបដោយជំនាញវិជ្ជាជីវៈ និងស្មោះត្រង់ដោយមិនត្រូវយកតួនាទីទៅធ្វើការកោសរូសប្រជាពលរដ្ឋនោះឡើយ។
៤.ត្រូវលើកកម្ពស់ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុង ទាំងក្នុងអង្គភាព និងជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋ។ ត្រូវពង្រឹងការងារសមាគមមិត្តនគរបាលជាតិ ដោយចុះសួរសុខទុក្ខ ក៏ដូចជាការចូលរួមរំលែកមរណៈទុក្ខចំពោះមន្រ្តីជាដើម។
៥.ត្រូវអនុវត្តវិន័យកងកម្លាំងជាចាំបាច់ បើសិនមានការប្រព្រឹត្តសុខពីតួនាទីរបស់កងកម្លាំងនគរបាលជាតិ ហើយក៏ត្រូវមានការលើកសរសើរចំពោះមន្ត្រីដែលមានសមត្ថភាព បានអនុវត្តការងារល្អ តាមរយៈការប្រគល់មេដាយ បណ្ណសរសើរ លិខិតសរសើរ ឬក៏ការតំឡើងឋានៈជាដើម។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានណែនាំ និងក្រើនរំលឹកដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវបំពេញភារកិច្ចប្រដោយការទទួលខុសត្រូវ និងរក្សាអនាម័យសុខភាព ដោយអនុវត្តអោយបានខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល និងរាជរដ្ឋាភិបាល ៣ការ ៣កុំ។
គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត អត្តលេខ ៦៥២១២ ត្រូវបានតែងតាំងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជំនួសលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

