ភ្នំពេញ ៖ រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា និងលោកជំទាវ វិន ស៊ីធួន អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគីរី បានអញ្ជើញជាធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ហូកា ផ្នែកគេហកិច្ច សម្រាប់ខេត្តមណ្ឌលគិរី តាមប្រព័ន្ធអនឡាញ និង Hybrid។

វគ្គបណ្តុះបណ្តាលនេះដែលមានចក្ខុវិស័យក្នុងការបណ្តុះបណ្តាលជំនាញដល់គ្រូបង្គោលចំនួន ២០០រូប និងអ្នកជំនាញទេសចរណ៍ នៅភូមិភាគឦសាន្តចំនួន ១,៧០០រូប នឹងចូលរួមបង្កើនមូលធនមនុស្សជាគ្រូបណ្តុះបណ្តាល សម្រាប់ខេត្តតំបន់ឦសាន្ត សំដៅចូលរួមធ្វើការបណ្តុះបណ្តាលបន្តដល់យុវជន និងបុគ្គលិកកំពុងបម្រើការងារក្នុងសេវាកម្មទេសចរណ៍ ដើម្បីពង្រឹងគុណភាពសេវាកម្មសេវាកម្ម លើកកម្ពស់ជំនាញ “បុគ្គលិកម្នាក់ ជំនាញមួយ” និងគាំទ្រដល់ផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥ និងផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥” ដែលមានចក្ខុវិស័យ គឺជំរុញការអភិវឌ្ឍខេត្តមណ្ឌលគិរី ជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ និងផ្លែឈើ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំទៅកាន់ទីផ្សារក្រៅប្រទេស រួមចំណែកធ្វើឱ្យតំបន់ភូមិភាគឦសាន ដែលមានខេត្តមណ្ឌលគិរីជាស្នូល ក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ ខណៈដែលនៅឆ្នាំ២០៣៥ ចំនួនភ្ញៀវអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរី ត្រូវបានព្យាករថា នឹងកើនឡើងដល់ប្រមាណ ៩០ ម៉ឺននាក់ ស្របពេលដែលចំនួនភ្ញៀវក្នុងស្រុក នឹងកើនឡើងដល់ជាង ២ លាននាក់ បង្កើតការងារប្រមាណ ៨ ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ ៥០០ លានដុល្លារ។
ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកា បានផ្តាំផ្ញើរដល់សិក្ខាកាមសរុបចំនួន ៤៣រូប ឲ្យខិតខំត្រងត្រាប់ស្តាប់ និងសិក្សាស្រូបយកចំណេះដឹង និងជំនាញពីគ្រូបង្គោលអាស៊ាន ដើម្បីយកចំណេះដឹង និងជំនាញដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅចែករំលែកបន្ត និងអនុវត្តក្នុងសកម្មភាព អាជីវកម្មរបស់ខ្លួនអោយបានល្អប្រសើរ និងត្រូវមានគំនិតសុទិដ្ឋិនិយម ចំពោះការងើបឡើងវិញនៃវិស័យទេសចរណ៍ នៅពេលខាងមុខ និងត្រៀមខ្លួនដើម្បីចូលរួមពង្រឹងសេវាកម្មទេសចរណ៍ នៅភូមិភាគឥសាន្តនេះបានយ៉ាងល្អប្រសើរផងដែរ។

សូមរំលឹកផងដែរថា កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) គឺជាគម្រោងរបស់ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។ កម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី២ (២០២០ – ២០២៤) ត្រូវបានអនុវត្តដោយ ស្វីសខន់ថាក់ (Swisscontact) ក្នុងសម្ព័ន្ធជាមួយ INBASនិងសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ









