ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការជួបជុំសំណេះសំណាល និងពិសារបាយសាមគ្គីជាមួយកីឡាករ កីឡាការិនី នេះគឺជាការផ្តល់នូវការគាំទ្រ និងភាពកក់ក្តៅដល់កីឡាករ កីឡាករិនីទាំងអស់ ដែលបានរួមចំណែកក្នុងការជំរុញវិស័យកីឡា ឲ្យមានការរីកចម្រើន និងឆ្ពោះទៅរកជ័យជម្នះថ្មីៗ ច្រើនថែមទៀត នៅក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខ។
នៅល្ងាចថ្ងៃអង្គារ ទី៣ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសំណេះសំណាល និងពិសារបាយសាមគ្គីជាមួយក្រុមកីឡាករ កីឡាការិនីចំនួនជិត៤ពាន់នាក់ នៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ ការជួបជុំថ្ងៃនេះរួមមាន កីឡាករ កីឡាការិនី គ្រូបង្វឹក គ្រូជំនួយ និងមន្ដ្រី បុគ្គលិកគ្រប់សហព័ន្ធកីឡាជាតិ និងស្ថាប័នពាក់ព័ន្ធកីឡាសរុបចំនួន ៣.៩៩៧នាក់ ។
នេះជាលើកទី៣ហើយដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់កិត្តិយសអញ្ជើ់ញជួបជុំសំណេះ សំណាលជាលក្ខណៈសាមញ្ញជាមួយបងប្អូន កូនក្មួយក្រុមកីឡាជាតិទូទាំងប្រទេស។
នៅក្នុងពិធីជួបជុំនេះរសៀលនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយក្រៃលែង ចំពោះការជួបជុំជាមួយកីឡាករកីឡាការិនី ដូចដែលបានគ្រោងទុកធ្វើជារៀងរាល់ឆ្នាំដែលនឹត្រូវធ្វើនៅថ្ងៃទី៤ មេសា ជារៀងរាល់ឆ្នាំ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានកោតសរសើរ និងបានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ គ្រូបង្ហាត់ ពិសេសកីឡាករ កីឡាការនី និងសហព័ន្ធកីឡាទាំងអស់ ដែលបានរៀបចំអោយមានការជួបជុំជាលើកទី៣នេះ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងជំរុញឲ្យមានការចូលរួម អភិវឌ្ឍន៍វិស័យកីឡា ឲ្យមានការរីកចម្រើនថែមទៀត។ ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានជំរុញឲ្យមានការកសាងទីធ្លាកីឡានៅតាមទីសាធារណៈបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋបានលេងកីឡាផង និងធ្វើការហាត់ប្រាណដើម្បីសុខភាពផង។ ទន្ទឹមនឹងនេះ សម្ដេចតេជោ បានលើកទឹកចិត្តឲ្យមានការពង្រឹងសមត្ថភាពរបស់ កីឡាករ គ្រូបង្វឹក ក៏ដូចជាអាជ្ញាកណ្ដាលជាដើម ដើម្បីមានឱកាសបានចូលរួមបំពេញការងារទាំងក្នុងក្របខ័ណ្ឌជាតិ ក្របខ័ណ្ឌតំបន់ និងក្របខ័ណ្ឌអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន ក៏បានសំណូមពរឲ្យកីឡាករ កីឡាការិនីទាំងអស់ នៅក្នុងការប្រកួតផ្សេងៗ គឺត្រូវតែគោរពតាមច្បាប់ក្រឹតក្រម នៃការប្រកួតរបស់កីឡា ជាពិសេសត្រូវចៀសវាង ដាច់ខាត នូវការប្រើប្រាស់ថ្នាំញៀន ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងប៉ះពាល់ដល់កិត្តិយសខ្លួន និងកិត្តិយសជាតិទៀតផង ជាពិសេសត្រូវទទួលស្គាល់ និងទទួលយកនូវលទ្ធផល ដែលអាជ្ញាកណ្ដាលបានសម្រេច ទោះបីជាឈ្នះ ឬ ចាញ់ក្ដី មិនត្រូវដើរេចញដោយអាកប្បកិរិយា។ សម្តេចតេជោនាយរដ្ឋមន្ត្រី ក៏បានកោតសរសើរ ចំពោះគ្រូបង្វឹកផ្នែកកីឡាទាំងអស់ ដែលបានវិវត្តន៍ខ្លួនរីកចម្រើន និងមានសមត្ថភាពជាបន្តបន្ទាប់ ។
នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់បន្ថែម ចំពោះកីឡាករកីឡាករិនី រួមទាំងគ្រូបង្វឹកទាំងអស់ គឺត្រូវទទួលបានរបបគាំពារ សង្គមដូចៗគ្នា ដូចជា ការទទួលបានសេវាពិនិត្យសុខភាព និងព្យាបាលជំងឺដោយមិនគិតថ្លៃ ការជិះរថយន្តក្រុងមិនគិតថ្លៃ យ៉ាងហោចណាស់មិនតិចជាង២ឆ្នាំឡើយ។ ចំពោះការសម្រាលកូនវិញ គឺទទួលបាន៤០ម៉ឺនរៀល បើបានកូន១ បានកូន២ទទួលបាន៨០ម៉ឺនរៀល និងបានកូន៣ទទួលបាន១លាន២សែនរៀល គឺដូចទៅនឹងកម្មករ កម្មការិនីដែរ។
ចំពោះកីឡាករ កីឡាការិនី ដែលជាមន្ត្រីរាជការ ក្នុងក្របខ័ណ្ឌរដ្ឋស្រាប់ ដូចជានៅក្នុងក្រសួងការពារជាតិ ក្រសួងមហាផ្ទៃជាដើម ឬកងរាជអាវុធហត្ថ គឺត្រូវទទួលបានអត្ថប្រយោជន៍ ដូចមន្ត្រីរាជការទូទៅ គឺមិនត្រូវមកបើកប្រាក់បន្ថែមពីខាងកីឡាមួយទៀតទេ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ គ្រូបង្ហាត់ ពិសេសកីឡាករ កីឡាការនីទាំងអស់ ដែលបានផ្តល់នូវការស្រឡាញ់ ការគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
នៅថ្ងៃនេះផងដែរ ដើម្បីជាការលើកទឹកចិត្តចំពោះកីឡាករ កីឡាការិនី និងគ្រូបង្វឹកទាំងអស់ សរុបចំនួន ៣.៩៩៧ នាក់ ដែលចូលរួមក្នុងពិធីជួបជុំសំណេះសំណាលនាពេលនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្តល់ជូននូវថវិកាក្នុងមួយនាក់ទទួលបាន ១០ម៉ឺនរៀលផងដែរ។ នៅក្នុងពិធីល្ងាចនេះ បងប្អូនកីឡាករ កីឡាការិនីក៏បានរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយក្រៃលែង៕ ដោយ ៖ បញ្ញាស័ក្តិ