Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាលីបង់ បាញ់សម្លាប់ជនស៊ីវិលយ៉ាងច្រើន នៅតំបន់ជ្រលងភ្នំផេនសៀរ

spot_img

រដ្ឋធានីកាប៊ូល ៖ ថ្វីបើតាលីបង់ បានប្រកាសអំពីការកាន់កាប់មូលដ្ឋានចុងក្រោយ នៅខេត្តផេនសៀរទាំងស្រុងក្ដី ប៉ុន្ដែធាតុពិត ការវាយប្រយុទ្ធគ្នា រវាងតាលីបង់ និងកម្លាំអក្រុមរណសិរ្សតស៊ូជាតិ ហៅកាត់ « NRF» កំពុងតែបន្ដ ហើយក្រុមអ្នកប្រយុទ្ធតាលីបង់ បានសម្លាប់ជនស៊ីវិលយ៉ាងរង្គាល នៅជ្រលងភ្នំ Panjsir ។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ថា BBC បានរកឃើញជនស៊ីវិល យ៉ាងតិច២០នាក់ ត្រូវបានគេសម្លាប់ នៅក្នុងជ្រលងភ្នំផេនសៀរ។ ចំណែកការវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាន រវាងកងកម្លាំងតាលីបង់ និងចលនាតស៊ូ NRFកំពុងតែបន្ដ។ ដោយឡែក ប្រព័ន្ធទំនាក់ទំនងទៅកាន់ជ្រលងភ្នំផេនសៀរ ត្រូវគេកាត់ផ្ដាច់ ធ្វើឲ្យមានការលំបាក ក្នុងការរាយការណ៍ព័ត៌មាន។

ទោះជាយ៉ាងណា BBC នៅតែមានភ័ស្ដុតាង ជុំវិញអំពើឃាតកម្មជាច្រើនករណី បង្កឡើងដោយតាលីបង់ បើទោះជាក្រុមនេះធានាឲ្យមានការអត់ធ្មត់ និងលើកលែងទោសនៅទូទាំងប្រទេសយ៉ាងណាក្ដី។ BBC បានបន្ដថា មានតាមឃ្លីបវីដេអូមួយ ចេញពីផ្លូវមានដីហុយ នៅតំបន់ជ្រលងភ្នំផេនសៀរ បង្ហាញពីបុរសម្នាក់ ស្លៀកពាក់ឯកសណ្ឋានជាយោធា ហើយត្រូវបានក្រុមអ្នកប្រយុទ្ធតាលីបង់ ឡោមព័ទ្ធ។ លុះបន្ដិចក្រោយមក ឮស្នូរកាំភ្លើងបំផ្ទុះឡើង ហើយឃើញបុរសនោះដួលទៅលើដី។

ករណីនេះ គេមិនទាន់ដឹងច្បាស់ ថាតើបុរស ដែលត្រូវតាលីបង់បាញ់នោះ ជាសមាជិក នៃកងកម្លាំងចលនាតស៊ូ ឬយ៉ាងណានោះទេ ព្រោះការស្លៀកពាក់ឯកសណ្ឋានជាយោធា នៅតំបន់ជ្រលងភ្នំនេះ ក្លាយជារឿងធម្មតា។ ប៉ុន្ដែបើតាមវីដេអូ មានអ្នកឈរមើលម្នាក់ អះអាងថា គាត់ជាជនស៊ីវិល ហើយត្រូវតាលីបង់បាញ់សម្លាប់។

សារព័ត៌មាន BBC បានបន្ដថា យ៉ាងហោចណាស់ ក៏មានមនុស្សស្លាប់ យ៉ាងតិច២០នាក់ នៅក្នុងតំបន់ជ្រលងភ្នំផេនសៀរនេះ។ ក្នុងចំណោមជនរងគ្រោះទាំងនោះ មានបុរសម្នាក់ជាម្ចាស់តូប ហើយបង្កើតឡើង ដោយ២នាក់ឪពុក បានដាក់ឈ្មោះ Abdul Sami ហើយគាត់ត្រូវបានតាលីបង់បាញ់សម្លាប់។

បើតាមប្រភពព័ត៌មានពីអ្នកស្រុក បានឲ្យដឹងថា បុរសម្នាក់នោះ មិនបានរត់ភៀសខ្លួននោះឡើយ ខណៈពួកតាលីបង់ចូលទៅដល់។ គាត់បានប្រាប់តាលីបង់ថា «ខ្ញុំជាម្ចាស់តូបក្រីក្រម្នាក់ ហើយមិនមានអ្វីពាក់ព័ន្ធនឹងសង្គ្រាមនេះទេ»។ បើទោះជាគាត់បានប្រាប់តាមត្រង់យ៉ាងដូច្នេះក្ដី ប៉ុន្ដែតាលីបង់នៅតែចាប់ខ្លួនគាត់ ក្រោមបទចោទប្រកាន់ ពីការលក់ស៊ីមកាតទៅឲ្យចលនាតស៊ូ។

អ្នកស្រុកបានបន្ដថា ក្រោយពេលបាត់ខ្លួនបុរសរូបនេះ អស់រយៈពេលជាច្រើនថ្ងៃមក ទើបគេឃើញសាកសពរបស់គាត់ ត្រូវបានតាលីបង់ យកមកបោះចោល នៅជិតផ្ទះរបស់គាត់។ ចំណែកសាកសព មានឃើញមានស្លាកស្នាមជាច្រើនកន្លែង ហើយត្រូវគេសន្និដ្ឋានថា ជនរងគ្រោះ ពិតជាត្រូវបានតាលីបង់ វាយធ្វើទារុណកម្ម រហូតដល់ស្លាប់។

តាលីបង់ បានវិលត្រឡប់ ចូលមកកាន់កាប់អំណាចសាជាថ្មី ក្រោយការផ្ដួលរំលំរដ្ឋាភិបាលរបស់លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។ ការទទួលបានជ័យជម្នះរបស់តាលីបង់នេះ បានកើតឡើង ក្រោយពេលលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសដកកងទ័ពអាមេរិកទាំងអស់ ចេញពីប្រទេសអាហ្វហ្គានីស្ថាន។

បច្ចុប្បន្ន តំបន់ជ្រលងផេនសៀរ ក្លាយជាមូលដ្ឋានដ៏រឹងមាំចុងក្រោយរបស់រណសិរ្សតស៊ូជាតិ ហៅកាត់ NRF ដឹកនាំដោយលោក Ahmad Massoud កូនប្រុសរបស់លោកមេបញ្ជាការ Ahmad Shah Massoud អតីតមេដឹកនាំចលនាតស៊ូ ប្រឆាំងនឹងកងទ័ពឈ្លានពានរបស់សូវៀត នាទសវត្សរ៍១៩៨០ និង តាលីបង់ ដែលគ្រប់គ្រងអំណាច ចន្លោះពីឆ្នាំ១៩៩៦-២០០១។ ជ្រលងភ្នំ Panjshir ជាចំណុចស្នូលមួយ សម្រាប់ចលនាតស៊ូ នៅអាហ្វហ្គានីស្ថាន។ កំពូលភ្នំផេនសៀរ ហ៊ុមព័ទ្ធជុំវិញ ដោយជ្រលងភ្នំ និងមានរបាំងការពារពីធម្មជាតិដ៏រឹងមាំ មិនអាចឲ្យពួកឈ្លានពានណា ចូលទៅលុកលុយបានឡើយ៕ រក្សាសិទ្ធិដោយ៖សារាយSN

spot_img
×