ភ្នំពេញ ៖ លោកជំទាវចាន់ ម៉ារីណា ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ សាលដីកា លើសំណុំរឿង បុរសជាប់ចោទម្នាក់ ដែលជាអតីតមន្ត្រីនគរបាលព្រហ្មទណ្ឌ និងមានតួនាទី ជាអនុប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឈ្មោះ លោកវរសេនីយ៍ទោ ឌួង ណាគ្រី ដែលត្រូវបានតុលាការរាជធានីភ្នំពេញ កាលពីឆ្នាំមុន សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងករណីបាញ់ប្រហារប៉ុនប៉ងសម្លាប់ជនរងគ្រោះពីរនាក់ ប្ដីប្រពន្ធ នៅក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ប្រព្រឹត្ត កាលពីឆ្នាំ ២០២០។

លោកជំទាវចៅក្រមម៉ារីណា បានសម្រេចធ្វើការកែប្រែបទចោទប្រកាន់ របស់ជនជាប់ចោទឈ្មោះ ឌួង ណាគ្រី ពីបទ “ប៉ុនប៉ងមនុស្សឃាត” មកជាបទ ” ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” វិញ និងសម្រេចកែប្រែទណ្ឌកម្មរបស់ជនជាប់ចោទ ឌួង ណាគ្រី ពីជាប់គុក ១០ ឆ្នាំ មកនៅត្រឹមជាប់គុក០៥ ឆ្នាំវិញ តែទោសអនុវត្តនៅក្នុងពន្ធនាគារ កំណត់ត្រឹមតែ ០៣ ឆ្នាំ ប៉ុណ្ណោះ, ទោសនៅសេសសល់ គឺត្រូវបានព្យួរទាំងអស់ និង ពិន័យប្រាក់ចំនួន ៤ លានរៀល ដាក់ចូលក្នុងថវិកាជាតិ។
យោងតាមឯកសាររបស់តុលាការ, នៅក្នុងរឿងក្តីនេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២០ បានផ្តន្ទាទោស ជនជាប់ចោទ ឈ្មោះ ឌួង ណាគ្រី ដាក់គុក កំណត់ ១០ ឆ្នាំ ពីបទប៉ុនប៉ងឃាតកម្ម និងពីបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា ២៧ និង ១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០ បញ្ញត្តិច្បាប់ស្តីពី ការគ្រប់គ្រងអាវុធ និងគ្រាប់រំសេវ។
តែគាត់បានប្តឹងទំនាស់ មកកាន់តុលាការឧទ្ធរណ៍ភ្នំពេញ។

ឌួង ណាគ្រី ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០២០ បន្ទាប់ពីគាត់ បានដកកាំភ្លើងខ្លី បាញ់ចំនួន ០៥ គ្រាប់ ទៅរថយន្តរបស់ជនរងគ្រោះឈ្មោះ ភូរិស្ស ស្តូរ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និង បានប៉ុនប៉ងសម្លាប់ជនរងគ្រោះ បន្ទាប់ពីមានជម្លោះពាក្យសម្តី នឹងគ្នា ដោយសារការបើកបរប្រជ្រែងនៅលើដងវិថីព្រះមុនីវង្ស ស្ថិតក្នុងខណ្ឌចំការមនរាជធានីភ្នំពេញ នៅក្នុងពេលរំលង អាធ្រាត្រ នៃ ថ្ងៃទី ០១ ខែ ឧសភា ២០២០៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា
