Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សារសមាគមក្រុងប៉ោយប៉ែត ត្រូវបានអាជ្ញាធរបិទដំណើរការ បន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ-១៩ ជាង១០នាក់

ប៉ោយប៉ែត ៖ មេរោគកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយនោះទេ នៅតែតោងទាមចម្លងដល់ប្រជាពលរដ្ឋនៅឡើយ ដូច្នេះអាជ្ញាធរក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានសម្រេចបិទផ្សារសមាគម ស្ថិតក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាបណ្តោះអាសន្ន រង់ចាំសេចក្ដីសម្រេចជាថ្មី។

ការចុះបិទផ្សារសមាគមក្រុងប៉ោយប៉ែតនេះ ដឹកនាំដោយ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងមន្ត្រីមូលដ្ឋានជាច្រើននាក់ គឺធ្វើឡើងក្រោយមន្ត្រីជំនាញធ្វើតេស្តទៅលើអាជីវករលក់ដូរក្នុងផ្សារជាច្រើននាក់ ស្រាប់តែរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ជាង ១០នាក់ និងរកឃើញអ្នកពាក់ព័ន្ធជាច្រើននាក់បន្ថែមទៀត។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ មិនត្រូវធ្វេសប្រហែសឡើយ ត្រូវពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ អាល់កុល ឱ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានការ «៣កុំ និង៣ការពារ» ដើម្បីជៀសផុតពីការឆ្លងមេរោគកូវីដ-១៩ ទាំងអស់គ្នា។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅទូទាំងប្រទេស កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១០០,១៣៣នាក់, ហើយត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ សរុបចំនួន ៩៤,៣២៦នាក់, ចំណែកអ្នកស្លាប់ដោយសារជម្ងឺកូវីដ-១៩ បានកើនឡើងដល់ ២,០៤៩នាក់៕ រក្សាសិទ្ធិដោយ​ ៖ ពិសិដ្ឋ CEN

×