បរទេស ៖ សារព័ត៌មាន Bloomberg បានផ្សាយថា ចាប់តាំងពីការផ្ទុះឡើង នៃជំងឺកូវីដ-១៩ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩នោះមក ឥទ្ធិពលរបស់វា បានធ្វើឲ្យវិស័យអាកាសចរណ៍ ក៏ត្រូវផ្អាកដំណើរការរបស់ខ្លួន។ ចំណែកឯឥទ្ធិពល នៃជំងឺកូវីដ-១៩នេះ ធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិទាំងអស់ នៅលើពិភពលោក កំពុងតែវ័ណ្ឌកនឹងបំណុល កើនដល់២៣ភាគរយ ដោយគិតចាប់តាំងពីដើមឆ្នាំ២០២០មក។ ទោះជាស្ថិតក្នុងស្ថានភាពបែបនេះក្ដី បណ្តាក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ បានសម្រេចខ្ចីប្រាក់ ចំនួន៦៣ពាន់លានដុល្លារបន្ថែមទៀត គិតចាប់តាំងពីដើមឆ្នាំ២០២១មក។

រហូតមកដល់ពេលនេះ បណ្ដាក្រុមហ៊ុនអាកាសចរណ៍នានា នៅលើពិភពលោក កំពុងតែប្រឈមនឹងវិបត្ដិកាន់តែធ្ងន់ឡើងបន្ថែមទៀត ដោយសារការជំពាក់បំណុលកាន់តែច្រើន។ ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិជាច្រើន មានដូចជា ក្រុមហ៊ុនអាកាសចរណ៍ EasyJet Plc , ក្រុមហ៊ុន Japan Airlines Co …ជាដើម ក៏បានប្រកាសពីគម្រោងបង្កើនទុនបន្ថែម សម្រាប់ការរក្សានូវការហោះហើររបស់ខ្លួនបន្តទៀត។
ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ EasyJet បានខ្ចីប្រាក់បន្ថែម៤០០លានដុល្លារ និងបោះប័ណ្ណមូលបត្រ មានទឹកប្រាក់ ចំនួន១,៧ពាន់លានដុល្លារអាមេរិក សម្រាប់ជួយដល់ក្រុមហ៊ុន ឲ្យឆ្លងផុតដំណាក់កាលដ៏លំបាកនេះ។ រីឯក្រុមហ៊ុនអាកាសចរណ៍ Japan Airlines ក៏បានសម្រេចចេញប័ណ្ណមូលបត្រ មានតម្លៃដល់ទៅ ២,៧ពាន់លានដុល្លារ សម្រាប់ធ្វើឲ្យក្រុមហ៊ុនបន្តដំណើរការទៅមុខបន្ដទៀត។ ចំណែកក្រុមហ៊ុនអាកាសចរណ៍របស់អូស្រ្ដាលី Qantas Airways បានប្រកាសលក់ប័ណ្ណមូលបត្រ សម្រាប់បន្តដំណើរការរបស់ក្រុមហ៊ុន។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កាលពីពេលកន្លងទៅថ្មីៗនេះ បាន សម្រេចផ្ដល់ជំនួយ ជាទឹកប្រាក់ ចំនួន៤៨២ពាន់លានដុល្លារ សម្រាប់ជួយដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ ទប់ស្កាត់នឹងការរំសាយបុគ្គលិក។ ប៉ុន្ដែរហូតមកដល់ពេលនេះ បណ្តាក្រុមហ៊ុនអាកាសចរណ៍នានារបស់សហរដ្ឋអាមេរិក បានសម្រេចកាត់បន្ថយបុគ្គលិករបស់ខ្លួន សរុបជាង១សែននាក់៕ រក្សាសិទ្ធិដោយ៖សារាយSN




