ភ្នំពេញ ៖ ក្នុងឱកាសផ្ដល់អំណោយស្បៀហអាហារជូនប្រជាពលរដ្ឋខ្វះខាត និងជួបការលំបាកដោយសារជំងឺកូវីដ-១៩ ចំនួន ៩៥គ្រួសារ នៅឃុំកំពង់គ្រែង និងឃុំម៉ាក់ប្រាំ ក្នុងស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១, លោកឧកញ៉ា ឆាយ សុធា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង រួមនឹងអ្នកឧកញ៉ា កូមីន អានណា បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្វែងរកសន្តិភាព ដើម្បីប្រជាជន និងសង្គមជាតិដ៏លំបាក ដោយយកជីវិតធ្វើជាដើមទុន ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ចេះរក្សាសន្តិភាព និងរស់ដោយសុខដុមរមនាក្រោមដំបូលសន្តិភាពរបស់សម្ដេចតេជោ ហ៊ុន សែន។

លោកឧកញ៉ា ឆាយ សុធា ក្នុងនាមទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច មិនដែលទុកឱ្យប្រជាពលរដ្ឋណាម្នាក់មានទុក្ខលំបាក ដោយគ្មានការជួយនោះឡើយ, ជាក់ស្ដែងដូចជា ការជួបទុក្ខលំបាកនៃការវាយប្រហារដោយជំងឺកាចសាហាវកូវីថ-១៩ នេះជាដើម គឺសម្ដេចបានគិតគូរយ៉ាងហ្មត់ចត់ និងខ្ពង់ខ្ពស់បំផុត ដោយប្រើយន្តការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវប្រកាន់ខ្ជាប់វិធានការការពារជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់ វិធានការ ៣ កាពារ និង ៣ កុំ ។
សូមបញ្ជាក់ថា អំណោយដែលផ្ដល់ជូនប្រជាពលរដ្ឋ ៩៥គ្រួសារ និងប្រជាការពារ ៧០នាក់ ទាំង ២ឃុំខាងលើ ក្នុង១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ២យួរ រួមទាំងថវិកា ២ម៉ឺនរៀល និងបានប្រគល់ ថវិកាដល់មន្ត្រីសុខាភិបាល ក្នុងម្នាក់ ២ម៉ឺនរៀល ផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN







