Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងបរិស្ថាន ប្រគល់ វិទ្យុទាក់ទងដល់មន្ត្រីឧទ្យានុរក្ស ក្នុងការងារគ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងអន្តរាគមន៍សម្រាប់ការទប់ស្កាត់បទល្មើស

spot_img

កំពតនិងកែប ៖ «បច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍សម្រាប់ទំនាក់ទំនងនានាបានដើរតួនាទីសំខាន់ ជាជំនួយដល់មន្ត្រីឧទ្យានុរក្ស ក្នុងការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថានទទួលបន្ទុកខេត្តកំពតនិងកែប នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះនៅអំឡុងពេលប្រគល់ជូនវិទ្យុទាក់ទងចំនួន ៤០គ្រឿងជូនមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពត ដែលកំពុងបំពេញភារកិច្ចការពារ និងអភិរក្សឧទ្យានជាតិព្រះមុនីវង្សបូកគោ។ ឯកឧត្តមបានថ្លែងថាវិទ្យុទាក់ទង និងឧបការណ៍ផ្សេងៗទៀតនឹងជួយសម្រួល ដល់មន្ត្រីឧទ្យានុរក្សក្នុងការទំនាក់ទំនងគ្នា ពេលចុះល្បាតក្នុងព្រៃនិងអាចទំនាក់ទំនងគ្នាលឿនដើម្បីស្នើសុំ អន្តរាគមន៍សម្រាប់ការទប់ស្កាត់បទល្មើសជាដើម។

គួរបញ្ជាក់ថា វិទ្យុទាក់ទង ៤០ គ្រឿងនេះត្រូវបានផ្តល់ជូនមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពត បន្ថែមលើសម្ភារមួយចំនួន ដែលបានប្រគល់កាលពីចុងខែសីហាកន្លងទៅ ដែលក្នុងនោះមានឧបករណ៍ដ្រូន និងសម្ភារផ្សេងទៀតដែលជាតម្រូវការចាំបាច់របស់មន្ត្រីឧទ្យានុរក្ស។ ឯកឧត្តមរដ្ឋលេខាធិការបានជំរុញ និងលើកទឹកចិត្តបន្ថែមទៀតដល់មន្ត្រីឧទ្យានុរក្ស បន្តសិក្សារៀនសូត្របន្ថែមទៀតនូវបច្ចេកវិទ្យាថ្មីៗដើម្បីធ្វើទំនើបកម្មខ្លួនឯង និងធ្វើបច្ចុប្បន្នភាពខ្លួនឯង ស្របតាមដំណើរការវិវឌ្ឍនៃបច្ចេកវិទ្យាព័ត៌មាន។

ឯកឧត្តមបានថ្លែងថា បច្ចុប្បន្ននេះ កម្ពុជាមានមន្ត្រីឧទ្យានុរក្សចំនួន ១២៦០ នាក់ ដែលបាននិងកំពុងការពារ និងអភិរក្សទៅលើផ្ទៃដីប្រមាណ ៧,៣ លានហិកតាស្មើប្រមាណ ៤១%នៃផ្ទៃដីប្រទេសកម្ពុជា ដែលក្នុងមន្ត្រីឧទ្យានុរក្ស ១ នាក់ ជាមធ្យមត្រូវការពារ និងអភិរក្សផ្ទៃដីជិត ៦ពាន់ហិកតា។ ដូច្នេះការប្រើប្រាស់បច្ចេកវិទ្យាទំនើប នឹងអាចឱ្យមន្ត្រីឧទ្យានុរក្សប្រតិបត្តិការ ការងារបានឆាប់រហ័ស និងកាន់តែមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ៖ «កិច្ចការនេះគឺជាកិច្ចការងារចាំបាច់បំផុតសម្រាប់យើងពីព្រោះថា ប្រសិនបើយើងមិនមានបច្ចេកវិទ្យាទំនើបស្រប ទៅនឹងការរីកចម្រើនបច្ចេកវិទ្យារបស់ពិភពលោកទេនោះ យើងប្រាកដជាមិនអាចដើរតាមទាន់ជនល្មើសនោះទេ ពីព្រោះជនល្មើសក៏បានប្រើប្រាស់បច្ចេកវិទ្យាផងដែរក្នុងការផ្តល់ព័ត៌មានទៅវិញទៅមកដើម្បីគេចចេញពី សំណាញ់ច្បាប់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះមន្ត្រីឧទ្យានុរក្សទាំងអស់ ដែលបានលះបង់កម្លាំង កាយ កម្លាំងចិត្ត តស៊ូជម្នះរាល់ឧបសគ្គទាំងឡាយ និងបំពេញការងារដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ដើម្បីបុព្វហេតុបរិស្ថាននិងធានធានធម្មជាតិ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×