Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាត់ខ្លួនមេដឹកនាំតាលីបង់ម្នាក់ ក្រោយផ្ទុះជម្លោះដ៏ធំ ដណ្ដើមអំណាចគ្នា

spot_img

រដ្ឋធានីកាប៊ូល ៖ ក្រោយការផ្ទុះជម្លោះដណ្ដើមគុណសម្បត្ដិ ពីការផ្ដួលរំលំរដ្ឋាភិបាលគាំទ្រ ដោយមហាអំណាចលោកខាងលិចរបស់លោក Ashraf Ghani កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ហើយឈានដល់ការបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ន នៅលើទឹកដីអាហ្វហ្គានីស្ថាននោះមក ស្រាប់តែកាលពីសប្ដាហ៍មុន ក្រុមមេដឹកនាំតាលីបង់ បានផ្ទុះជម្លោះដ៏ធំមួយ នៅក្នុងវិមានប្រធានាធិបតី នៅក្នុងទីក្រុងកាប៊ូល ហើយបាត់ខ្លួនលោក Mullah Abdul Ghani Baradar ឧបនាយករដ្ឋមន្រ្ដីរបបតាលីបង់បច្ចុប្បន្ន ធ្វើឲ្យមានពាក្យចរចាមអារ៉ាមថា គាត់ស្លា.ប់ តែត្រូវបានតាលីបង់បដិសេធ។

បើតាមសារព័ត៌មានរ៉យទ័រ បានចេញផ្សាយ កាលពីថ្ងៃទី១៤ ខែកញ្ញា ថា តាលីបង់បានច្រានចោលពាក្យចរចាមអារ៉ាមថា មន្រ្ដីកំពូលរបស់ខ្លួនម្នាក់ គឺលោក Mullah Abdul Ghani Baradar ត្រូវបានបា.ញ់ស.ម្លាប់ ក្រោយមានការផ្ទុះជម្លោះមួយ ក្នុងគុណសម្បត្ដិ ពីជ័យជម្នះ ក្នុងការផ្ដួលរំលំរដ្ឋាភិបាលគាំទ្រដោយលោកខាងលិច។

បើតាមមន្រ្ដីជាន់ខ្ពស់តាលីបង់ បានប្រាប់សារព័ត៌មាន BBC ហើយត្រូវដកស្រង់យកមកចុះផ្សាយ នៅថ្ងៃទី១៥ ខែកញ្ញាថា ជម្លោះដ៏ធំមួយ បានផ្ទុះឡើង រវាងមេដឹកនាំតាលីបង់ ជុំវិញការបង្កើតរដ្ឋាភិបាលថ្មីរបស់ពួកគេ នៅលើទឹកដីអាហ្វហ្គានីស្ថាន។ ជម្លោះដ៏ធំនេះ បានកើតឡើង នៅក្នុងវិមានប្រធានាធិបតី នៅទីក្រុងកាប៊ូល រវាង លោក អាល់ឡាហ៍ អាប់ឌុល ហ្គានី បារ៉ដារ (Mullah Abdul Ghani Baradar) សហស្ថាបនិកចលនាតាលីបង់ និង សមាជិកគណៈរដ្ឋមន្រ្ដីរបស់ពួកគេ។

ទោះជាយ៉ាងណា ប្រភពព័ត៌មានមិនបានបញ្ជាក់អំពីការខ្វែងគំនិតគ្នា នៅក្នុងចំណោមមេដឹកនាំតាលីបង់នោះទេ ចាប់តាំងពីលោក Baradar បានបាត់មុខពីសាធារណៈ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះឡើយ។ តាលីបង់ បានរឹបអូសអំណាចពីរដ្ឋាភិបាលរបស់លោក Ashraf Ghani កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ហើយចាប់តាំងពីពេលនោះមក ពួកគេបានប្រកាសដាក់ឈ្មោះប្រទេសអាហ្វហ្គានីស្ថាន ជា «អ៊ិស្លាម អ៊ីមេរ៉េត» ។

ប្រភពព័ត៌មានពីមន្រ្ដីតាលីបង់ម្នាក់ បានប្រាប់ដល់ BBC Pashto ថា លោក Mullah Abdul Ghani Baradar និងលោក Khalil ur-Rahman Haqqani ជារដ្ឋមន្ត្រីទទួលបន្ទុកជនភៀសខ្លួននិងឥស្សរជនលេចធ្លោម្នាក់ នៅក្នុងបណ្តាញភេរវកម្ម Haqqani បានទាស់ពាក្យសម្ដីគ្នាយ៉ាងខ្លាំង ខណៈសមាជិករបស់ពួកគេផ្សេងទៀត កំពុងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង នៅក្បែរនោះដែរ។ គណៈរដ្ឋមន្រ្ដីបណ្ដោះអាសន្នរបស់ពួកគេ បានបង្កើតឡើង ដោយមានសុទ្ធតែបុរស និងជាមន្រ្ដីជាន់ខ្ពស់របស់តាលីបង់ ហើយនាយករដ្ឋមន្រ្ដីស្ដីទី នៃរដ្ឋាភិបាលនេះ ស្ថិតក្នុងបញ្ជីខ្មៅរបស់អង្គការសហប្រជាជាតិ ខណៈរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ត្រូវបានសហរដ្ឋអាមេរិក ចាត់ទុកជាមេដឹកនាំអង្គការភេរវកម្ម វាយប្រហារទៅលើកងកម្លាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ។

បើតាមមន្រ្ដីជាន់ខ្ពស់តាលីបង់ម្នាក់ នៅក្នុងប្រទេសកាតារ និងជាមនុស្សពាក់ព័ន្ធនឹងរឿងនោះ បានអះអាងថា ជម្លោះនេះបានកើតឡើង កាលពីចុងសប្ដាហ៍មុន។ ជម្លោះនេះ បានផ្ទុះឡើង ដោយសារតែលោក Mullah Abdul Ghani Baradar ជាឧបនាយករដ្ឋមន្រ្ដី នៃរបបតាលីបង់ មិនសប្បាយចិត្ត អំពីរចនាសម្ព័ន្ធ នៃរដ្ឋាភិបាលបណ្ដោះអាសន្នរបស់ពួកគេ។ ចំណែកជម្លោះនេះ បានកើតចេញពីការបែកចែក អំពីអ្នកគួរទទួលបានកិត្តិយស សម្រាប់ជ័យជម្នះរបស់ពួកគេ នៅលើទឹកដីអាហ្វហ្គានីស្ថាន។

ដោយឡែកលោក Mullah Abdul Ghani Baradar ត្រូវបានគេរាយការណ៍ថា លោកបានសង្កត់ធ្ងន់គួរតែផ្តោតលើការទូត ដែលអនុវត្ត ដោយមនុស្សដូចគាត់ ខណៈសមាជិកក្រុមអង្គការភេរវករ Haqqani ដឹកនាំដោយឥស្សរជនតាលីបង់ជាន់ខ្ពស់ម្នាក់ និងអ្នកគាំទ្ររបស់ពួកគេ និយាយថា តាលីបង់ សម្រេចបានតាមរយៈការប្រយុទ្ធគ្នា។ លោក Mullah Abdul Ghani ជាមេដឹកនាំតាលីបង់ដំបូង ទាក់ទងដោយផ្ទាល់ជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ។ លោក Mullah Abdul Ghani បានទាក់ទងតាមទូរស័ព្ទជាមួយនឹងលោក ដូណាល់ ត្រាំ នៅក្នអំឡុងឆ្នាំ២០២០។ ទំនាក់ទំនងនេះ មុនពេលគាត់បានចុះកិច្ចព្រមព្រៀងជាមួយនឹងសហរដ្ឋអាមេរិក ស្ដីពីការដកកងទ័ព នៅក្នុងទីក្រុងដូហា ប្រទេសកាតារ ក្នុងនាមជាតាលីបង់។

ជាមួយគ្នានេះ បណ្ដាញអង្គការភេរវករ Haqqani ដ៏ឥទ្ធិពល ដឹកនាំដោយលោក Sirajuddin Haqqani (រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ក្នុងរដ្ឋាភិបាលតាលីបង់បច្ចុប្បន្ន) បានចូលរួមវាយប្រហារភេរវកម្មនានា នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប្រឆាំងនឹងកងកម្លាំងអាហ្វហ្គានីស្ថាន និងសម្ពន្ធមិត្តលោកខាងលិច ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ក្រុមនេះត្រូវបានសហរដ្ឋអាមេរិក ចាត់ទុកជាអង្គការភេរវករ៕ រក្សាសិទ្ធិដោយ ៖ សារាយ SN

spot_img
×