Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះរឿងអាស្រូវពុករលួយ របស់លោកនុត លីឆូយ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៣

ភ្នំពេញ ៖ លោក នុត លីឆូយ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៣ ទទួលបន្ទុក៥ខេត្តគឺ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប និងខេត្តកំពត បានឃុបឃិតជាមួយមន្ត្រីមួយចំនួន ដែលជាបក្ខពួកខ្លួនប្រព្រឹត្តអំពើពុករលួយ និងអាងឥទ្ធិពលលោក កើត សុធារ៉ា អគ្គនាយករងគយ ទទួលបន្ទុកគយចល័ត នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ នេះបើតាមការឲ្យដឹងពីមន្ត្រីគយនៅខេត្តព្រះសីហនុ។

ក្រុមឈ្មួញធំៗមួយចំនួន បានឲ្យដឹងដែរថា បើទោះបីពួកគេដឹកជញ្ជូនទំនិញបង់ពន្ធ នាំចូលត្រឹមត្រូវក៏ចៀសមិនផុត ពីបង់លុយលើតុក្រោមតុ តាមការកំណត់របស់ក្រុមមន្រ្តីគយចល័តតំបន់៣ ដែលនៅក្រោមការគ្រប់គ្រង របស់លោក នុត លីឆូយ នោះដែរ។ ហើយបើមិនបង់ឲ្យទេ គឺច្បាស់ជាមានបញ្ហាជាក់ជាមិនខាន។

មន្ត្រីគយមួយចំនួន រួមទាំងក្រុមឈ្មួញ បានសំណូមពរ ឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការស្រាវជ្រាវស៊ើបអង្កេតលើលោក នុត លីឆូយ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៣ ផង។ ហើយក៏បានសំណូមពរឲ្យលោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពិនិត្យមើលករណីលោក នុត លីឆូយ ផងដែរ កុំចេះតែបណ្តែតបណ្តោយឲ្យធ្វើអ្វីស្រេចតែចិត្ត និងមិនស្តាប់មន្ត្រីថ្នាក់ក្រោមនោះទេ។

លោក នុត លីឆូយ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៣ មិនអាចសុំការអត្ថាធិប្បាយបានទេ។

ចំណែកឲ្យលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏មិនអាចសុំការអត្ថាធិប្បាយបានដែរ ដោយទូរស័ព្ទមិនមានអ្នកទទួល៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×