ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកហីយ៉ាន់ដាយ ដឹកខ្សាច់មួយគ្រឿង មិនប្រយ័ត្នបានបួងចង្កូតបត់ស្តាំ ទៅកៀបរថយន្តBMWបម្រុងបើកវ៉ាស្តាំ បណ្តាលឲ្យកៀបជាប់ និងបង្គោលភ្លើងសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ចំណុចទល់មុខវត្តចាក់អង្រែក្រោម ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់ បានឃើញរថយន្តដឹកខ្សាច់ម៉ាកហីយ៉ាន់ដាយ មួយគ្រឿង ក្បាលពណ៌ទឹកប្រាក់ពាក់ផ្លាកលេខកំពង់ចាម 3A-4555 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ស្តុបមុខវត្តចាក់អង្រែក្រោម បានបត់ស្តាំបម្រុងនឹងឆ្លងទៅផ្លូវម្ខាងទៀត ស្របពេលដែលរថយន្តម៉ាក BMW មួយគ្រឿងពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2AG-8797 បើកបរដោយបុរសជនជាតិចិន ស្របទិសពីក្រោយបានវ៉ាស្តាំមិនផុត ក៏ត្រូវរថយន្តដឹកខ្សាច់បត់ទៅបុកទ្វារចំហៀងខាងស្តាំ បណ្តាលឲ្យកៀបជាប់នឹងបង្គោលភ្លើង និងរងការខូចខាតរថយន្តមួយចំហៀងខាងស្តាំ ស្ទើរទាំងស្រុង។ ចំណែកតៃកុងរថយន្តបង្ក បានរត់ចេញពីកន្លែងកើតហេតុ បាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌមានជ័យ បានចុះមកដល់រួចឲ្យភាគីទាំងពីរ ធ្វើការចរចាគ្នា ដោយភាគីរថយន្តម៉ាកBMWវ៉ាស្តាំ ខុសនៃច្បាប់ចរាចរណ៍ផ្លូវគោក ក៏ភាគីទាំងពីរព្រមស្មើគ្នាបញ្ចប់រឿង នៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត


