Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីរុស្ស៊ី ផ្អាកដំណើរទស្សនកិច្ច យ៉ាងតក់ក្រហល់ ទៅកាន់ប្រទេសតាជីគីស្ថាន

រដ្ឋធានីមូស្គូ ៖ លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ត្រូវធ្វើចត្តាឡីស័ក ក្រោយពេលមន្រ្ដីជំនិតរបស់លោកមួយចំនួន ធ្លាក់ខ្លួនឈឺ ហើយធ្វើតេស្ដរកឃើញវិជ្ជមាន នៃជំងឺកូវីដ-១៩ ប៉ុន្ដែសុខភាពរបស់លោកប្រធានាធិបតី នៅតែមាំមួន ហើយអាចបំពេញការងាររបស់លោកបានជាធម្មតា។

បើតាមសារព័ត៌មានរុស្ស៊ី Sputnik បានចេញផ្សាយ កាលពីថ្ងៃទី១៤ ខែកញ្ញា ថា លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានថ្លែងទៅកាន់កិច្ចប្រជុំគណៈរដ្ឋមន្រ្ដីសហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ថា លោកត្រូវតែធ្វើចត្ដាឡីស័ក។ ករណីនេះ ក៏ដោយសារតែលោកមានការពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ-១៩មួយចំនួន សុទ្ធតែជាមន្រ្ដីជំនិតរបស់លោក។ មន្រ្ដីជំនិតម្នាក់ ក្នុងចំណោមពួកគេ បានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ ចំនួន២ដូសរួចហើយ ប៉ុន្ដែគាត់មិនទាន់បានចាក់ដូសទី៣ ឬដូសជំរុញឲ្យបានទាន់ពេលវេលា។

លោកប្រធានាធិបតី ពូទីន បានបញ្ជាក់ថា «ដោយសារតែបញ្ហានេះ ហើយមានមន្រ្ដីជំនិតរបស់ខ្ញុំមួយចំនួនទៀតធ្លាក់ខ្លួនឈឺ ទើបខ្ញុំសម្រេចចិត្តត្រូវផ្អាកដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសតាជីគីស្ថាន។ ចំណែកមន្រ្ដីជំនិតម្នាក់ ក្នុងចំណោមមន្រ្ដីផ្សេងទៀត ដែលធ្វើការជិតស្និទ្ធជាមួយនឹងខ្ញុំ គាត់បានទទួលការចាក់វ៉ាក់សាំងរួចហើយ ប៉ុន្ដែអង្គបដិបក្ខ មិនដុះ ទើបគាត់ត្រូវចាក់វ៉ាក់សាំងសាជាថ្មី។ ប៉ុន្ដែបញ្ហានេះមានតិចតួចទេ ខ្ញុំជឿថា គាត់បានធ្លាក់ខ្លួនឈឺ៣ថ្ងៃ ក្រោយការចាក់វ៉ាក់សាំងឡើងវិញ។ ចំណែកខ្លួនខ្ញុំបានធ្វើការ ដោយមានទំនាក់ទំនងជាមួយនឹងគាត់ អស់រយៈពេលជាច្រើនថ្ងៃ មុននឹងដឹងថាគាត់ឆ្លងកូវីដ។

វិមានក្រឹមឡាំងរុស្ស៉ី បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ថា ក្នុងចំណោមមន្រ្តីជំនិតជាច្រើនរូបរបស់លោក វ៉្លាឌីមៀរ ពូទីន បានឆ្លងជំងឺកូវីដ-១៩។ ករណីនេះ លោកប្រឬធានាធិបតី ចាំបាច់ត្រូវតែធ្វើចត្តាឡីស័ក មួយរយៈសិន ហើយលោក ពូទីន ក៏មិនអាចទៅបំពេញទស្សនកិច្ច នៅប្រទេសតាហ្ស៉ីគីស្ថាន តាមការគ្រោងទុកបានឡើយ។ ប៉ុន្ដែទោះជាយ៉ាងណា សុខភាពរបស់លោកប្រធានាធិបតី នៅតែមាំមួនដដែល។

គេហទំព័រ Worldometer បានចេញផ្សាយ នៅព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ថា រុស្ស៊ីរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ១៧ ៨៣៧នាក់ និង មានករណីស្លាប់ថ្មី ៧៨១នាក់។ រុស្ស៊ី មានអ្នកឆ្លងសរុប ជាង៧,១៧លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ១៩៤ ២៤៩នាក់ និងមានអ្នកជាសះស្បើយ៦,៤១លាននាក់ ហើយអ្នកជំងឺ ចំនួន ៥៦៣ ៨០៣នាក់ផ្សេងទៀត កំពុងតែសម្រាកព្យាបាល៕ រក្សាសិទ្ធិដោយ៖សារាយSN

×