ភ្នំពេញ ៖ សាលារៀនរដ្ឋ និងឯកជន ចាប់ពីអនុវិទ្យាល័យ និងវិទ្យាល័យ (ថ្នាក់ទី០៧ ទៅដល់ថ្នាក់ទី១២) ត្រូវបានបើកដំណើរការ ឱ្យសិស្សានុសិស្សចូលរៀនវិញហើយ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បន្ទាប់ពីក្រុមការងាររដ្ឋបាលនៃរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំកងពលតូចលេខ៧០ ព្រមទាំងក្រុមគ្រូពេទ្យកង់ទ័ពផងនោះ បានធ្វើអនាម័យ បាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅតាមបណ្តាគ្រឹះស្ថានសិក្សា សាលារៀនរដ្ឋ និងឯកជន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទៅលើគោលដៅ ចំនួន ១៤ខណ្ឌ សរុប ៦៨ទីតាំង។

សកម្មភាពសិស្សានុសិស្សចូលទៅកាន់សាលារៀន នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ ដោយឃើញថា មានសភាពខុសប្លែកគ្នា ត្រង់ថា ត្រូវឆ្លងកាត់ការវាស់កំដៅ, លាងដៃនឹងអាកុលសំលាប់មេរោគ, និងធ្វើតេស្តរហ័សកូវីដ-១៩ ជាដើម។
ជាមួយគ្នានេះផងដែរ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំថ្មីមួយ ស្ដីពី គោលការណ៍ប្រតិបត្តិស្តង់ដារ ចំនួន ៧ ចំណុច , សម្រាប់ការលើកកម្ពស់សុខភាព និង សុវត្ថិភាពសិក្សា ក្នុងការបង្រៀន និងការរៀនតាមបណ្ដុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។
គោលការណ៍ប្រតិបត្តិស្តង់ដារ ផ្នែកសុវត្ថិភាពក្នុងការសិក្សា មានដូចជា ÷
១- បង្កើតគណៈកម្មការសុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សា, ត្រូវបង្កើត និងពង្រឹងភារកិច្ចរបស់គណៈកម្មការសុខភាពសិក្សា នៅតាមគ្រឹះស្ថានសិក្សា ដោយកំណត់សមាសភាព និងភារកិច្ចច្បាស់លាស់,
២- វិធានការសុវត្ថិភាព និងអនាម័យ, ត្រូវវាស់ស្ទង់កំដៅអ្នកសិក្សា បុគ្គលិកអប់រំ និងអ្នកដទៃទៀត មុនអនុញ្ញាតឲ្យចូលក្នុងបរិវេណគ្រឹះស្ថានសិក្សា,
៣- បរិក្ខាអនាម័យ, រៀបចំបរិក្ខារលាងសម្អាតដៃឲ្យបានច្រើនកន្លែងនៅជិតច្រកចេញចូលគ្រឹះស្ថានសិក្សា,

៤- ការធ្វើតេស្តរហ័សអង់ទីសែនកូវីដ-១៩, ត្រូវស្វែងយល់ពីវិធីប្រើឧបករណ៍តេស្តរហ័សអង់ទីសែនកូវីដ-១៩ ឬស្កេន QR Code ដើម្បីដឹងពីស្ថានភាពមេរោគឆ្លងរបស់កូវីដ-១៩,
៥- ការចាក់ថ្នាំបង្ការ , អ្នកសិក្សា និងបុគ្គលិកអប់រំ ត្រូវចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា និងត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ មុនពេលចូលគ្រឹះស្ថានសិក្សា,
៦- សុវត្ថិភាពចំណីអាហារ, ត្រូវណែនាំនិងផ្សព្វផ្សាយដល់ មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស ឲ្យយកចិត្តទុកដាក់លើចំណីអាហារប្រកបដោយសុវត្ថិភាព និងសុខភាពត្រឹមត្រូវ សម្រាប់អ្នកសិក្សា និងបុគ្គលិកអប់រំទាំងអស់,
៧- ការថែទាំសុខភាពផ្លូវចិត្ត , ស្វែងយល់អាការៈនៃការតានតឹងផ្លូវចិត្ត ដែលមានដូចជា ការចងចាំចុះខ្សោយ ពិបាកផ្ចង់អារម្មណ៍, ពិបាកក្នុងការសម្រេចចិត្ត , គិតអវិជ្ជមាន , ក្រៀមក្រំចិត្ត , ភ័យខ្លាច , ធុញថប់ , ឆេវឆាវ , អស់សង្ឃឹមជាដើម៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN





