កណ្តាល ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ឱ្យដឹងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ថា សកម្មភាពប្រទូសរ៉ាយបាញ់កាំភ្លើងផ្សែង និងបាញ់ទឹក ពីសំណាក់សមត្ថកិច្ច, រីឯប្រជាពលរដ្ឋបានប្រើដុំថ្ម និងដបសាំង ត្រូវបានសមត្ថកិច្ចតាមប្រមាញ់ឃាត់ខ្លួន ៣០នាក់ បញ្ជូនទៅតុលាការ, ហើយត្រូវបានតុលាការ ចេញដីកាសម្រេចឃុំខ្លួន ៩នាក់ និងដោះលែង ២១នាក់ ឲ្យស្ថិតនៅក្រៅឃុំ។

សូមបញ្ជាក់ថា សកម្មភាពប្រទូសរ៉ាយដែលមើលទៅដូចកុបកម្ម រវាងសមត្ថកិច្ចនៃខេត្តកណ្ដាល និងប្រជាពលរដ្ឋដែលការពារភូមិឋាន ដីធ្លីស្រែចំការ ដែលរងការដាក់សម្ពាធពីក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងកម្លាំងអាជ្ញាធរ នៅលើទីតាំងភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលនោះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ថ្មីៗនេះ ខណ:ពលរដ្ឋប្រមាណជាង១០០នាក់ ពីដំបូងឡើយ បានសុំអនុញ្ញាតពីសមត្ថកិច្ចដែលដាក់រនាំងបាំងផ្លូវ សុំចូលទៅកាន់ដីធ្លីស្រែចម្ការរបស់ពួកគាត់ដើម្បីបង្កបង្កើនផល និងធ្វើអាស្រ័យផល, ប៉ុន្តែត្រូវបានសមត្ថកិច្ចហាមឃាត់យ៉ាងដាច់ខាត ក៏កើតទៅជាការធ្វើបាតុកម្ម ដុតកង់ឡាន គប់ដប់សាំង ប្រើដំបង និងគប់ដុំថ្ម ហើយបានក្លាយទៅជាការប្រទូសរ៉ាយគ្នាមួយប្រាវ ដោយសមត្ថកិច្ចប្រើកាំភ្លើងបាញ់ផ្សែង និងបាញ់ទឹក។
តាមប្រភពព័ត៌មានពីមន្ត្រីអាជ្ញាធរខេត្តកណ្ដាលឲ្យដឹងថា សកម្មភាពប្រទូស្តរ៉ាយគ្នាមួយប្រើនោះ បានបង្កឱ្យមន្ត្រីនគរបាលចំនួន ១៣នាក់ បានរងរបួស, ហើយក្រោយមក កម្លាំងនគរបាលខេត្តកណ្ដាល បានឃាត់ខ្លួនប្រជាពលរដ្ឋចំនួន ៣០នាក់ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បន្ទាប់មកបញ្ជូនទៅតុលាការ , ហើយតុលាការខេត្តកណ្ដាល ក៏បានចេញដីកាសម្រេចឃុំខ្លួនប្រជាពលរដ្ឋ ៩នាក់ ចំណែក ២១នាក់ទៀត ត្រូវបានដោះលែងឲ្យស្ថិតនៅក្រៅឃុំ។

សមត្ថកិច្ចបានអះអាងថា ការសម្រេចបំបែកក្រុមបាតុករដោយប្រើប្រាស់រថយន្តបាញ់ទឹក ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីការពារខ្លួន និងបំបែកក្រុមបាតុករតែប៉ុណ្ណោះ។
ទាក់ទងទៅនឹងតុលាការខេត្តកណ្ដាលវិញ លោក វ៉ាន់ សុបញ្ញា ចៅក្រមសាលាដំបូងខេត្តកណ្ដាល បានអះអាងថា ការសម្រេចចោទប្រកាន់ និងឃុំខ្លួនមនុស្សចំនួន ៩នាក់នេះ គឺក្រោយប្រើហិង្សាលើនគរបាលខេត្តកណ្ដាល ឱ្យរបួសស្នាមចំនួន ១៣រូប ក្នុងករណីតវ៉ាជម្លោះដីធ្លី នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ងាកមកមើល សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាល បានឱ្យដឹងថា រដ្ឋបាលខេត្តកណ្ដាល មានការសោកស្ដាយចំពោះទង្វើជ្រុលនិយម ររបស់ក្រុមមនុស្សដែលប្រព្រឹត្ដខុសច្បាប់ ហើយអំពើនេះ អាចនាំឱ្យប៉ះពាល់សណ្ដាប់ធ្នាប់ សន្តិសុខ និងបំផ្លិចបំផ្លាញផលប្រយោជន៍ដ៏ធំរបស់ជាតិ។
ទន្ទឹមគ្នានេះផងដែរ មហាជនរិះគន់ថា រដ្ឋបាលខេត្តកណ្ដាលថា ចេះមានការសោកស្ដាយចំពោះការតវ៉ារបស់ប្រជាពលរដ្ឋ ដោយចោទថា ជាទង្វើជ្រុលនិយម, ប៉ុន្តែចំពោះក្រុមហ៊ុន OCIC ឬក៏ក្រុមហ៊ុនបុត្រសម្ព័ន្ធ ACIC ដែលរ៉ាប់រងក្នុងការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅលើទឹកដីជម្លោះនេះ និងព្រមទាំងកម្លាំងប្រដាប់អាវុធរបស់អាជ្ញាធរខេត្តកណ្ដាលនេះផ្ទាល់តែម្ដង លើកគ្នាមកដណ្ដើមយកដីធ្លីលំនៅឋាន ស្រែចម្ការប្រជាពលរដ្ឋ មិនទាន់ទូទាត់ដោះស្រាយសំណង ហើយមានចេតនាកំណត់តម្លៃ ៨ដុល្លារ ក្នុងដីធ្លីមួយម៉ែត្រការ៉េ, ខណៈដីធ្លីនៅទីនោះ លើទីផ្សារ ១ម៉ែត្រការ៉េ ៧៥ ទៅ ៨០ដុល្លារ រកទិញសឹងតែមិនបានផង ត្រង់នេះ អាជ្ញាធរខេត្តកណ្ដាល មិនព្រមស្រែកថា សោកស្ដាយដល់អ្នកបំពានទាំងនោះផងទៅ ?៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN











