Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ៖ បុគ្គលឈ្មោះ ចាន់ វិទូ មិនមែនជាជំនួយការសម្តេចក្រឡាហោម ស ខេង ទៀតទេ

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានបបញ្ជាក់ថា លោក ចាន់ វិទូ មន្ត្រីនគរបាល និងជាមេឈ្មួញរកស៊ីរណ្តៅដី និងការដ្ឋានខ្សាច់ គឺមិនមែនជាជំនួយការសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទៀតទេ។

លោក ចាន់ វិទូ អាចប្រឈមមុខច្បាប់ពាក់ព័ន្ធករណីយកគ្រឿងចក្រមកជីកផ្តាច់ផ្លូវប្រជាពលរដ្ឋដែលមានទំហំទទឹង៧ម៉ែត្រ និងបណ្តោយ២៣៩ម៉ែត្រ ក្នុងប្រវែងជាង៤២២ម៉ែត្រ ភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដើម្បីយកអាចម៌ដីលក់ ដោយសំអាងថា ប្រជាពលរដ្ឋធ្វើផ្លូវលើដីរបស់ខ្លួន។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ នាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា លោក ចាន់ វិទូ លែងជាជំនួយការសម្តេចក្រឡាហោម ស ខេង ទៀតហើយ និងសូមឲ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់បើសិនជាលោក ចាន់ វិទូ បានប្រព្រឹត្តខុស។

ការបញ្ជាក់របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ បានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋប្រមាណជាង ១០០គ្រួសារ មកពីភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល បាននាំគ្នាតវ៉ាមុខសាលាខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីសុំអន្តរាគមន៍ពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដើម្បីជួយដោះស្រាយពាក់ព័ន្ធទៅនឹងករណីមន្ត្រីនគរបាលឈ្មោះ ចាន់ វិទូ ដែលមានតួនាទីជាជំនួយការសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានយកគ្រឿងចក្រមកកាយ និងឈូសឆាយផ្ដាច់ផ្លូវសាធារណៈមួយកន្លែង ស្ថិតនៅចំណុចផ្លូវកំពង់រទេះ ក្នុងភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា “កាតដែលប្រើហួសសុភាពភាព គាត់ជាជំនួយកាលតាំងទពីអាណត្តិមុន អាណត្តិនេះអត់មានទៀតទេ ទោះជាជំនួយការឲ្យតែប្រព្រឹត្តខុស ហើយត្រូវតែទទួលទោសសុំឲ្យសមត្ថកិច្ចចាត់ចែងតាមច្បាប់ចុះ”
ការតវ៉ារបស់ប្រជាពលរដ្ឋនៅមុខសាលាខេត្តកណ្តាល គឺមានលើកបដារកាន់រូបសម្តេចតតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយអន្តរាគមន៍ដល់ពួកគាត់។

បន្ទាប់ពីមានការប្រមូលផ្តុំតវ៉ាមុខសាលាខេត្តកណ្តាល អភិបាលខេត្តកណ្តាល បានអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលជួបពិភាក្សា ដើម្បីស្តាប់អំពីដំណើររឿង។

បន្ទាប់ពីស្តាប់ការលើកឡើងរបស់ប្រជាពលរដ្ឋ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានប្រគល់ភារកិច្ចជូនរដ្ឋបាលស្រុកកៀនស្វាយ ត្រូវជូនដំណឹងដល់អ្នកដែលបានប្រព្រឹត្តនោះ ទុកពេលឲ្យជួយជុលធ្វើផ្លូវដែលបានកាយនោះឡើងវិញក្នុងរយៈពេល ១០ថ្ងៃ។ ក្នុងករណីមិនអនុវត្តតាមនោះរដ្ឋបាលខេត្ត នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

ប្រជាពលរដ្ឋជាង ១០០ គ្រួសារ បានសំដែងនូវការអបអរសាទរ និងថ្លៃអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដែលបានយកចិត្តទុកដាក់ និងគិតគូរជួយដោះស្រាយជូនពួកគាត់ ដែលនេះសបញ្ជាក់ឲ្យឃើញថា អាជ្ញាធរខេត្តកណ្ដាល គឺជាអ្នកបម្រើប្រជាពលរដ្ឋ និងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ចំណែកលោក សុខ ពិសិដ្ឋ អភិបាលរងស្រុកកៀនស្វាយ បានឲ្យដឹងថា រដ្ឋបាលស្រុក បានចាត់ក្រុមការងារស្រុក ចុះពិនិត្យ អង្កេត ឃើញថា ផ្លូវ១ខ្សែដែលប្រជាពលរដ្ឋបានស្នើសុំជួយអន្តរាគមន៍ គឺពិតជាផ្លូវសាធារណៈដែលប្រជាពលរដ្ឋ បានប្រើប្រាស់តាំងពីបូរាណមក។ ហើយរដ្ឋបាលស្រុកធ្លាប់បានកោះហៅអ្នកដែលបានប្រព្រឹត្តនោះ មកដោះស្រាយ ០២ លើកមកហើយ ប៉ុន្តែគាត់ពុំដែលបានមកចូលរួមដោះស្រាយនោះទេ។

ប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មោះ ចាន់ វិទូ ជាមន្ត្រីនគរបាល និងជាឈ្មួញរកស៊ីរណ្តោះដី បានយកឈ្មោះឯកឧត្តម យឹម លៀង មកប្រើគំរាមកំហែង ជីកផ្តាច់ផ្លូវសាធារណៈរបស់រដ្ឋ ដើម្បីជាប្រយោជន៍របស់ខ្លួន។

លោក កូវ ផាន់នី ប្រជាពលរដ្ឋដែលមកចូលរូមតវ៉ាបានប្រាប់ថា លោក ចាន់ វិទូ ថៅកែរណ្តៅដី និងការដ្ឋានខ្សាច់ បានយកគ្រឿងចក្រមកជីកផ្តាច់ផ្លូវពលរដ្ឋដែលមានទំហំទទឹង៧ម៉ែត្រ និងបណ្តោយ២៣៩ម៉ែត្រ ក្នុងប្រវែងជាង៤២២ម៉ែត្រយកអាចម៌ដីលក់ ដោយសំអាងថា ពលរដ្ឋធ្វើផ្លូវលើដីរបស់ខ្លួន។

លោក កូវ ផាន់នី បានបញ្ជាក់ថា “ខ្ញុំឮសូរថាឈ្មោះ ចាន់ វិទូ យកឈ្មោះអ្នកធំមកអាង ឯកឧត្តមយឹម លាង ប៉ុន្តែខ្ញុំជឿថា ប្រហែលជាគាត់ប្រឌិតពាក្យសំដីខ្លួនគាត់ទេមើលទេ ពីព្រោះលោកធំទាំងនោះគាត់យកតួនាទីគាត់បម្រើរាស្ត្រ មិនមែនមកជាន់រាស្ត្រដូចជាពាក្យសំដីគាត់និយាយទេ ខ្ញុំជឿថា ពាក្យនេះ គាត់យកមកគំរាមកំហែងប្រជាពលរដ្ឋទេ។ ឈ្មោះ ចាន់ វិទូ ជាមន្ត្រីប៉ូលិសក្រសួងមហាផ្ទៃ ហើយគាត់យកតួនាទីនេះមិនមែនបម្រើរាស្ត្រទេ មកធ្វើបាបរាស្ត្រ។ ពួកខ្ញុំឮសូរតែឈ្មោះអ្នកធំមានលុយមានអំណាច ពួកខ្ញុំមានការភ័យខ្លាំងបំផុតបានរត់មករកលោកអភិបាលខេត្ត”។

តាមតំណាងពលរដ្ឋរូបនេះបានប្រាប់ថា ផ្លូវដែលលោក ចាន់ វិទូ ជីកផ្តាច់ និងកាយយកអាចម៌ដីលក់នោះជាផ្លូវចាស់ ដែលពលរដ្ឋមានដីនៅអមសងខាងផ្លូវ បានបរិច្ចាកដីរបស់ខ្លួន ដើម្បីពង្រីកផ្លូវទំហំទទឹង ៧ម៉ែត្រ និងបណ្តោយ៦៥០ម៉ែត្រ បានធ្វើតំណើរស្រួល ខ្ពស់ផុតទឹក ទៅរកត្រី បេះបន្លែ សម្រាប់អាស្រ័យផល និងការចូលទៅទីគោរពបូជាលោកតាម្ចាស់ស្រុកជាដើម។

លោក កូវ ផាន់នី ថា ក្រោយឈ្មោះ ចាន់ វិទូ កាយផ្លូវផ្តាច់ហើយ មិនអនុញ្ញត្តឱ្យពលរដ្ឋធ្វើតំណើរចេញចូលឡើយ ទើបពួកគាត់ជាប្រជាពលរដ្ឋ កើតទុក្ខមិនសុខចិត្ត លើកគ្នាតវ៉ាជាបន្តបន្ទាប់នៅទីតាំងដីជាក់ស្តែង នៅសាលាឃុំ សាលាស្រុកកៀនស្វាយ និងនៅថ្ងៃនេះមានការតវ៉ាមុខសាលាខេត្តកណ្តាល ដើម្បីស្នើសុំអភិបាលខេត្ត លោកជួយពលរដ្ឋ បានផ្លូវរួមភូមិបុរាណមួយនេះ យកមកប្រើប្រាស់ជាប្រយោជន៍រួមវិញ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×