ភ្នំពេញ÷បុរសជនជាតិបរទេសម្នាក់បើករថយន្តម៉ាក Jeep ស៊េរីទំនើបចុះពីលើស្ពានជ្រោយចង្វារក្នុងល្បឿនលឿនបានជ្រុលទៅបុកពីក្រោយម៉ូតូសណ្តោងរ៉ឺម៉កពេញទំហឹងបណ្តាលឲ្យប៉ើងទៅមុខជាច្រើនម៉ែត្រ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចរង្វង់មូលកងព្រហ្ម ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនកើតគាត់បានឃើញបុរសម្នាក់បើកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងមិនមានផ្លាកលេខ ធ្វើដំណើរចុះពីស្ពានជ្រោយចង្វារក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យមលុះមកដល់ចំណុចកើតហេតុ ជិតរង្វង់មូលកងព្រហ្ម ស្រាប់តែ
គេឃើញបុរសជាជនបរទេសម្នាក់បើករថយន្តម៉ាកJeepស៊េរីទំនើបមួយគ្រឿងពណ៌ខ្មៅពាក់ផ្លាកលេខ កម្ពុជា ANGE.K.L បើកចុះពីលើស្ពានជ្រោយចង្វារស្របគ្នាពីក្រោយ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនខណៈពេលបើកចុះដល់គល់ស្ពានខាងកើតជាប់រង្វង់មូលកងព្រហ្មក៏បានជ្រុលទៅបុកពីក្រោយម៉ូតូសណ្តាងរ៉ឺម៉កពេញទំហឹងបណ្តាលឲ្យម្ចាស់រុឺម៉កប៉ើងទៅមុខជាច្រើនម៉ែត្ររងរបួសធ្ងន់ ចំណែកឯតៃកុងរថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ឲ្យនៅរងចាំដោះស្រាយជាមួយជនរងគ្រោះនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចក៏ពិនិត្យឲ្យភាគីទាំង២ចរចាដោយភាគីរថយន្តបង្កព្រមសងជាសំណងទៅលើរ៉ឺម៉កសណ្តោងបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សាមេត




