Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងស្ថាបនាហេដ្ឋារចនាផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប សម្រេចបានលើសពី ៧៥%ហើយ និងកំពុងពិនិត្យគុណភាព

សៀមរាប ៖ បើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១, ហើយត្រូវបានមជ្ឈមណ្ឌលព័ត៌មាន CEN ទទួលបាននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា លទ្ធផលដែលអនុវត្តបាន លើគម្រោងស្ថាបនាហេដ្ឋារចនាផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប នៃខេត្តសៀមរាប ដែលមានប្រវែងជាង ១០៦គីឡូម៉ែត្រ ប្រើប្រាស់ថវិការាជរដ្ឋាភិបាល ចំនួនជិត ១៥០លានដុល្លារអាមេរិក សម្រេចបានលើសពី ៧៥%ហើយ។

របាយការណ៍បញ្ជាក់ថា ក្នុងការសម្រេចបានជាង ៧៥%នោះ រួមមាន ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង ៣៨ខ្សែ បានជិត ៧៦% , ការសាងសង់ប្រព័ន្ធលូទឹកកខ្វក់ និង លូទឹកភ្លៀង មានប្រវែងសរុបជាង ៣៤គីឡូម៉ែត្រ ស្មើជាង ៩៨% , និងការងារដំឡើងបរិក្ខារផ្លូវថ្នល់បានជាង ៧៥%។

ពេលនេះ ក្រុមការងារត្រួតពិនិត្យបច្ចេកទេសអន្តរក្រសួង កំពុងចុះត្រួតពិនិត្យលើគុណភាព គំរូសំណាកសម្ភារៈសំណង់ ដែលយកមកប្រើប្រាស់នៅការដ្ឋាន ព្រមទាំងការសាងសង់ប្រព័ន្ធលូបង្ហូរ និងការតភ្ជាប់លូទឹកកខ្វក់ពីផ្ទះប្រជាពលរដ្ឋ។

ក្រុមការងារអន្តរក្រសួង បានពិនិត្យកម្រិតកម្ពស់តួថ្នល់ គ្រប់ស្រទាប់គ្រឹះផ្លូវ រកភាពហាប់ និងសម្រុត របស់ស្រទាប់គ្រឹះថ្នល់ ព្រមទាំងគំរូសំណាកបេតុង ការងារផ្លូវ ស្ពាន លូ និងពិនិត្យការរៀបចំផ្លូវប្រសព្វ ផ្លូវខ្នែង។ បន្ថែមពីនេះ ក៏ពិនិត្យរៀបចំខឿនចិញ្ចើមផ្លូវ និងគម្រោងផ្លូវថ្មើរជើង។

ជាក់ស្តែងក្រុមការងារ ពេលនេះ បានយកចិត្តទុកដាក់ខ្ពស់លើការពិនិត្យ ធ្វើ Mix Design សម្រាប់បេតុងកៅស៊ូ AC ។ ពិនិត្យគុណភាពល្បាយកៅស៊ូបេទីម រួមទាំងស្ថានភាពនៃតួផ្លូវ មុនពេលធ្វើការចាក់អ៊ុតកៅស៊ូ ដើមី្បធានាឲ្យបានគុណភាព ដែលតម្រូវឲ្យមានការគោរព តាមបទដ្ឋានបច្ចេកទេសស្តង់ដារ ក្នុងការសាងសង់ ចៀសវាងការសាងសង់រួចត្រូវគាស់កកាយជួសជុលឡើងវិញ ដែលនាំឲ្យខាតបង់ថវិកាជាតិ និងពេលវេលា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×