ភ្នំពេញ ៖ សាលាឧទ្ធរណ៍ភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២១ បានបើកសវនាការប្រកាសសាលដីកា លើបណ្ដឹងឧទ្ធរណ៍របស់បុរសវ័យកណ្តាលម្នាក់ ដែលជាអតីតមន្ត្រី ជាន់ខ្ពស់នៃ រណសិរ្សរំដោះជាតិខ្មែរ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោស ដាក់ពន្ធនាគារ កំណត់ ០៧ ឆ្នាំ ពីបទ “រួមគំនិតក្បត់” ប្រព្រឹត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ ២០១៩។

តុលាការឧទ្ធរណ៍ ភ្នំពេញ បានសម្រេចតម្កល់សាលក្រមរបស់តុលាការថ្នាក់ក្រោម រក្សាទុកជាបានការដដែល និង តម្កល់ទោសបុរសជនជាប់ចោទ ដាក់ពន្ធនាគារ កំណត់ ០៧ ឆ្នាំ តែបើកផ្លូវអោយប្តឹងសារទុក្ខទៅកាន់តុលាការកំពូល តាមនីតិវិធីច្បាប់។
លោកជំទាវ ទិត សុទី្ធបូរ៉ាល័ក្ខណ៍ ជាប្រធានចៅក្រមប្រឹក្សាជំនុំម្រះ នៃសាលាឧទ្ធរណ៍ភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ ឈ្មោះ ធុយ វី ហៅ ធុយ ឬទ្ធី ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មានមុខរបរមុនចាប់ខ្លួនជា មន្ត្រីជាន់ខ្ពស់នៃ ចលនារណសិរ្សរំដោះជាតិខ្មែរដែលមានមូលដ្ឋាន នៅប្រទេសឌិនណឺម៉ាក់ និង មានឋានៈជា រដ្ឋមន្ត្រីក្រសួងកសិកម្ម, ជាប្រធានរដ្ឋសភាជាតិ នៃ រដ្ឋាភិបាលនិរទេសខុសច្បាប់ ដែលដឹកនាំដោយឈ្មោះសំ សេរី ជានាយករដ្ឋមន្ត្រី (ខ្យល់) និង ជាអ្នកនាំពាក្យ នៃ ចលនារណសិរ្សរំដោះជាតិខ្មែរ។
លោកជំទាវចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ ធុយ វី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ០៧ ឆ្នាំ ពីបទ ” រួមគំនិតក្បត់ ” តាមបញ្ញត្តិមាត្រា ៤៥៣ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។
តុលាការ ក៏បានកាត់ទោសកំបាំងមុខ ឈ្មោះ សំ សេរី និង មនុស្ស ២ នាក់ទៀត ដែលជាមេដឹកនាំកំពូលរបស់ចលនារណសិរ្សរំដោះជាតិខ្មែរ ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ០៨ ឆ្នាំ និង ចេញដីកាឲ្យស្វែងរកចាប់ខ្លួនផងដែរ។

តែឈ្មោះ ធុយ វី ប្តឹងជំទាស់នឹងសាលក្រមខាងលើមកកាន់សាលាឧទ្ធរណ៍។ ជនជាប់ចោទ ធុយ វី ត្រូវបានឃាត់ខ្លួន តាមដីកាបញ្ជាឲ្យចូលខ្លួន របស់តំណាងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។
ធុយ វី បានប្តឹងសារទុក្ខប្រឆាំងនឹងសាលដីការបស់តុលាការឧទ្ធរណ៍ ទៅកាន់តុលាការកំពូល កាលពីម្សិលមិញ។
នាពេលសវនាការ កន្លងមក, ឈ្មោះធុយ វី បានសារភាពថា នៅពេលឃាត់ខ្លួនគាត់នោះ, ខ្លួនគឺជាមន្ត្រីជាន់ខ្ពស់ នៃ រដ្ឋាភិបាលនិរទេស និង រណសិរ្សរំដោះជាតិខ្មែរ។
ធុយ វី បាននិយាយខ្លួន ត្រូវបានលោក សម សេរី តែងតាំងជារដ្ឋមន្ត្រីក្រសួងកសិកម្ម, ជាប្រធានរដ្ខសភាចក្រភពអង្គរ និង ជាអ្នកនាំពាក្យ នៃ រដ្ឋាភិបាលនិរទេស ដែលដឹកនាំដោយលោកសំ សេរី ដែលមានមូលដ្ឋាននៅប្រទេសឌិនណឺម៉ាក់។

ឈ្មោះ ធុយ វី បានឆ្លើយថា រូបគេពិតជាបានចូលរួម ក្នុងសកម្មភាពរបស់ សម សេរី និងក្រុមអតីតCNRP ពិតប្រាកដមែន ក្នុងគោលបំណង ដើម្បី គៀរគរ និង ស្វែងរកសំឡេងគាំទ្រ ដើម្បីរៀបចំ បង្កើតគណបក្សនយោបាយ ស្របច្បាប់របស់ចលនារបស់រណសិរ្សរំដោះជាតិខ្មែរ នៅក្រសួងមហាផ្ទៃ ដើម្បីត្រៀមចូលរួមការបោះឆ្នោតជាតិ នៅក្នុង ឆ្នាំ ២០២៣។
ធុយ វី ក៏បានទទួលស្គាល់ផងដែរ អំពីសេចក្តីថ្លែងការណ៍របស់របស់ខ្លួន នៅពេលនោះ ដែលបានអំពាវនាវឲ្យមហាជន ចូលរួមក្នុងមហាចលនាមួយ និង នាំគ្នាទៅទទួលស្វគមន៍លោកសម រង្សី នៅថ្ងៃទី ៩ ខែ វិច្ឆិកាឆ្នាំ ២០១៩។
ក៏ប៉ុន្តែ ធុយ វី បានអះអាងថា ការថ្លែងការណ៍របស់លោកខាងលើនោះ គឺ ជាសារនយោបាយតែប៉ុណ្ណោះ និងមិនមានចេតនា ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ឬ ប្រឆាំងនឹងសម្តេចតេជោហ៊ុនសែននោះឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា