វិមានរដ្ឋាភិបាលថៃ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ វិមានរដ្ឋាភិបាលថៃ, ឯកឧត្តម Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បានបង្ហាញបំណងចង់បង្កើតក្រុមការងារខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលករខ្មែរដែលកំពុងធ្វើការងារនៅក្នុងប្រទេសថៃ។

ខណ: ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា បានពិភាក្សាគ្នា លើបញ្ហាសុវត្ថិភាពពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ សិក្សា ធ្វើការ ក្នុងប្រទេសថៃនោះ និងធ្វើយ៉ាងណាឱ្យគេចផុតពីការឆ្លងរាតត្បាតនៃកូវីដ-១៩, លោក ក៏បានស្នើឱ្យរដ្ឋាភិបាល ជួយចាក់វ៉ាក់សាំងជូនពលករចំណាកស្រុក និងនិស្សិតកម្ពុជា កំពុងរស់នៅប្រទេសថៃឲ្យបានគ្រប់ៗគ្នា។
ជាការឆ្លើយតបឯកឧត្តម Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បានបញ្ជាក់ថា រដ្ឋាភិបាលថៃ បានយកចិត្តទុកដាក់ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ ជូនគ្រប់ជាតិសាសន៍ដែលរស់នៅ និងធ្វើការក្នុងប្រទេសថៃ ដូចជា ពលរដ្ឋខ្មែរជាដើម។ ពាក់ព័ន្ធការចាក់វ៉ាក់សាំងជូនពលករខ្មែរនេះ លោករដ្ឋមន្ត្រីសុខាភិបាល ចង់ឱ្យបង្កើតក្រុមការងាររវាងខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដើម្បីចាក់វ៉ាក់សាំងជូនពលករខ្មែរឲ្យបានលឿន និងមិនលំបាកក្នុងការធ្វើដំណើរចូលមកក្នុងប្រទេសកម្ពុជាវិញ។

បើតាមសម្រង់របាយការណ៍ពីអាជ្ញាធរថៃ បាទបង្ហាញថា បច្ចុប្បន្នពលករខ្មែរ ដែលរស់នៅក្នុងប្រទេសថៃ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រមាណ ៥២,០០០នាក់ហើយ។
ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា បានរំលឹកពីទំនាក់ទំនងល្អរវាងរដ្ឋាភិបាលកម្ពុជា-ថៃ និងការជឿជាក់លើវិស័យសុខាភិបាលថៃពីសំណាក់ប្រជាជនកម្ពុជា ដែលនៅតែបន្តទៅព្យាបាលជំងឺនៅប្រទេសថៃ ទោះបីជាក្នុងអំឡុងពេលកូវីដ-១៩ កំពុងរាតត្បាតក៏ដោយ។ ដោយឡែកក្នុងបរិបទកូវីដ-១៩ សម្រាប់ប្រទេសកម្ពុជាវិញ គឺកម្ពុជាទទួលជោគជ័យដ៏ធំធេង លើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាជោគជ័យលើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ ដោយពេលនេះ សម្រេចបានជាង ១១លាននាក់ គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN




