Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ជំនុំជម្រះ បណ្តឹងឧទ្ធរណ៍ បុរសចំណាស់ជប៉ុនម្នាក់ ដែលត្រូវបានតុលាការជាន់ទាប ដាក់ទោស ២៥ ឆ្នាំ ជាប់ពាក់ព័ន្ធការដឹកជញ្ជូនគ្រឿងញៀន ជិត២ គីឡូក្រាម ពីកម្ពុជា ទៅជប៉ុន !!!!

spot_img

ភ្នំពេញ ៖ តុលាការឧទ្ធរណ៍ភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២១ បានធ្វើការជំនុំជម្រះលើបណ្តឹងឧទ្ទរណ៍របស់ជនជាប់ចោទជនជាតិជប៉ុនម្នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើសដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ចំនួនជិត២គីឡូក្រាម ពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសជប៉ុន ដោយឆ្លងកាត់តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រព្រឹត្តកាលពីអំឡុងខែកុម្ភៈ ឆ្នាំ ២០២០។

សវនាការនេះ ដឹកនាំដោយលោកចៅក្រម ពៅ ភូស៊ុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ និងមានលោកព្រះរាជអាជ្ញារង តាន់ សេងណារ៉ុង ជាតំណាងមហាអយ្យការ។
លោកចៅក្រម ភូស៊ុន បានថ្លែងឲ្យដឹងក្នុងសវនាការថា ជនជាប់ចោទរូបនេះ មានឈ្មោះ Nonaka Shunichi ភេទប្រុស អាយុ ៧៣ ឆ្នាំ ជាអ្នកទេសចរ ជនជាតិជប៉ុន។

លោកចៅក្រម ភូស៊ុន បានបន្តថា ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២០ កាត់ទោសដាក់ពន្ធនាគារ កំណត់ ២៥ ឆ្នាំ ពីបទ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន តាមបញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
តែគាត់បានប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការខាងលើ មកកាន់សាលាឧទ្ធរណ៍ ដើម្បីសុំបន្ធូរបន្ថយទោស។

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅចំណុច ក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលដកហូតបានថ្នាំញៀន ចំនួន ០៧ កញ្ចប់ធំ ដែលលាក់ទុកក្នុងវ៉ាលិសរបស់គាត់ មានទម្ងន់សរុប ១៧០៥, ៨៥ (ជិត២គីឡូក្រាម)។

នាពេលសវនាការ, ជនជាប់ចោទ Nonaka Shunichi បានឆ្លើយសារភាព និង ទទួលស្គាល់កំហុស តែគាត់បានអះអាងថា ថ្នាំញៀនដែលដកហូតពីក្នុងវ៉ាលិសរបស់គាត់នោះ គឺមិនមែនជារបស់គាត់នោះទេ។
គាត់និយាយថា វាជារបស់បុរសស្បែកខ្មៅ ជនជាតិនេហ្សេរ៉ីយ៉ាម្នាក់ដែលគេចខ្លួន។ គាត់ស៊ីឈ្នួលបុរសស្បែកខ្មៅនោះ។

គាត់បានសំំណូមពរដល់តុលាការឧទ្ធរណ៍ មេត្តាជួយបន្ធូរបន្ថយទោសដល់គាត់ ដើម្បីបានឆាប់វិលត្រឡប់ទៅជួបជុំគ្រួសាររបស់គាត់វិញ។
សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍ភ្នំពេញ នឹងប្រកាសសាលដីកា ថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ ២០២១នេះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×