Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ ជម្រះបណ្តឹងស្ត្រីជាប់ចោទម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោមដាក់គុក ៣០ ឆ្នាំ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនជាង ១ គីឡូក្រាម នៅខេត្តស្ទឹងត្រែង!!

ភ្នំពេញ ៖ តុលាការឧទ្ធរណ៍ភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២១ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់ស្ត្រីជាប់ចោទម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោមដាក់គុក ៣០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនជាង ១ គីឡូក្រាម ប្រព្រឹត្តនៅក្នុងខេត្តស្ទឹងត្រែង កាលពីឆ្នាំ២០១៨។

លោកជំទាវខៀវ សុខា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ភ្នំពេញ បានថ្លែងឲ្យដឹងថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ មានជនជាប់ចោទចំនួន ០២នាក់ មានឈ្មោះ ទី១ ឈ្មោះ សាំង ញ៉ង ភេទស្រី អាយុ ៥១ ឆ្នាំ រស់នៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងទី២ ឈ្មោះ ជុំ ណាវណ្ណៈ ភេទប្រុស អាយុ ៤៣ ឆ្នាំ មានទីលំនៅឃុំសេកុង ក្នុងស្រុកសៀមប៉ាង។

លោកជំទាវចៅក្រមបានថ្លែងបន្តថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទទាំង២នាក់ ត្រូវបានតុលាការខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៩ កាត់ទោសដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ៣០ ឆ្នាំ ពីបទ ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ។

តែឈ្មោះ សាំង ញ៉ង បានប្តឹងជំទាស់នឹងសាលក្រមរបស់តុលាការខេត្តស្ទឹងត្រែង មកកាន់តុលាការឧទ្ធរណ៍។ ចំណែកឯ ឈ្មោះ ជុំ ណាវណ្ណ: មិនបានប្តឹងឧទ្ធរណ៍ឡើយ។
ក្នុងចំណោមអ្នកទាំងពីរនាក់, ឈ្មោះ ជុំ ណាវណ្ណៈ ត្រូវបានកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងបានឃាត់ខ្លួន នៅស្រុកសៀមប៉ាង កាលពីថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០១៨។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ដកហូតបានគ្រឿងញៀនជាប្រភេទ មេតំហ្វេតាមីន(ice) ចំនួន០១កញ្ចប់ធំ ស្មើនឹងទម្ងន់សុទ្ធ១០២៤,៥៤ក្រាម។

យោងតាមចម្លើយសារភាពរបស់ឈ្មោះ ជុំ ណាវណ្ណៈ សមត្ថកិច្ចកងរាជអាវុធហត្ថ ក្រោយមក ទើបឈានទៅដល់ការចាប់ខ្លួន ឈ្មោះ សាំង ញ៉ង នៅថ្ងៃទី ២៦ ខែ កញ្ញាឆ្នាំ ២០១៨។
នាពេលសវនាការ, ជនជាប់ចោទឈ្មោះ សាំង ញ៉ង បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ និង ការឆ្លើយដាក់របស់ឈ្មោះ ណាវណ្ណៈ និង និយាយថា គាត់មិនបានដឹង ឬ មានទំនាក់ទំនងអី ជាមួយ ឈ្មោះ ណាវណ្ណ: នោះទេ។

សាំង ញ៉ង បានសំណូមពរដល់ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ សូមធ្វើការបដិសេធសាលក្រមរបស់តុលាការខេត្តស្ទឹងត្រែង ទុកជាអាសារបង់ និង សម្រេចដោះលែងគាត់អោយមានសេរីភាពវិញ។
សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍ភ្នំពេញនឹងប្រកាសសាលដីកា នៅព្រឹកថ្ងៃទី១៣ ខែ តុលា ឆ្នាំ ២០២១៕ រក្សាសិទ្ធិដោយ ៖ ចន្ឋា ភា

×